ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីជំងឺផ្តាសាយបក្សីប្រភេទ H5N1 ចំនួន១ករណី លើស្ត្រីអាយុ៤៥ឆ្នាំ មានទីលំនៅនៅភូមិរពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ករណីនេះត្រូវបានបញ្ជាក់ថាមានវិជ្ជមានវីរុស H5N1 នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ។

តាមការបញ្ជាក់ពីក្រសួងសុខាភិបាល អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលដាច់ដោយឡែកនៅមន្ទីរពេទ្យ និងទទួលការព្យាបាលដោយឱសថ Tamiflu ក្រោមការថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ ការសាកសួរបឋមបង្ហាញថា អ្នកជំងឺមានចិញ្ចឹមមាន់ និងទានៅផ្ទះ ហើយមានមាន់ឈឺ និងងាប់មួយចំនួន។ មុនរកឃើញវិជ្ជមានប្រមាណ៣ថ្ងៃ អ្នកជំងឺបានប៉ះពាល់ជាមួយមាន់ងាប់ទាំងនោះ។

បច្ចុប្បន្ន ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល កំពុងសហការជាមួយមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីស្រាវជ្រាវប្រភពចម្លង ស្វែងរកអ្នកប៉ះពាល់ និងអនុវត្តវិធានការទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍ ព្រមទាំងចែកឱសថ Tamiflu ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើការអប់រំសុខភាពដល់ប្រជាពលរដ្ឋនៅតំបន់កើតហេតុ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចៀសវាងប៉ះពាល់មាន់ ទាឈឺ ឬងាប់ និងត្រូវប្រកាន់ខ្ជាប់អនាម័យឱ្យបានត្រឹមត្រូវ។ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម ហើយមានប្រវត្តិប៉ះពាល់សត្វបក្សីឈឺ ឬងាប់ក្នុងរយៈពេល១៤ថ្ងៃ សូមប្រញាប់ទៅពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត។

អត្ថបទ៖ ក្រសួងសុខាភិបាល

Share.