ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់កំពុងធ្វើដំណើរតាមផ្លូវ បានសម្រេច ព្យាយាមគេចខ្លួន ត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ប្រដេញតាមចាប់ឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង៨និង២៥នាទីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវទ្រុងមាន់ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាំទៅសាកសួរ កសាងសំណុំរឿងរួចរាល់ នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះបញ្ជូនខ្លួនទៅកាន់តុលាកា ចាត់ការបន្តតាមនីតិវិធី ។

ជនសង្ស័យទាំង៣នាក់ ទី១ ឈ្មោះ រិទ្ធី វីរៈភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ជាអ្នកបើកម៉ូតូ ។ ទី២ ឈ្មោះ វី ឌីម៉ង់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរដឹកអីវ៉ាន់ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ជាអ្នកឆក់ ។ ទី៣ ឈ្មោះ ឡុង វណ្ណឌី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរដឹកអីវ៉ាន់ ស្នាក់នៅផ្ទះជួល ផ្លូវលេខ២០០២ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ជាអ្នកបិទគូទ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់ កំពុងជិះម៉ូតូតាមផ្លូវ បានសម្រេចហើយ ព្យាយាមជិះគេចខ្លួន ត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ប្រដេញតាមចាប់ខ្លួនបាន ដកហូតបានម៉ូតូ២គ្រឿង ម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1KI-9475 ,
ម៉ូតូម៉ាកនិច ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 1KR-7511 , ទូរស័ព្ទដៃម៉ាក I phone x ពណ៌ស របស់នារីរងគ្រោះ ។

ក្រោយចាប់ខ្លួនបាន សមត្ថកិច្ចនាំទៅសាកសួរនៅនាយកដ្ឋាន ដើម្បីកសាងសំណុំរឿង រីឯទូរស័ព្ទបានប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញ ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំទៅតុលាកាក្រុងភ្នំពេញ នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.