ម៉ានីល៖ សេវាសង្គ្រោះបន្ទាន់ បាននិយាយកាលពីថ្ងៃអាទិត្យ សប្ដាហ៍នេះថា មនុស្ស៥នាក់ រួមទាំងកុមារអាយុ៤ឆ្នាំម្នាក់ ត្រូវបានសម្លាប់នៅក្នុងការផ្ទុះដ៏ធំមួយនៅឯឃ្លាំងផលិតផាវ និងកាំជ្រួច នៅភាគខាងត្បូងប្រទេសហ្វីលីពីន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤។

អ្នកស៊ើបអង្កេតករណីគ្រោះអគ្គិភ័យ លោក Luigi Chan បានប្រាប់ AFP ថា ការបំផ្ទុះនៅរសៀលថ្ងៃសៅរ៍ នៅឯទីតាំងផលិតផាវ និងកាំជ្រួច មួយកន្លែង ទីក្រុង Zamboanga បានឆាបឆេះជាអណ្ដាតភ្លើងយ៉ាងខ្លាំង ដោយបញ្ចេញផ្សែងផេះ ចូលទៅក្នុងអគារ និងផ្ទះសម្បែងនៅក្បែរនោះ។

ការិយាល័យគ្រោះមហន្តរាយទីក្រុង បានបញ្ជាក់ពីចំនួនអ្នកស្លាប់ ចំនួន៥នាក់ ដោយក្នុងនោះមានកុមារអាយុ ៤ឆ្នាំម្នាក់ ដែលជាកូនរបស់កម្មករបម្រើការងារក្នុងឃ្លាំងខាងលើ ហើយបានបន្ថែមថា មនុស្ស ៣៨នាក់ផ្សេងទៀតបានរងរបួសក្នុងឧបទ្ទវហេតុនេះ ដោយក្នុងនោះមានមនុស្ស ៨នាក់របួសធ្ងន់។

ទាក់ទិននឹងបញ្ហានេះ អាជ្ញាធរបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតរកមូលហេតុនៃការផ្ទុះដែលផុងខុងដីទំហំ ២០ម៉ែត្រ ដ៏សាហាវមួយនេះ៕

ប្រភព៖ CNA

Share.