យុវជនឆ្នើមកម្ពុជា ទាំង១២នាក់របស់ក្លិប Mate JR Sport Club បានសិក្សារៀនសូត្រ និងហ្វឹកហាត់ច្រើនពីគ្រូបង្វឹកអំពីជំនាញ និងបច្ចេកទេសបាល់ទាត់ ព្រមទាំងវប្បធម៌នៃការរស់នៅរបស់ប្រទេសអាឡឺម៉ង់ រយ:ពេល១ខែពេញ។

ស្ថាបនិក Mate JR Sport Club ម៉ាក សុទ្ធាពិសិដ្ឋ បានថ្លែងថា៖«ជាដំបូងសូមថ្លែងអំណរគុណចំពោះឯកឧត្តម ឈាង ធីរ៉ា ឯកអគ្គរាជទូតវិសាមញ្ញ នៃរាជរដ្ឋាភិបាលកម្ពុជា ប្រចាំប្រទេសអាល្លឺម៉ង់ និងលោកស្រី Diana Macchalett អភិបាលរងនៃទីក្រុង Arnstadt សម្រាប់វត្តមានរបស់ឯកឧត្តមក្នុងពិធីទទួលទានអាហារពេលល្ងាច។ ខ្លួនខ្ញុំផ្ទាល់ និងក្មេងៗផ្សេងទៀតមកពីប្រទេសកម្ពុជាពិតជារីករាយជាមួយនឹងជំនាញថ្មីៗ ដែលបានរៀននៅទីនោះ នឹងមានប្រយោជន៍ខ្លាំងនៅក្នុងវិស័យបាល់ទាត់របស់កម្ពុជា ទាំងនាពេលបច្ចុប្បន្ន និងនាពេលអនាគត។ ហើយយើងសង្ឃឹម និងប្តេជ្ញាថាយើងទាំងអស់គ្នានឹងកាន់តែប្រសើរឡើង»។

គួរដឹងថាក្រោយសហការជាមួយអ្នកជំនាញមកពីអាល្លឺម៉ង់ ធ្វើតេស្តបច្ចេកទេសកីឡាករ កីឡាការិនីវ័យក្មេងទាំងហ្វឹកហាត់ និងប្រកួត ក្នុងព្រឹត្តិការណ៍ Europe Trials កាលពីពេលកន្លងទៅ នៅទីលានវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ច្បារអំពៅ ក្នុងរាជធានីភ្នំពេញ ពេលនេះក្លិបបាល់ទាត់ Mate JR Sport Club បានបញ្ជូនសមាជិកខ្លួនចំនួន១២នាក់ទៅហ្វឹកហាត់រយៈពេល១ខែលើទឹកដីទ្វីបអឺរ៉ុប។

អ្នកស្រីផល្លា អាណាព្យាបាលរបស់កុមារា ចច រំពឹងថាកូនប្រុសរបស់ខ្លួននឹងកាន់តែរឹងមាំទាំងការហ្វឹកហាត់បាល់ទាត់ និងការរៀនរស់នៅឆ្ងាយពីក្រុមគ្រួសារ បើទោះបីជាមិនដាច់ចាស់ពីការចាកចេញរបស់កូនក្ដី។ លោកស្រីបន្តថានេះជាការធ្វើដំណើរទៅឆ្ងាយតែម្នាក់ឯងរបស់កូនប្រុស ប៉ុន្តែគេមានមិត្តរួមក្រុមរបស់គេ មានក្រុមការងារគ្រូជួយមើលការខុសត្រូវផងដែរ។ អ្នកស្រីបានសង្កេតមើលក្លិបបាល់ទាត់ជាច្រើន ដើម្បីដាក់ឱ្យកូនចូលហ្វឹកហាត់ ប៉ុន្តែពេលដាក់ចូលហ្វឹកហាត់នៅក្លិប Mate JR Sport Club ឃើញថាល្អមែន ព្រមទាំងទទួលបានឱកាសចេញទៅហ្វឹកហាត់នៅក្រៅប្រទេសទៀត។


សូមបញ្ជាក់ថាព្រឹត្តិការណ៍ Europe Trials ដែលរៀបចំឡើងនៅអំឡុងចុងខែកុម្ភៈ កន្លងទៅ មានលោក Joel Arron អ្នកជំនាញមកពីប្រទេសអាល្លឺម៉ង់ សហការជាមួយគ្រូបង្វឹកទាំងខ្មែរនិងបរទេសបានធ្វើតេស្ដកីឡាករ កីឡាការិនីវ័យក្មេងៗចន្លោះអាយុពី១០ដល់១៩ឆ្នាំជិត៣០០នាក់ រហូតចំរាញ់បាន១២នាក់តំណាងឱ្យកម្ពុជា នៅពេលនេះចេញទៅហ្វឹកហាត់នៅប្រទេសអាល្លឺម៉ង់ ជាមួយកីឡាករមកពីប្រទេសនានាជុំវិញពិភពលោក៕




