នៅវេលាម៉ោង ៩:៣០ នាទីព្រឹក ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០២៥ អនុប្រធាននាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) លោកវរសេនីយ៍ទោ វិស្ណុ ឈីមត្រាគូល រួមជាមួយលោក អង្សុកេត វិសុទ្ធិវឌ្ឍនៈស័ក្តិ នាយកការិយាល័យកិច្ចការយុត្តិធម៌ និងមន្ត្រីមកពីនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្ម បានចុះទៅដល់អគារ ស៊ីណូ-ថៃ ថាវវើ (Sino-Thai Tower) ដែលមានទីតាំងស្ថិតលើផ្លូវ សុខុមវិត ២១ ក្នុងខណ្ឌវឌ្ឍនា ទីក្រុងបាងកក ដើម្បីធ្វើការសាកសួរម្ចាស់ភាគហ៊ុនជនជាតិថៃពីរនាក់នៃក្រុមហ៊ុន Prince International Co., Ltd. និងប្រមូលឯកសារភស្តុតាងពាក់ព័ន្ធ។

ករណីខាងលើនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសាធារណជន ដោយសារអគារ ស៊ីណូ-ថៃ ថាវវើ នេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ស៊ីណូ-ថៃ អ៊ិនជីនារីង អេន ខនស្ត្រាក់សិន ភីអិលស៊ី (STECON) ដែលជាក្រុមហ៊ុនគ្រួសាររបស់នាយករដ្ឋមន្ត្រី អនុទិន ចាន់វីរគុល ដែលលោកក៏ធ្លាប់ជានាយកប្រតិបត្តិ និងជាម្ចាស់ភាគហ៊ុនធំកាលពីមុន និយាយរួមគឺមុនពេលដែលលោកបានប្រឡូកចូលនយោបាយពេញទំហឹង។ ទោះបីជាលោកបានលក់ភាគហ៊ុនទាំងស្រុងកាលពីឆ្នាំ ២០១៩ ក៏ដោយ ក៏គ្រួសារត្រកូល ចាន់វីរគុល នៅតែជាម្ចាស់ភាគហ៊ុនសំខាន់ដដែល។

ការស៊ើបអង្កេតនេះធ្វើឡើងបន្ទាប់ពីមានការព្រួយបារម្ភថា ក្រុមហ៊ុន Prince International អាចមានទំនាក់ទំនងជាមួយក្រុមហ៊ុន Prince Holding Group ដែលស្ថាបនិក និងជាប្រធាន គឺលោក Chen Zhi (Vincent) អាយុ ៣៧ ឆ្នាំ ត្រូវបានអាជ្ញាធរសហរដ្ឋអាមេរិកចោទប្រកាន់ពីបទឆបោក និងលាងលុយកាលពីពេលថ្មីៗនេះ៕

Share.