សៀមរាប៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងប្រើប្រាស់ឯកសារសាធារណៈក្លែង បន្ទាប់ពីជួលរថយន្តពីជនរងគ្រោះ រួចយកទៅក្លែងឯកសារលក់ឲ្យអ្នកដទៃ ខណៈដែលជននេះធ្លាប់ត្រូវបានបង្ក្រាបម្តងរួចមកហើយ។


ករណីនេះបានកើតឡើងក្រោយពី កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តសៀមរាប ទទួលពាក្យបណ្ដឹងពីជនរងគ្រោះ តាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 ដោយអះអាងថា រថយន្តរបស់ខ្លួនដែលបានជួលឲ្យអ្នកដទៃ បែរជាត្រូវបានយកទៅលក់ឲ្យបុគ្គលផ្សេង។


ក្រោយទទួលព័ត៌មានភ្លាម កម្លាំងជំនាញបានចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ធឹម សាលួត ភេទប្រុស នាំទៅសាកសួរនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន រថយន្ត១គ្រឿង ម៉ាក Toyota Prius ផលិតឆ្នាំ២០១០ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BZ-4032 និងឯកសារក្លែងមួយចំនួន។
តាមការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួន និងបក្ខពួក ពិតជាបានប្រព្រឹត្តសកម្មភាពខាងលើពិតប្រាកដ ហើយក៏ធ្លាប់ត្រូវបានកងរាជអាវុធហត្ថខេត្តសៀមរាប បង្ក្រាបម្ដងរួចមកហើយផងដែរ។


បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ខណៈបក្ខពួក២នាក់ទៀត កំពុងត្រូវបានសមត្ថកិច្ចបន្តស្រាវជ្រាវតាមចាប់ខ្លួន៕

អត្ថបទ÷កណ្តាល

Share.