កំពង់ធំ៖ កុមារ២នាក់បានបាត់បង់ជីវិត បន្ទាប់ពីរើសគ្រាប់មិនទាន់ផ្ទុះមួយគ្រាប់យកមកដុំលេង បណ្ដាលឲ្យផ្ទុះយ៉ាងខ្លាំង កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នៅក្រោមស្ពានថ្មីឆ្លងស្ទឹងជីនិត ស្ថិតក្នុងភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

ជនរងគ្រោះទី១ ឈ្មោះ សុទ្ធ សិលា ភេទស្រី អាយុ១៤ឆ្នាំ មានទីលំនៅភូមិជ័យមង្គល ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ជនរងគ្រោះទី២ ឈ្មោះ យ៉ាន រតនា ភេទប្រុស អាយុ៨ឆ្នាំ មានទីលំនៅភូមិសំពៅលូន ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

បន្ទាប់ពីកើតហេតុ ជនរងគ្រោះទាំង២នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក ប៉ុន្តែដោយសាររបួសធ្ងន់ធ្ងរពេក ពួកគេបានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ជាមួយគ្នានេះ អាជ្ញាធរមីនបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បើប្រទះឃើញមីន គ្រាប់មិនទាន់ផ្ទុះ គ្រាប់បែកចង្កោម ឬវត្ថុចម្លែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់ កែច្នៃ គប់ ដុំ ឬចល័តវាទៅទីណាមួយ ព្រោះអាចបណ្ដាលឲ្យរបួស ពិការ ឬស្លាប់បានគ្រប់ពេល។

ប្រជាពលរដ្ឋគួររាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ឬប្រតិបត្តិករបោសសម្អាតមីន តាមលេខទូរស័ព្ទ៖012 800 473 / 011 38 39 37 / 097 489 5600 / 066 612 613 / 063 96 34 99។

អត្ថបទ÷ចតុម្មុខ

Share.