ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ចំណែកម្នាក់ទៀតត្រូវជាក្មួយរងរបួសធ្ងន់ បាក់ជើងស្តាំ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកូរ៉េបើកបុកម៉ូតូហុងដាគុបជ្រុងជិះឆ្លងផ្លូវ កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង២នាក់ ៖ ឈ្មោះ ម៉ូវ ម៉េង ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ មានស្រុកកំណើតនៅភូមិបារាយណ៍ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវជាក្មួយ មានឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ រងរបួសបាក់ជើងស្តាំ ទើបតែមកលេងផ្ទះពូ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពត 3A-0146 បើកពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ជ្រុលបុកម៉ូតូហុងដាគុបជ្រុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ តាកែវ 1F-2952 ជិះដោយជនរងគ្រោះ២នាក់ពូក្មួយ កំពុងឆ្លងផ្លូវពីកើតទៅលិច ក្នុងបំណងចូលផ្ទះ បណ្តាលឱ្យស្លាប់ពូ ជាអ្នកបើក ចំណែកក្មួយ រងរបួសបាក់ជើងស្តាំ ។

ក្រោយកើតហេតុជនរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់អហ្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកសាកសពម្នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ឯស្រុកកំណើត ។ រីឯរថយន្តនិងម៉ូតូ ត្រូវបានប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងយកទៅរក្សាទុក កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ ត្រយងតូច

Share.