ភ្នំពេញ ៖ បុរសម្នាក់ផឹកស្រាស្រវឹងវង្វេងស្មារតី រត់ឡើងឡើងទៅលើផ្ទះគេជាន់ទី៤ ស្លន់ស្លោជ្រុលជើងធ្លាក់ពីកាំជណ្តើរ ខ្ទាតទៅខាងក្រោយផ្ទះ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែង បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ នៅសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ តេង សេងឌី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ លក់ខ្សែក្រវ៉ាត់ មួក តាមចំណតរថយន្ត មានប្រពន្ធឈ្មោះ អៀវ ភួង អាយុ៤៣ឆ្នាំ មុខរបរ លក់ដូរតាមចំណតរថយន្ត មានកូនចំនួន៣នាក់ ប្រុស១នាក់ ស្រី២នាក់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅ ភូមិតាគ្រាប ឃុំព្នៅទី១ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង ។

តាមការបំភ្លឺពីស្ត្រីជាប្រពន្ធបានឱ្យដឹងថា ប្តីរបស់គាត់ក្រោយពីលក់ដូរ ផឹកតែស្រា ហើយមុនកើតហេតុ ជនរងគ្រោះជាប្តី ផឹកស្រាស្រវឹង ខណៈដែលប្រពន្ធកូន កំពុងដេក ប្តីវង្វេងរត់ឡើងលើផ្ទះគេជាន់ទី៤ ក៏ជ្រុលធ្លាក់តាមកាំជណ្តើរ ខ្ទាតទៅខាងក្រោយផ្ទះ បណ្តាលឱ្យស្លាប់។
សពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យ កោសល្យវិច័យរួច ប្រគល់ជូនក្រុមគ្រួសារចាត់ចែង តែដោយសារជីវភាៈខ្វះខាតសម្រាប់ធ្វើបុណ្យផង ត្រូវបានរថយន្តរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ជួយដឹកសពយកទៅតំកល់ទុកធ្វើបុណ្យនៅវត្តទឹកថ្លា និងជួយចូលជាបច្ច័យ ចូលរួមរំលែកទុក្ខផងដែរ ៕

អត្ថបទ៖ទ្រុយ វិច្ឆិកា

