ផលិតកម្ម LD បានប្រកាសស្វែងរកតួសម្ដែងចូលរួមគម្រោងដ៏ធំមួយក្នុងការផលិតខ្សែភាពយន្តប្រវត្តិសាស្ត្រដែលមានចំណងជើងថា “សោកនាដកម្មភ្នំខ្មោច” គម្រោងនេះនឹងចំណាយនូវដើមទុនយ៉ាងសន្ធឹកសន្ធាប់ ដើម្បីរំលឹកឡើងវិញនូវព្រឹត្តិការណ៍ដ៏ឈឺចាប់មួយរបស់ជនជាតិខ្មែរនៅតាមបណ្តោយព្រំដែនថៃ ក្នុងអំឡុងឆ្នាំ១៩៧៩។

លោក លៀក លីដា ដែលជាផលិតករ និងជាម្ចាស់ផលិតកម្មផ្ទាល់ បានលើកឡើងអំពីគោលបំណងស្នូលនៃការផលិតខ្សែភាពយន្តនេះ គឺដើម្បីឆ្លុះបញ្ចាំងពីសោកនាដកម្មដ៏ជូរចត់ នៃដំណើរស្វែងរកសិទ្ធិរស់រានសារជាថ្មីរបស់ប្រជាជនខ្មែររាប់ម៉ឺននាក់ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ។ លោកត្រូវការតួសម្ដែងដែលមានលក្ខណៈសម្បត្តិរាងកាយស្គមៗជាច្រើននាក់មកចូលរួមដើម្បីផលិតរឿងពិតមួយនេះ សម្រាប់មនុស្សជាតិទូទាំងពិភពលោកបានដឹង។
សោកនាដកម្ម “ភ្នំខ្មោច” គឺជាសុបិន្តដ៏អាក្រក់មួយ ដែលបានកើតឡើងនៅជុំវិញខែមិថុនា ឆ្នាំ១៩៧៩ បន្ទាប់ពីប្រជាជនខ្មែររាប់ម៉ឺននាក់បានភៀសខ្លួនទៅកាន់ជាយដែនប្រទេសថៃ ដោយមានក្តីសង្ឃឹមថានឹងទទួលបានជំនួយមនុស្សធម៌អន្តរជាតិ។ ប៉ុន្តែផ្ទុយទៅវិញ អាជ្ញាធរថៃបានបង្ខំឱ្យជនភៀសខ្លួនទាំងនោះត្រឡប់ចូលក្នុងប្រទេសកម្ពុជាវិញ។ ពួកគេត្រូវបានដឹកមកទម្លាក់ចោលនៅតំបន់គ្រោះថ្នាក់ តាមជួរភ្នំដងរែក ដែលជាទីតាំងពោរពេញដោយគ្រោះថ្នាក់និងអសន្តិសុខ ដែលបណ្តាលឱ្យប្រជាជនខ្មែរជាច្រើនបាត់បង់ជីវិត។
ដើម្បីធានាថា រឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនិងត្រឹមត្រូវ លោក លៀក លីដា បានអំពាវនាវដល់ការចូលរួមសហការពីសំណាក់ បុគ្គលល្បីៗ និងអ្នកនៅក្នុងប្រទេស ដើម្បីជួយផ្សព្វផ្សាយអំពីខ្សែភាពយន្តនេះ។ ការចូលរួមនេះមានគោលដៅរំលេចនូវតម្លៃរបស់ភាពយន្ត ក្នុងការអប់រំ និងរំលឹកដល់អនុស្សាវរីយ៍ប្រវត្តិសាស្ត្រដែលមិនត្រូវបាត់បង់ទៅតាមពេលវេលា។
ផលិតកម្ម LD សង្ឃឹមថា ខ្សែភាពយន្ត “សោកនាដកម្មភ្នំខ្មោច” នឹងក្លាយជាស្នាដៃដ៏មានឥទ្ធិពលមួយ ដែលមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ថែមទាំងជាសក្ខីភាពប្រវត្តិសាស្ត្រដ៏រស់រវើកសម្រាប់មនុស្សជំនាន់ក្រោយផងដែរ៕

