ក្រោយជួយក្រុមឡើងមកកាន់លីគកំពូលកម្ពុជា ពេលនេះក្រសួងមហាផ្ទៃ នឹងផ្តល់ក្របខណ្ឌជាមន្រ្តីនគបាលជាតិ ដល់កីឡាករតែក្នុង​លក្ខខណ្ឌ​ចាប់​ឆ្នោត។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អនុរដ្ឋលេខាធិការ និងជាប្រធានសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ​ បានបញ្ជាក់ផងដែរថា​ នាពេលខាងមុខ ពេលដែលទទួលបានក្របខណ្ឌពីសម្តេចក្រឡាហោម ក៏ដូចជាពីឯកឧត្តមអភិសន្តិបណ្ឌិត សមាគមនឹងមានការចាប់ឆ្នោតចូលក្របខណ្ឌ ដោយតម្លាភាព ចំពោះអតីតកីឡាករសមាគម ឯកឧត្តមនៅតែផ្តល់ឱកាសឱ្យមកចាប់ឆ្នោតដើម្បីទទួលក្របខ័ណ្ឌ​ជាមន្រ្តីនគរបាលជាតិ​។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានបញ្ជាក់ដល់ក្រុមការងារលេខាធិការ​ ធ្វើយ៉ាងណាឱ្យការចាប់ឆ្នោតនេះ​ ប្រកបដោយតម្លាភាព​ យុត្តិធម៌​ មិនលំអៀង​ គប់គិតជាដាច់ខាត។ កីឡាករថ្មីៗទើបតែចូលរួមជាមួយសមាគម​ ឯកឧត្តមណែនាំឱ្យ​ ចេះមានការគោរពរាមច្បងកីឡាករចាស់​ៗ ត្រូវមានសីលធម៌​ និងសុជីវធម៌ខ្ពស់​ ចេះសាមគ្គី​គ្នា​ជាធ្លុងមួយដើម្បីឈានទៅប្រកួតដណ្តើមជ័យជម្នះជូនសមាគម​ ក៏​ដូចជាក្រសួងមហាផ្ទៃទាំងមូល។

ប្រធានសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ បានបន្ថែមទៀតថា៖ សមគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ឯកឧត្តម គឺប្រើប្រាស់កីឡាករសញ្ជាតិខ្មែរសុទ្ធតែម្តង ក្នុងន័យនេះដោយឯកឧត្តមមានជំនឿជាក់ថាកូនខ្មែរពិតជាអាចធ្វើបាន ដោយឯកឧត្តមមានទស្សន:ថា បុព្វបុរសខ្មែរអាចកសាងប្រាសាទថ្មដ៏អស្ចារ្យ សម្បើមនៅលើកំពូលភ្នំបាន ហេតុអ្វីគ្រាន់តែកីឡាលេងនឹងជើងរត់លើផ្ទៃរាបសោះយើងធ្វើមិនបាន!

ឯកឧត្តមចង់លើកទឹកចិត្តក៏ដូចជាជួយផ្តល់ឱកាសការងារជូនកីឡាករខ្មែរផង​ ហើយដើម្បីឱ្យកីឡាករកូនខ្មែរ យើងខ្លាំងឈានទៅអាចប្រជែងជាមួយកីឡាករបរទេស​ គឺឯកឧត្តមមានតែជំរុញឱ្យកីឡាករទាំងអស់ខិតខំហ្វឹកហាត់​ឱ្យបានខ្លាំង​ ស្តាប់ការណែនាំបច្ចេកទេសពីសំណាក់គ្រូៗបង្វឹក​ កុំរួញរា​ ពង្រឹងឆន្ទ:ឱ្យខ្ពស់​ក្នុងការប្រកួតប្រជែង​ ឯកឧត្តមបានរំលេចនូវទស្សន:មួយថា​ (គ្មានការងារអស្ចារ្យណាដែលធ្វើបានជោគជ័យដោយមិនមានមនុស្សអស្ចារ្យចូលរួមនោះទេ)​ ។

សូមជម្រាបថា ក្រុមសមាគមក្រសួងមហាផ្ទៃ នឹងឡើងមកកាន់លីគកំពូលកម្ពុជា ក្នុងនាមជាក្រុម ជើងឯករង ជាមួយក្រុមឡាហ្វ ខេត្តព្រះសីហនុ ដែលជាក្រុមជើងឯក នៃពានរង្វាន់លីគទី២ កម្ពុជា រដូវកាលឆ្នាំ២០២៣-២៤។

ដូចនេះសមាជិកលីគកំពូលកម្ពុជា នឹងកើនដល់១១ក្រុម សម្រាប់រដូវកាលឆ្នាំ២០២៤-២៥ ខណៈរដូវកាលថ្មីនេះ គ្រោងនឹងចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ៕

Share.