ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងចាប់ផ្ដើមនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា នេះហើយ។ កីឡាករកីឡាការិនីកម្ពុជា៩រូបក្នុងចំណោម១៦នាក់នឹងចេញយុទ្ធនាការជម្រុះថ្ងៃដំបូងនេះ។ 

អ្នកទាំង៩រូបមានដូចជា អេ វីរៈខាំឈីតភូថង (ម៉ឺន មេឃា), អ៊ុំ ថារ័ត្ន, ហាត ភី, ធាន អាត (ចាន់ សំអាត), ចាន់ រតនា, នៅ ស្រីពៅ, ផេង សុបញ្ញា (គោរមៈ ចន្ទរាជ), ហ៊ុន ចន្ទរាជ និង ឡុង ឡា។ ការប្រកួតនឹងចាប់ផ្ដើមពីម៉ោង១០ព្រឹកតទៅនៅវិមានពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)។ 

នៅល្ងាចថ្ងៃដំបូងនេះដែរ ក៏នឹងមានវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកជាផ្លូវការ។ 

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤ ប្រព្រឹត្តទៅចំនួន៣ថ្ងៃពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកក្កដា ដោយមាន១៨ប្រទេសចូលរួម៕

ប្រភព៖ olympiccambodia

Share.