បច្ចុប្បន្ន អ៊ុយក្រែនបានក្លាយជាផ្នែកមួយនៃសង្គ្រាមដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កំពុងបើកការវាយប្រហារលើអ៊ីរ៉ង់ជាផ្លូវការហើយ នេះបើយោងតាមការប្រកាសរបស់លោក សមាជិកសភាជាន់ខ្ពស់នៃទីក្រុងតេហេរ៉ង់ ព្រមទាំងបានព្រមានអំពីលទ្ធភាពនៃការសងសឹកប្រឆាំងនឹងទីក្រុងគៀវ (Kyiv) ផងដែរ។

លោក Azizi ប្រធានគណៈកម្មាធិការសន្តិសុខជាតិរបស់សភាអ៊ីរ៉ង់ បានសរសេរសារលើបណ្តាញសង្គម X កាលពីថ្ងៃសៅរ៍ (១៤ មីនា) ដោយព្រមានថា ការសម្រេចចិត្តរបស់ទីក្រុងគៀវ ក្នុងការបញ្ជូនយុទ្ធោបករណ៍ប្រឆាំងយន្តហោះមកកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីគាំទ្រ “ក្រុមឈ្លានពាន” គឺស្មើនឹងការផ្តល់សិទ្ធិឱ្យអ៊ីរ៉ង់វាយប្រហារលើអ៊ុយក្រែន ដើម្បីការពារខ្លួន។
«តាមរយៈការផ្តល់ការគាំទ្រផ្នែកដ្រូនដល់របបអ៊ីស្រាអែល អ៊ុយក្រែនបានចូលពាក់ព័ន្ធក្នុងសង្គ្រាមនេះរួចរាល់ហើយ។ យោងតាមមាត្រា ៥១ នៃធម្មនុញ្ញសហប្រជាជាតិ វាធ្វើឱ្យទឹកដីអ៊ុយក្រែនទាំងមូលក្លាយជាគោលដៅវាយប្រហារដ៏ស្របច្បាប់របស់អ៊ីរ៉ង់»។ នេះជាការបញ្ជាក់របស់លោក Azizi។

ក្នុងរយៈពេល ២ សប្តាហ៍កន្លងមកនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានបង្ហាញសញ្ញាម្តងហើយម្តងទៀតថា លោកត្រៀមខ្លួនចូលពាក់ព័ន្ធក្នុងសង្គ្រាមមជ្ឈិមបូព៌ា។ លោកបានអះអាងថា សហរដ្ឋអាមេរិកបានស្នើឱ្យអ៊ុយក្រែនជួយការពារសម្ព័ន្ធមិត្តនៅក្នុងតំបន់ឈូងសមុទ្រពែរ្ស ប្រឆាំងនឹងការវាយប្រហាររបស់អ៊ីរ៉ង់ ដែលគោលដៅលើទ្រព្យសម្បត្តិរបស់អាមេរិកដែលដាក់ពង្រាយនៅទីនោះ។
លោក ហ្សេឡែនស្គី បានអួតអាងថា លោកបានចេញបញ្ជាឱ្យផ្តល់ជំនួយចាំបាច់នានា និងសន្យាបញ្ជូនអ្នកជំនាញអ៊ុយក្រែនទៅកាន់មជ្ឈិមបូព៌ា ដើម្បីធានាសន្តិសុខដល់សម្ព័ន្ធមិត្តក្នុងតំបន់។ ក្នុងសប្តាហ៍នេះ លោកថែមទាំងបានប្រកាសថា បានសម្រេចកិច្ចព្រមព្រៀងជាមួយប្រទេសមួយចំនួនក្នុងតំបន់ ដើម្បីលក់ឧបករណ៍ស្ទាក់ចាប់ដ្រូនដែលផលិតដោយអ៊ុយក្រែន និងបញ្ជូនក្រុមការងារដែលមានបទពិសោធន៍ផ្នែកការពារអាកាសទៅកាន់ទីនោះទៀតផង។


ក្រៅពីនេះ មេដឹកនាំអ៊ុយក្រែនហាក់ដូចជានិយាយឌឺដងទៅកាន់សេតវិមាន ចំពោះសំណើកិច្ចព្រមព្រៀងផលិតដ្រូនរួមគ្នា ដែលធ្លាប់មានគម្រោងតាំងពីឆ្នាំមុនតែត្រូវខកខានទៅវិញ ដោយលោកសង្ឃឹមថា «មិត្តភក្តិអាមេរិក» នឹងឆាប់សម្រេចចិត្តលើរឿងនេះ ចំពេលមានបញ្ហាប្រឈមក្នុងតំបន់មជ្ឈិមបូព៌ា។
ទោះជាយ៉ាងណា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បែរជាបានបដិសេធសំណើរបស់លោក ហ្សេឡែនស្គី ក្នុងកិច្ចសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃសុក្រ (១៣ មីនា) ដោយលើកឡើងថា ជំនួយពីអ៊ុយក្រែនក្នុងការទប់ទល់នឹងដ្រូនអត្តឃាតរបស់អ៊ីរ៉ង់ គឺមិនចាំបាច់នោះទេ។
«យើងមិនត្រូវការជំនួយពីពួកគេក្នុងផ្នែកការពារដ្រូននោះទេ។ យើងស្គាល់ពីដ្រូនច្បាស់ជាងអ្នកណាទាំងអស់ យើងមានដ្រូនដែលល្អបំផុតក្នុងពិភពលោក»។ លោក ត្រាំ បានសង្កត់ធ្ងន់បែបនេះ៕

