ក្លិបបាល់ទាត់ Mate JR Sport Club ដែលកំពុងបណ្តុះបណ្តាលយុវជនថ្នាលនៅរាជធានីភ្នំពេញ បានចាប់ដៃគូសហការជាមួយធនាគារស៊ីអាយអិមប៊ី (CIMB) រយៈពេល១ឆ្នាំ នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈឆ្នាំ២០២៦ លើទីលានបាល់ទាត់ Platinum Sports Center ក្នុងបូរី ប៉េង ហួត បឹងស្នោ ដោយមានការចូលរួមជាសក្ខីភាពពីសំណាក់កីឡាករ គ្រូបង្វឹក និងអាណាព្យាបាល ខណៈភាពជាដៃគូនេះនឹងក្លាយជាកត្តាជម្រុញឱ្យក្លិបបន្តអភិវឌ្ឍន៍ឆ្ពោះកាន់តែទៅមុខយ៉ាងលឿនជាងមុន។

យុវជន ម៉ាក សុទ្ធាពិសិដ្ឋ នាយកប្រតិបត្តិក្លិបបាល់ទាត់ Mate JR Sport Club បានលើកឡើងក្រោយពីទទួលបានដៃគូថ្មីថា៖«ខ្ញុំពិតជារីករាយដែលបានចាប់ដៃគូ ជាមួយនឹងធនាគារស៊ីអាយអិមប៊ី ដែលកន្លងមកបានជួយដល់យើងជាបន្តបន្ទាប់។ ខ្ញុំសង្ឃឹមថា Mate JR នឹងរីកធំធាត់ទៅថ្ងៃមុខទៀត។ ទោះជាបច្ចុប្បន្នប៉ាម៉ាក់ខ្ញុំកំពុងតែជួយជ្រោមជ្រែងលើក្រុមជាបណ្តោះអាសន្នយ៉ាងណាក្តី ប៉ុន្តែខ្ញុំនឹងបន្តការសិក្សា ធ្វើយ៉ាងណាត្រឡប់មកគ្រប់គ្រងក្រុមមួយនេះឱ្យកាន់តែរីកចម្រើន ដើម្បីចូលរួមអភិវឌ្ឍន៍បាល់ទាត់ជាតិរបស់យើងកាន់តែរីកចម្រើនថែមទៀត»។

ចំណែកលោកស្រី ប៉ិច សុម៉ាលី នាយិកាសេវាកម្មហិរញ្ញវត្ថុបុគ្គល នៃធនាគារស៊ីអាយអិមប៊ីបានបញ្ជាក់ថា៖«យើងតែងតែចូលរួមលើកកម្ពស់វិស័យកីឡា ទាំងនៅក្នុងសហគមន៍និងផ្នែកបុគ្គលិកផ្ទៃក្នុងរបស់យើងផ្ទាល់។ ហេតុផលសំខាន់ដែលចាប់ដៃគូជាមួយក្លិបបាល់ទាត់ Mate JR នៅពេលនេះគឺយើងចង់ចូលរួមបណ្តុះបណ្តាលក្មេងៗ ដែលស្រលាញ់កីឡា ព្រមទាំងចង់ឃើញក្មេងៗមានការប្រកួតប្រជែងដោយស្មើភាពគ្នា។ អ្វីដែលល្អបំផុតមួយទៀតក្រៅពីបណ្តុះក្មេងៗឱ្យស្រលាញ់កីឡា និងវិវឌ្ឍន៍ខ្លួនទៅជាយុវជនថ្នាលទៅថ្ងៃមុខផងនោះ ការហ្វឹកហាត់កីឡាបានធ្វើឱ្យក្មេងឃ្លាតឆ្ងាយពីការលេងហ្គេម ឬ ប្រើប្រាស់ទូរសព្ទ ជាដើម»។

«សម្រាប់អតិថិជនរបស់ធនាគារស៊ីអាយអិមប៊ី នឹងទទួលបានការបញ្ជុះតម្លៃពិសេស បើសិនជាចង់ចុះឈ្មោះកូនចៅឱ្យហ្វឹកហាត់ក្នុងក្លិប Mate JR នេះ តាមរយៈលេខទូរសព្ទ Hotline របស់ធនាគារផ្ទាល់ ឬ តាមរយៈបុគ្គលិករបស់ធនាគារផ្ទាល់»។ លោកស្រី ប៉ិច សុម៉ាលី បន្ថែម។

ដោយឡែកលោកស្រី ហែម វ៉ាន់ណៃ មានកូនប្រុស៣នាក់កំពុងហ្វឹកហាត់នៅក្នុងក្លិបបាល់ទាត់ Mate JR បានយល់ថា៖«ខ្ញុំរីករាយដែលក្លិប Mate JR បានចាប់ដៃគូជាមួយធនាគារអាយអិមប៊ី ហើយរំពឹងថាពួកគាត់នឹងបន្តរីកចម្រើនទៅមុខទៀត ព្រោះថាខ្ញុំឃើញម្ចាស់ក្លិបគាត់មាន គ្រូៗល្អច្រើន មានសកម្មភាពប្រកួតច្រើន មានការយកចិត្តទុកដាក់ខ្ពស់ជាមួយក្មេងៗ ធ្វើឱ្យក្មេងៗមានភាពរីករាយ។ សម្រាប់ខ្ញុំមូលហេតុដែលបញ្ជូនកូនឱ្យចូលហ្វឹកហាត់បាល់ទាត់នៅក្លិប Mate JR នេះក៏ព្រោះតែមានទីតាំងជិតលំនៅដ្ឋានផង ព្រមទាំងជ្រើសរើសយកកីឡាជំនួសពីការប្រើប្រាស់ទូរសព្ទដៃរបស់កូនៗ ពេលពួកគេទំនេរពីការសិក្សា។ អាចនិយាយបានថាគាត់បានទាំងសុខភាពល្អផង និងបានទាំងជួបមិត្តភក្តិថ្មីៗផង។ តាមការសង្កេតខ្ញុំឃើញពួកគេមានការរីកចម្រើនខ្លាំងផង ហើយបើទៅថ្ងៃមុខគេចង់ក្លាយជាកីឡាករអាជីពខ្ញុំក៏សម្របតាមចំណូលចិត្តរបស់គេដែរ»។

អាណាព្យាបាលរូបនេះបន្តថា៖«ពេលកូនខ្ញុំចូលលេងបាល់ទាត់ សុខភាពគាត់ល្អច្រើន ហើយគាត់អត់សូវឈឺ ពេលគាត់អត់ឈឺ គាត់មានពេលទៅរៀនសូត្របានជាប់លាប់ ហើយខួរក្បាលរបស់គាត់ក៏ស្រស់ស្រាយទៅតាមហ្នឹងដែរ។ ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមផ្តាំផ្ញើទៅអាណាព្យាបាលទាំងគ្នា បើសិនមានពេលគ្រប់គ្រាន់សូមលើកទឹកចិត្តឱ្យកូនៗហាត់កីឡាមិនថាកីឡាណាមួយនោះទេ ទៅតាមចំណង់ចំណូលចិត្តរបស់ក្មេង ព្រោះជួយដល់សុខភាពផ្លូវចិត្ត ផ្លូវកាយដល់កូនៗយើង»។

អត្ថបទពាក់ព័ន្ធ៖យុវជនឆ្នើមក្លិប Mate JR Sport Club របស់កម្ពុជា បានបញ្ចប់ការហ្វឹកហាត់រយ:ពេល១ខែនៅអាល្លឺម៉ង់

ចំណែកលោកស្រី គង់ ផល្លា មានកូនប្រុសម្នាក់ កំពុងហ្វឹកហាត់នៅក្រុម Mate JR បានបញ្ជាក់ដែរថា៖«កូនប្រុសខ្ញុំបានហ្វឹកហាត់នៅទីនេះប្រហែល៤ឆ្នាំហើយ ឃើញថាលទ្ធផលគាត់ល្អ។ កាលនោះចូលហ្វឹកហាត់បាន៦ខែដំបូង គេអាចធ្វើតេស្តបន្តហ្វឹកហាត់រយៈពេល១ខែនៅប្រទេសអាល្លឺម៉ង់ ក្នុងចំណោម១២រូប ក្រោយជម្រុះចេញពីក្មេងៗជាង៣០០រូប ដោយអ្នកជំនាញមកពីអាល្លឺម៉ង់ ជាអ្នកជ្រើសរើសផ្ទាល់ផងដែរ»។

លោកស្រីបន្ថែមថា៖«ខ្ញុំគិតថាការចាប់ដៃគូថ្មីរបស់ Mate JR នៅពេលនេះជារឿងល្អមួយសម្រាប់ពង្រឹងក្រុមបន្ថែម ព្រោះថាគាត់ជួយដល់ក្មេងៗច្រើន ទាំងការហ្វឹកហាត់ ការប្រកួត និងសកម្មភាពសង្គមនានា បង្កើនសាមគ្គីភាព លើកទឹកចិត្តសប្បុរសធម៌ ចេះជួយគ្នា។ សកម្មភាពល្អទាំងនេះហើយទើបធ្វើឱ្យមានកុមារចូលហ្វឹកហាត់ជាប្រចាំរាល់សប្ដាហ៍ រាល់ខែ ព្រមទាំងអភិវឌ្ឍន៍ខ្លួនបានទៅមុខច្រើន ព្រោះមានឱកាសប្រកួតនឹងក្រុមបរទេសផ្សេងៗដូចជាវៀតណាម ម៉ាឡេស៊ី សឹង្ហបុរី ជាដើម។ ជាមួយគ្នាក្រោយការហ្វឹកហាត់នេះទៅ ក្មេងៗ មានសមត្ថភាពចូលរួមក្នុងក្លិបអាជីពផ្សេងៗដូចជា វិសាខា ព្រះខ័នរាជស្វាយរៀង ក្រសួងការពារជាតិ ឈុតយុវជនតាមកម្រិតអាយុ។ អាចនិយាយថា Mate JR បង្ហាត់ក្មេងៗពីយុវជនថ្នាល រហូតឈានជើងចូលដល់ជាកីឡាករអាជីព ទៅតាមសមត្ថភាពរបស់ក្មេងជាស្តែង»។

សម្រាប់យុវជន ម៉ាក សុទ្ធាពិសិដ្ឋ នាយកប្រតិបត្តិក្លិបបាល់ទាត់ Mate JR Sport Club បានថ្លែងអំណរគុណដល់ធនាគារស៊ីអាយអិមប៊ីនិងដៃគូសហការផ្សេងៗ ក្រុមការងារគ្រូបង្វឹក អាណាព្យាបាល និងប្អូនៗកីឡាករដែលជាផ្នែកមួយចូលរួមជាមួយក្លិបក្នុងការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ជាតិ និងបណ្តុះបណ្តាលធនធានមនុស្សឱ្យស្មើមុខស្មើមាត់នឹងបណ្តាប្រទេសដទៃ។

ក្លិបបាល់ទាត់ Mate JR Sport Club ក្រៅពីបណ្តុះបណ្តាលយុវជនថ្នាល ដោយគ្រូបង្វឹកខ្មែរនិងបរទេសដែលមានបទពិសោធន៍ខ្ពស់ ក៏មានចូលរួមប្រកួតប្រជែងតាមពានរង្វាន់យុវជននានា នៅក្នុងប្រទេសផងដែរ។ ជាក់ស្តែងយុវជន ម៉ាក សុទ្ធាពិសិដ្ឋ ចេញពីសមាជិក Mate JR បានវិវត្តន៍ខ្លួនទៅកាន់ជាសមាជិកយុវជនក្រោមអាយុ១៦ឆ្នាំរបស់ក្លិបបាល់ទាត់វិសាខា ផងដែរ ខណៈក្លិបនេះបានគ្រងជើងឯកពានរង្វាន់យុវជនក្រោយអាយុ១៦ឆ្នាំ (Cambodian Youth League U16) ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទៀតផង៕

Share.