ភ្នំពេញ ៖ រថយន្តស្ទូចដឹកត្រីមួយគ្រឿង ខណជដែលកំពុងបើកបរឆ្លងកាត់លើស្ពាន ស្រាប់តែបែកផ្ទុះដាច់កង់ក្រោយខាងស្តាំ បណ្តាលឱ្យក្រឡាប់ ចាក់កេស ធ្លាក់ត្រីរាយប៉ាយ តាំងពីលើស្ពាន រហូតដល់ផ្លូវខាងក្រោយ មានអ្នកឆ្លៀតឱកាស រើសត្រីយកទៀត ត្រូវបានសមត្ថកិច្ច អាជ្ញាធរ ចុះទៅអន្តរាគមន៍ ការពារ សុវត្តិភាព ។

ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៧យប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅលើស្ពានអាកាសជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តជួបគ្រោះថ្នាក់ ប្រភេទស្ទូច ម៉ាកហុីយ៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-2812 ដឹកកេសត្រី ពេញទ្រុង ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តដឹកត្រីមកពីខេត្តតាកែវ ឆ្ពោះទៅដេប៉ូត្រីនៅឯខណ្ឌព្រែកព្នៅ ដោយធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ពីត្បូងទៅជើង លុះបើកឡើងស្ពានអាកាសជម្ពូវ័ន ដោយសារដឹកធ្ងន់ ស្រាប់តែបែកផ្ទុះដាច់កង់ខាងក្រោយ បណ្តាលឱ្យក្រឡាប់បោកគងទៅលើបង្កាន់ដៃស្ពានអាកាស ដាច់ធ្លាក់កេស ចាក់ត្រីចោលរាយប៉ាយ តាំងពីលើស្ពាន ធ្លាក់ដល់ផ្លូវខាងក្រោមស្ពាន សំណាងល្អមិនប៉ះដល់យានដទៃ ឬបង្កឱ្យអ្នកណារងរបួស ។

ស្របពេលដែលរថយន្តខាងលើជួបបញ្ហា ក៏មានអ្នកឆ្លៀតឱកាស ប្រញាយគ្នារើសយកត្រី ត្រូវបានកម្លាំងសមត្ថកិច្ច កម្លាំងអាជ្ញាធរ ចុះទៅអន្តរាគមន៍ សម្រួលចរាចរណ៍ ការពារ សុវត្តិភាព ជៀសវាងជនឆ្លៀតឱកាស ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើត្រូវបាន សមត្ថកិច្ចជំនាញខណ្ឌចុះទៅពិនិត្យ រាល់ផលប៉ះពាល់ និងឱ្យថៅកែត្រីយករថយន្តផ្សេងមកសាងត្រី ស្ទូចលើរថយន្តចេញពីលើស្ពាន ៕

អត្ថបទ៖តាតុងសែនជ័យ

Share.