
ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានយកឈ្នះលើក្រុម Lion City Sailors FC របស់សិង្ហបុរី ដោយលទ្ធផល ០-២ នៃពានរង្វាន់ក្លិបក្នុងតំបន់អាស៊ាន ASEAN Club Championship (Shopee Cup) 2024/25 វគ្គសន្សពិន្ទុពូល B នៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៦ ខណៈការប្រកួតធ្វើឡើងនៅក្នុងកីឡដ្ឋាន Jalan Besar ។
ទោះបីជាសល់ការប្រកួតក្នុងដី និងឈ្នះការប្រកួតជាមួយក្រុម Lion City Sailors FC របស់សិង្ហបុរី ក៏ដោយ ប៉ុន្តែក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា អស់ឱកាសទៅវគ្គ៤ក្រុមចុងក្រោយ ក្រោយឆ្លងកាត់៤ប្រកួត ឈ្នះ២ ស្នើ១ និងចាញ់១ មាន៧ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ៣ ។
សម្រាប់លទ្ធផល និងកម្មវិធីប្រកួតរបស់ព្រះខ័នរាជស្វាយរៀង នៅក្នុងពូល B កន្លងមករួមមាន៖
- ថ្ងៃទី២១ សីហា ២០២៥៖ Shan United FC ០-៣ ព្រះខ័នរាជស្វាយរៀង
- ថ្ងៃទី២៥ កញ្ញា ២០២៥៖ Nam Dinh FC ២-០ ព្រះខ័នរាជស្វាយរៀង
- ថ្ងៃទី៤ ធ្នូ ២០២៥៖ ព្រះខ័នរាជស្វាយរៀង ២-២ Johor Darul Ta’zim FC
- ថ្ងៃទី៥ កុម្ភ: ២០២៥៖ Lion City Sailors FC ០-២ ព្រះខ័នរាជស្វាយរៀង
សូមរំឮកថា ជំនួបរវាងក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ទល់នឹងក្រុម Bangkok United FC របស់ថៃ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ កន្លងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ត្រូវបានលើកពេល។

សូមបញ្ជាក់ថា សម្រាប់រូបមន្តប្រកួតនៅក្នុងពូលគឺក្រុមដែលមានពិន្ទុខ្ពស់ជាងគេ និងក្រុមលេខ២ តាមពូលទាំងពីរនឹងមានឈ្មោះឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រកួតគ្នាចំនួន២ជើង Home/Away ក្រុមឈ្នះ២ក្រុម នឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
ក្លិបបាល់ទាត់ថៃ Buriram United គឺជាម្ចាស់ជើងឯកឆ្នាំចាស់ នៃពានរង្វាន់ក្លិបកំពូលអាស៊ាន ASEAN Club Championship (Shopee Cup 2024/25) ក្រោយឈ្នះក្លឹបវៀតណាម Cong An Hanoi ៣ទល់២ ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ នាយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា ពានរង្វាន់ជើងឯកតំបន់អាស៊ាន ASEAN Club Championship នេះធ្លាប់រៀបចំឡើង២លើកមក ដោយក្នុងឆ្នាំ២០០៣ ជើងឯកបានទៅក្រុម East Bengal របស់ឥណ្ឌា ក្រោយយកឈ្នះក្រុម BEC Tero Sasana របស់ថៃ នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ហើយឆ្នាំ២០០៥ ជើងឯកបានទៅក្រុម Tampines Rovers របស់សិង្ហបុរី ក្រោយយកឈ្នះលើក្រុម Pahang FA របស់ម៉ាឡេស៊ី ដោយលទ្ធផល ៤-២ នៅទីក្រុងបានដារសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេ៕

