ស្វាយរៀង ៖ ជនសង្ស័យជនជាតិវៀតណាមចំនួន៤នាក់ ស្រី១នាក់ និងជនជាតិខ្មែរ១នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបចាប់ខ្លួនបាន រួមជាមួយវត្ថុតាង ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ហើយនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ត្រូវបានសមត្ថកិច្ចបង្ហាញមុខជនសង្ស័យមុននឹងបញ្ជូនខ្លួនទៅតុលាកា។

ជនសង្ស័យទាំង៥នាក់ ត្រួវបានសមត្ថកិច្ចបង្ក្រាបចាប់ឃាត់ខ្លួនបានកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចផ្ទះជួលក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ជនសង្ស័យជនជាតិវៀតណាមចំនួន០៥នាក់ស្រី០១នាក់ ៖ ទី១ ឈ្មោះ ដូ ទៀនទុង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ទី២ ឈ្មោះ ឡុង ធឹងលឹម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។ ទី៣ ឈ្មោះ ង្វៀង ម៉ាន់ទៀន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។ ទី៤ ឈ្មោះ វ៉ាង ញីវិន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ទីតាំងបន្ទប់ជួល រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។ ទី៥ ឈ្មោះ ដង ធីភឿង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចដកហូតបាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់១៣៥៦,៥១ក្រាម , ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់២៥៤,៥៩ក្រាម , ថ្នាំញៀនប្រភេទអុិចស្តាសុី ទម្ងន់២២,៦២ ក្រាម សរុបសារធាតុញៀនទម្ងន់ ១៧៦១,៧១ ក្រាម , សារធាតុមិនច្បាស់ទម្ងន់ ២២៦៧,៤៩មក្រាម , ម៉្សៅកញ្ចប់ម៉ាក Extrajossចំនួន០៨ ប្រអប់ , ទឹកថ្នាំម៉ាក Lyyfeeling ១០ដប , ទឹកថ្នាំដបពណ៌ទឹកដោះគោ ៦ដប , ម៉្សៅម៉ត់ពណ៌សម៉ាក Clearamaទម្ងន់ ២៥គីឡូក្រាម , ទឹកអាល់កុល ២៥លីត្រ , ជញ្ជីងថ្លឺងថ្នាំញៀន៣គ្រឿង ,
ម៉ាសុីនអ៊ុតមាត់ថង់ ៤គ្រឿង , ម៉ាសុីនក្រឡុក៣ គ្រឿង ,ម៉្សៅល្មៀត១ដប , ទូរសព្ទ័ដៃ៨គ្រឿង ,
រថយន្ត១គ្រឿង , ម៉ូតូ១គ្រឿង , លិខិតឆ្លងដែន៣ក្បាល ,កាតធនាគារចំនួន៣ និងឧបករណ៍ សម្ភារៈមួយចំនួនទៀត ។

ជនសង្ស័យទាំង៥រួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.