ពោធិ៍សាត់៖ របាំងស្បៃមុងនិងរបាំងសាច់អួនក្រឡាញឹកសរុបចំនួន២៧កន្លែង ប្រវែង ៧,៨៥០ ម៉ែត្រ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់ ត្រូវបានកងកម្លាំងចម្រុះសហការបីខេត្តនិងកម្លាំងថ្នាក់ជាតិដឹកនាំដោយឯកឧត្តមប៉ែនផល្លិកា អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបើកប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបរុះរើបំផ្លាញចោលនិងចាក់លែងត្រីចម្រុះចូលទន្លេវិញសរុបទម្ងន់ ៣៩៥គីឡូក្រាម។


លោកភុនសុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរបានបញ្ជាក់ឲ្យដឹងថា កងកម្លាំងចម្រុះខេត្តពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំងនិងកម្លាំងថ្នាក់ជាតិ ដឹកនាំដោយឯកឧត្តមប៉ែនផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ប្រើប្រាស់កម្លាំងសរុប 38 នាក់ មធ្យោបាយកាណូតចំនួន ៧គ្រឿង ចុះត្រួតពិនិត្យ ទប់ស្កាត់និងបង្ក្រាបបទល្មើសជលផល ចាប់ពីប្រឡាយតាពេជ្រ ព្រំប្រទល់ 3 ខេត្តរហូតដល់ចំណុចកំពង់ស្ទឹង ក្នុងឃុំអន្សារចំបក់ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាលទ្ធផលបានរុះរើនិងបំផ្លាញចោល ឧបករណ៍នេសាទខុសច្បាប់ប្រើប្រាស់ប្រភេទស្បៃមុង ចំនួន ៥ ខ្សែ មានប្រវែង ១,២៥០ម៉ែត្រ លូកងស្បៃមុង ចំនួន ១២ មាត់ បង្គោល ២៣០ ដើមនិងចាក់លែងត្រីចំរុះទម្ងន់ ៤៥ គីឡូក្រាមផងដែរ។

ចំណែកខាងខេត្តកំពង់ធំ លោកហ៊ួនផល នាយចង្កាត់រដ្ឋបាលជលផលពាងបាង បានបញ្ជាក់ឲ្យដឹងផងដែរថា កងកម្លាំងចម្រុះសហការ បានរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់ប្រើប្រាស់ប្រភេទសាច់អូនក្រឡាញ់ញឹក ចំនួន 20 កន្លែងមានប្រវែង ៦៦០០ ម៉ែត្រ ឡុកចំនួន ៣៨ លូកងសាច់អួនចំនួន៦១មាត់ បង្គោលចម្រឹងចំនួន ៤៥៥០ ដើម និងចាក់លែងត្រីចម្រុះទម្ងន់៣៥០គីឡូក្រាម នៅក្នុងភូមិសាស្ត្រឃុំពាមបាង ស្រុកស្ទោងនិងភូមិសាស្ត្រឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ដែលប្រតិបត្តិការនេះប្រើប្រាស់កម្លាំងសរុបចំនួន ៣៩ នាក់មធ្យោបាយគណូតចំនួន៩ គ្រឿងបែងចែកជាពីរមុខសញ្ញាចុះត្រួតពិនិត្យចាប់ពីចំណុចព្រែកទាល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង កំពង់ធំ និងខេត្តពោធិ៍សាត់ រយៈពេលពីរថ្ងៃ ពោលចាប់ពីថ្ងៃទី ១២រហូតដល់ថ្ងៃទី ១៣ខែសីហាឆ្នាំ ២០២៤។


ឯកឧត្តម ប៉ែនផល្លិកា អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានណែនាំ ជំរុញដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ជាពិសេសមន្ត្រីជំនាញហ្នឹងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តចុះអប់រំផ្សព្វផ្សាយបញ្ជ្រាបឲ្យកាន់តែច្បាស់អំពីច្បាប់ស្ដីពីជលផលដល់ប្រជាសហគមន៍ និងត្រូវបន្តចុះទប់ស្កាត់មិនដឹងបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទទាំងនៅរដូវបិទនិងរដូវបើកនេសាទឲ្យកាន់តែមានប្រសិទ្ធភាពដើម្បីធានាពូជមច្ឆាជាតិបាននៅគង់វង្សសម្រាប់កូនចៅយើងតទៅមុខទៀត។

ឯកឧត្តមក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋដែលប្រកបមុខរបរនេសាទទាំងអស់សូមចូលរួមថែរក្សាការពារធនធានមច្ឆាជាតិយើងឲ្យបានគ្រប់ៗគ្នា គ្រាន់តែកុំប្រើឧបករណ៍នេសាទទាំងឡាយណាដែលច្បាប់ហាមឃាត់នោះមានន័យថាយើងបានចូលរួមទប់ស្កាត់បទល្មើសនេសាទហើយ៕

អត្ថបទ៖ ពោធិ៍សាត់

Share.