សិល្បៈជាតិ៖ ជាការអបអរសាទរខួបលើកទី៧៣ ដែលព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ ( ៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៤ ) តស់យើងមករំលឹកថា តើកម្ពុជា​ បាន​ចុះ​បញ្ជី​នូវ​សម្បតិ្ត​បេតិកភណ្ឌ​​ពិភព​លោក​ក្នុង​អង្គការ​យូណេស្កូ​អ្វី​ខ្លះ​?

កម្ពុជា បានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបី ចំនួន ៤, សម្បតិ្តបេតិកភណ្ឌអរូបី ចំនួន ៦ និងបញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភព​លោក ចំនួន ៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយក្នុងនោះរួមមាន៖

.បេតិកភណ្ឌរូបីនៃមនុស្សជាតិ៖

តំបន់រមណីយដ្ឋាន​អង្គរ ចុះបញ្ជីនា​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​១៩៩២ នៅ​ទី​ក្រុង​សាន់​តាហ្វេ សហរដ្ឋអាមេរិក​

ប្រាសាទ​ព្រះវិហារ ចុះបញ្ជីនា​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ នៅ​ទី​ក្រុង​កេបិក ប្រទេស​កាណាដា

តំបន់ប្រាសាទ​សំបូរ​ព្រៃគុក​ ចុះ​បញ្ជីនាថ្ងៃ​ទី​៨ ខែ​កក្កដា​ ឆ្នាំ​២០១៧ នៅ​ទី​ក្រុង​ក្រាកូវ​ ប្រទេស​ប៉ូឡូញ​

រមណីយដ្ឋានប្រាសាទកោះកេរ ចុះបញ្ជីនាថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត

២. បេតិ​កភណ្ឌ​វប្បធម៌​អរូបីនៃ​មនុស្ស​ជាតិ៖​

របាំ​ព្រះ​រាជ​ទ្រព្យ​ ចុះបញ្ជីនា​ថ្ងៃ​ទី​៧ ខែវិច្ឆិកា​ ឆ្នាំ​២០០៣ នៅ​ទី​ក្រុង​អ៊ីស្ដន់ប៊ូល​ ប្រទេស​តួកគី

ល្ខោន​ស្រមោល​ស្បែក​ធំ​ ចុះបញ្ជីនា​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០០៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​

ល្បែង​ទាញ​ព្រ័ត្រ​ ចុះ​បញ្ជីនាថ្ងៃ​ទី​២​ ខែ​ធ្នូ ឆ្នាំ​២០១៥​ នៅ​ទី​ក្រុង​វិនឌុក​ ប្រទេស​ណាមីប៊ី​

ចាប៉ី​ដង​វែង​ ចុះបញ្ជីនា​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា ឆ្នាំ២០១៦ នៅ​ទី​ក្រុង​អេតឌីស​អាបាបា​ ប្រទេស​អេត្យូពី​

ល្ខោន​ខោលវត្តស្វាយអណ្តែត​ ចុះបញ្ជីនា​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​ នៅ​ទីក្រុង​ព័រល្វី នៃ​សាធារណរដ្ឋ​ម៉ូរីស​​

គុន​ល្បុក្កតោ​ ចុះបញ្ជីនា​ថ្ងៃ​​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នៅ​ទី​ក្រុង​រ៉ាបាត​ ព្រះ​រាជា​ណាចក្រម៉ារ៉ុក ។

៣. បញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភព​លោក៖​

បណ្ណាសារឧក្រិដ្ឋ​កម្ម​ ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​ ចុះបញ្ជីនា​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០០៩ នៅ​ទី​ក្រុង​ប្រ៊ីដថោន​ ប្រទេស​បាបា​ដូស

ឯកសារ​សំឡេង​និទាន​រឿង​រាមកេរ្ដិ៍ ដោយ​តាគ្រុឌ ចុះ​បញ្ជីនាថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៤ នៅ​ខេត្ត​ខ្វាង​ចូវ​ ប្រទេស​ចិន

រឿង​អ៉ីណាវ បុស្សិបា ចុះបញ្ជីនា​ថ្ងៃ​ទី​៣០​ ខែ​តុលា​ ឆ្នាំ​២០១៧ នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង ។

សូមជម្រាបថា តាមគោលការណ៍នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ដូច្នោះចូរយើងរួមគ្នាថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិយើង ៕

Share.