សិល្បៈជាតិ៖ ផលិតកម្ម LD នឹងរៀបចំកម្មវិធីពិសេសមុនចាក់បញ្ចាំងភាពយន្តរឿង «ប្រវត្តិស្នេហ៍នាងនាថ» ដែលជាពិធីចែចូវនាងនាថឱ្យកុដដាវ ត្រូវនឹងថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៤ នេះ នៅផ្សារទំនើប K Mall។

តាមរយៈ Poster ដែលជាលិខិតអញ្ជើញសិល្បករ តារាល្បីៗ អ្នកដឹកនាំរឿង និងក្រុមការងារ គេមើលឃើញថា កម្មវិធីទាំងមូលគ្រោងនឹងរៀបចំឡើងយ៉ាងធំឱឡារឹកតែម្ដង។ ភ្ញៀវកត្តិយសដែលចូលរួមកម្មវិធីនេះក៏នឹងបានទស្សនាការបញ្ចាំងពិសេសមុនសំបុត្រភាពយន្តត្រូវបានដាក់លក់។
គួររំលឹកបន្តិចថា ភាពយន្ត «ប្រវត្តិស្នេហ៍នាងនាថ» បានរួមបញ្ចូលសិល្បៈខ្មែរជាច្រើនទម្រង់រួមមាន ៖ ១.ក្បាច់គុនដំបង គឺជាសិល្បៈក្បាច់គុនបុរាណខ្មែរ ដែលមាន ស្នៀតគុនទាក់ទងនិងការប្រើប្រាស់ដំបង។ តាំងពីបុរាណកាលមក ក្បាច់គុននេះត្រូវបានដូនតាខ្មែរយើងទុកសម្រាប់ប្រើប្រាស់នៅក្នុងសិកសង្គ្រាមដើម្បីបយុទ្ធតទាល់ជាមួយនិង សតូវដើម្បីការពារភូមិស្រុក និងប្រទេសជាតិរបស់ខ្លួន។
២. ល្ខោនស្បែកតូច មានដើមកំណើតមុនសម័យអង្គរដែលមានរចនាបថជារូបរាងភ្លុក ហើយបង្កើតឡើង ដោយស្បែកគោ ឬក្របីស្ងួតមានចលនាត្រង់ដៃជើង អាចកម្រើកហារមាត់ច្រៀងបាន។ ល្ខោនស្បែកតូច លក្ខណៈប្រជាប្រិយដែល អាចសម្តែងរឿងបានច្រើនដូចជា រឿងនិទាន រឿងប្រវត្តិសាស្ត្រ និងរឿងពាក់ព័ន្ធ ជាមួយព្រឹត្តិការណ៌បែបក្រមិចក្រមើម កំប្លុកកំប្លែង ងាយមើលងាយស្តាប់ និងងាយយល់ ។

៣.តម្បាញសូត្រគឺជាមុខរបរបែបប្រពៃណីខ្មែរដើរតួយ៉ាងសំខាន់នៅក្នុងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាតាំងពីបុរាណកាលមកម្ល៉េះ ហើយមានដើមកំណើតនៅប្រទេសកម្ពុជាតាំងពីសតវត្សទី១៣មក។ រីឯដំណើរការន តម្បាញគេប្រើប្រាស់សរសៃសូត្រដែលមានប្រភពធាតុដើមមកពីសំបុកដង្កូវនាងហើយយកទៅត្បាញដោយ កីបុរាណខ្មែរហើយត្បាញចេញជាសូត្រដ៏ប្រណិតទុកសម្រាប់ប្រើប្រាស់ក្នុងពិធីផ្លូវការប្រពៃណីជាដើម ។
៤.គុនល្បុក្កតោខ្មែរ គឺជាក្បាច់គុណបុរាណ ដែលលាយបញ្ចូលគ្នានូវបច្ចេកទេសប្រយុទ្ធ ជាមួយនិងមរតក វប្បធម៌។ ផ្តើមចេញពីការអនុវត្តសង្គ្រាមនាសម័យបុរាណ វារួមបញ្ចូលនូវបច្ចេកទេសជាច្រើនដូចជា វាយ ទាត់ បោះ និងសមយុទ្ធ។ សិល្បៈក្បាច់គុននេះក៏រួមបញ្ចូលការហ្វឹកហាត់ជាមួយនិងអាវុធបុរាណ ដូចជាដាវ ដំបង ដោយបញ្ជាក់ពីវិធីសាស្ត្រដ៏ទូលំទូលាយរបស់វាក្នុងការត្រៀមខ្លួនប្រយុទ្ធ។
សូមជម្រាបបន្ថែមថា ភាពយន្តខ្នាតធំ «ប្រវត្តិស្នេហ៍នាងនាថ» ត្រៀមបញ្ចាំងជាផ្លូវការនៅថ្ងៃទី ១ ខែសីហា គ្រប់រោងភាពយន្ត ហើយភាពយន្តនេះដែរ ក៏ត្រៀមបញ្ចូនទៅចាក់បញ្ចាំងនៅលើផ្ទាំងសំពត់សតាមបណ្ដារោងអន្តរជាតិធំៗជុំវិញពិភពលោកផងដែរ៕

