ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូស្កុបពីក្នុងល្បឿនលឿនរេចង្កូតទៅឆ្វេងដៃកៀខឿនសួនពុះចែកទ្រូងផ្លូវប៉ះបង្គោលភ្លើងដួលបោកទៅនិងផ្លូវបណ្ដាលឱ្យបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង៧ និង១០នាទីយប់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៤ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ភូមិប្រការសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញ។

ជនរងគ្រោះមិនទាន់បានស្គាល់អត្តសញ្ញាណនោះទេ មានអាយុប្រហែល៣០ជាង មាឌធំ ស្លៀកខោកាមែលជើងខ្លីពណ៌ខ្លាញ់ក្ដាម ពាក់អាវយឺតដៃវែងពណ៌ខ្មៅលាយក្រហម។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកស្កុបពីពណ៌សពាក់ស្លាកលេខភ្នំពេញ1CY-6909 ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបំណោយផ្លូវ៥០ម៉ែត្រទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរ៉េចង្កូតមកឆ្វេងដៃកៀរខឿនសួនច្បារពុះចែកទ្រូងផ្លូវប៉ះនឹងបង្គោលភ្លើងដួលបោកទៅនឹងផ្លូវបណ្ដាលអោយបោកក្បាលស្លាប់មួយរំពេចនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុនគរបាលដ្ឋាបាលប៉ុស្តិ៍ព្រៃស បានមកដល់កន្លែងកើតហេតុជួយសម្រួលចរាចរណ៍សហការជាមួយជំនាញចរាចរណ៍ខណ្ឌដង្កោធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកចំណែកសពធ្វើកំណត់ហេតុដឹកយកទៅតម្កល់ទុក្ខវត្តរង់ចាំធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សេង សាវី

Share.