ភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់ចុះពីលើរថយន្តតាក់សុី រវល់តែអោនយកកាបូបខោអាវ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូស្កុបពីមកធ្វើសកម្មភាពឆក់ផ្តាច់ខ្សែកមាសទម្ងន់១តម្លឹង២ជី បានសម្រេចគេចខ្លួនបាត់ស្រមោល ចំណែកម៉ូតូ២គ្រឿងផ្សេងទៀតដែលសង្ស័យជាបក្ខពួក ជិះរត់គេចតាមពីក្រោយ ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង០៥នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៤ មុខប៉ុស្តិ៍៍នគរបាលចោមចៅទី៣ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា ស្ត្រីរងគ្រោះជិះរថយន្តតាក់សុី ពីស្រុកស្រែអំបិល ខេត្តកោះកុង បំណងទៅលេងផ្ទះកូននៅឯខេត្តតាកែវ លុះមកដល់មុខប៉ុស្តិ៍នគរបាលចោមចៅទី៣ ក៏ឈប់ចុះ ដើម្បីទៅរកជិះរថយន្តតាក់សុី នៅផ្លូវជាតិលេខ៣ បន្តទៅខេត្តតាកែវ ហើយខណៈដែលចុះពីលើរថយន្ត រវល់តែអោនយកកាបូបខោអាវ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូស្កុបពី ពណ៌ខ្មៅ មិនចាំស្លាកលេខ មកធ្វើសកម្មភាពឆក់ផ្តាច់យកខ្សែកមាសទម្ងន់១តម្លឹង២ជី បានសម្រេច ជិះគេចទៅបាត់ស្រមោល ហើយក៏មានម៉ូតូ២គ្រឿងផ្សេងទៀត ជិះរត់តាមពីក្រោយ ហុងដាឌ្រីមមួយគ្រឿង និងADVមួយគ្រឿង ដែលសង្ស័យជាបក្ខពួក ។

តាមការបញ្ជាក់ពីស្ត្រីរងគ្រោះ ខ្សែកដែលជនសង្ស័យឆក់យកទៅបាត់ខ្សែ១តម្លឹង និងបន្តោងទម្ងន់២ជី សរុប១,៥តម្លឹងមាស ។ ក្រោយកើតហេតុ ស្ត្រីរងគ្រោះបានត្រឹមស្រែកទ្រហោយំ ហើយត្រូវបានអ្នកបើកបររថយន្តតាក់សុីនាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ ៕

អត្ថបទ៖ សេង សាវី

