ឌូបៃ៖ មជ្ឈមណ្ឌលហិរញ្ញវត្ថុ និងអាកាសចរណ៍ដ៏មមាញឹកបំផុតរបស់ពិភពលោកគឺ «ទីក្រុងឌូបៃ» បានធ្លាក់ក្នុងភាពវឹកវរមួយរំពេច បន្ទាប់ពីការវាយប្រហារដោយដ្រូនបានបង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅនៅក្បែរអាកាសយានដ្ឋាន កាលពីថ្ងៃច័ន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦ ឈានទៅដល់ការប្រកាសផ្អាករាល់ជើងហោះហើរទាំងអស់ជាបន្ទាន់។

យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA អាជ្ញាធរអាកាសចរណ៍ស៊ីវិលឌូបៃបានសម្រេចចិត្តផ្អាករាល់ជើងហោះហើរនានាជាបណ្ដោះអាសន្ន ដើម្បីជាវិធានការបង្ការ និងធានាសុវត្ថិភាពដល់អ្នកដំណើរ ដែលស្ថានភាពគ្រោះថ្នាក់នេះ មិនអាចមើលរំលងបាន។ ការិយាល័យព័ត៌មានឌូបៃបានបញ្ជាក់តាមរយៈបណ្តាញសង្គម X ថា វិធានការនេះគឺជា «កាតព្វកិច្ចសន្តិសុខ» ដើម្បីការពារអាយុជីវិតអ្នកដំណើរ និងបុគ្គលិក ក្រោយពេលដ្រូនបានបុកទម្លុះធុងផ្ទុកប្រេងក្នុងតំបន់ក្បែរអាកាសយានដ្ឋានបង្កជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។

ទោះបីជាក្រុមពន្លត់អគ្គិភ័យអាចគ្រប់គ្រងស្ថានការណ៍បានដោយគ្មានអ្នករងរបួស ក៏ការវាយប្រហារនេះបានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍យក្ស Emirates Airline បង្ខំចិត្តលុបចោលជើងហោះហើរទាំងស្រុង ដែលនេះជាសញ្ញានៃការរំខានដ៏ធ្ងន់ធ្ងរដល់ចរន្តសេដ្ឋកិច្ចតំបន់។
ព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយនៃការផ្ទុះសង្រ្គាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ គិតមកទល់ពេលនេះ បណ្ដារដ្ឋឈូងសមុទ្រអារ៉ាប់បានរងនូវការយាយីដោយគ្រាប់មីស៊ីល និងដ្រូនសរុបជាង ២,០០០លើក ដែលក្នុងនោះសហព័ន្ធអារ៉ាប់រួម (UAE) ហាក់ជាផ្ទាំងស៊ីបដ៏ចម្បង ទោះបីជាធ្លាប់បានព្យាយាមផ្សះផ្សាទំនាក់ទំនងជាមួយអ៊ីរ៉ង់កាលពីឆ្នាំ២០២០ ក៏ដោយ។ គោលដៅនៃការវាយប្រហាររួមមាន បេសកកម្មការទូត និងមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិក ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធប្រេងសំខាន់ៗ កំពង់ផែ អាកាសយានដ្ឋាន សណ្ឋាគារ និងអគារស្នាក់នៅផ្សេងៗជាដើម។

កាលពីថ្ងៃពុធ កន្លងទៅ ការិយាល័យព័ត៌មានទីក្រុងបានឱ្យដឹងថា ការធ្លាក់ដ្រូន២គ្រឿងបានធ្វើឱ្យមនុស្ស ៤នាក់រងរបួសនៅក្បែរអាកាសយានដ្ឋាន ដែលធ្លាប់ជាកន្លែងមមាញឹកបំផុតមួយក្នុងពិភពលោក។
ប្រទេសអ៊ីរ៉ង់បានបាញ់បង្ហោះមីស៊ីលជាង ១,៨០០គ្រាប់ចូលមកក្នុងប្រទេសនេះ ដែលបង្កការរំខានដល់ផែនការធ្វើដំណើរនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ ទោះបីជាប្រព័ន្ធការពារអាកាសរបស់ UAE អាចស្ទាក់ចាប់គ្រាប់យុទ្ធភណ្ឌបានភាគច្រើនក៏ដោយ។




ក្រសួងការពារជាតិរបស់អេមីរ៉ាតបានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ៦នាក់ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម ក្នុងនោះរួមមានជនស៊ីវិល ៤នាក់ និងបុគ្គលិកយោធា ២នាក់ បានបាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ ដោយសារបញ្ហាបច្ចេកទេស។
បច្ចុប្បន្ន UAE រួមជាមួយបណ្តាប្រទេសអារ៉ាប់ដទៃទៀត បានចេញមុខថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើរបស់អ៊ីរ៉ង់ ខណៈដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ថា តើតំបន់ឈូងសមុទ្រនឹងធ្លាក់ចូលក្នុងសង្គ្រាមទ្រង់ទ្រាយធំបែបណាទៀត ប្រសិនបើការវាយប្រហារលើមជ្ឈមណ្ឌលអាកាសចរណ៍អន្តរជាតិនៅតែបន្តកើតមានបែបនេះ៕

