វ៉ាស៊ីនតោន៖ បើតាមសេចក្តីប្រកាសរបស់សម្ព័ន្ធមិត្តយោធាលោកខាងលិច បានឱ្យដឹងថា សម្ព័ន្ធយោធាលោកខាងលិច បានប្រកាសកាលពីថ្ងៃពុធ ទី១០ ខែកក្កដា នេះថា ប្រព័ន្ធការពារដែនអាកាសថ្មីរបស់សហរដ្ឋអាមេរិក នៅភាគខាងជើងប្រទេសប៉ូឡូញ ដែលត្រូវបានរចនាឡើងដើម្បីតាមដាន និងស្ទាក់ចាប់ការវាយប្រហារដោយមីស៊ីលបាលីស្ទិក និងជាផ្នែកមួយនៃបេសកកម្មមីស៊ីលរបស់អង្គការណាតូ គឺបានរៀបចំរួចរាល់ហើយ ។ នេះបើយោងតាមការចេញផ្សាយដោយភ្នាក់ងារសារព័ត៌មាន Asiaone នាថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤។

ថ្លែងនៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ក្នុងទីក្រុងវ៉ាស៊ីនតោន ប្រមុខអង្គការ ណាតូ លោក Jens Stoltenberg បាននិយាយថា ការត្រៀមខ្លួនជាមូលដ្ឋាននេះ គឺជាជំហានដ៏សំខាន់មួយសម្រាប់វិស័យសន្តិសុខឆ្លងអាត្លង់ទិក ប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងដែលបង្កឡើងដោយមីស៊ីលបាលីស្ទិក។

លោក Stoltenberg បានបន្ថែមថា «ក្នុងនាមជាសម្ព័ន្ធមិត្តផ្នែកការពារជាតិ យើងមិនអាចព្រងើយកន្តើយនឹងការគំរាមកំហែងនោះទេ។ ការការពារការវាយប្រហារដោយមីស៊ីល គឺជាធាតុសំខាន់សម្រាប់ភារកិច្ចស្នូលរបស់អង្គការណាតូ ក្នុងការការពាររួមគ្នា» ដោយកត់សម្គាល់ថា «មីស៊ីលបាលីស្ទិកត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងជម្លោះនៅអ៊ុយក្រែន និងនៅតំបន់មជ្ឈិមបូព៌ា»។

ប្រព័ន្ធខែលការពារមីស៊ីលនេះ មានឈ្មោះថា Aegis Ashore មានមូលដ្ឋាននៅទីក្រុង Redzikowo ភាគខាងជើងនៃប្រទេសប៉ូឡូញ ហើយមានសមត្ថភាពស្ទាក់ចាប់មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លី ទៅមធ្យម នេះបើយោងតាមអង្គការណាតូ។

ខែល​ការពារ​មីស៊ីលរបស់​សម្ព័ន្ធមិត្តនេះ គឺ​មាន​គោលបំណង​ការពារ​ពលរដ្ឋ​អឺរ៉ុប ការពារទឹកដី និង​កម្លាំង​ប្រឆាំង​នឹង​ការ​វាយប្រហារ​ដោយមីស៊ីលបាលីស្ទិក។

ក្រៅពីប្រទេសប៉ូឡូញ ប្រព័ន្ធខែលការពារមីស៉ីល Aegis Ashore ទី២ ក៏ត្រូវបានដំឡើងនៅក្នុងប្រទេសរូម៉ានី រួមជាមួយនាវាពិឃាតរបស់កងទ័ពជើងទឹកអាមេរិក នៅកំពង់ផែ Rota របស់អេស្ប៉ាញ និងរ៉ាដាចាប់សញ្ញានៅទីក្រុង Kurecik របស់ប្រទេសតួកគីផងដែរ៕

ប្រភព៖ Asiaone

Share.