ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌនគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យបានពីរនាក់ ដែលបានធ្វើសកម្មភាព ឆក់កាបូបលុយពីប្រជាពលរដ្ឋចំនួនពីរលើកត្រឹមតែរយៈពេលមួយម៉ោង ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២១ខែសីហាឆ្នាំ២០២៤ ស្ថិតនៅមូលដ្ឋានខណ្ឌដង្កោ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានទាំងពីរនាក់ទីមួយឈ្មោះមុន្នី អ៊ូខុង អាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិព្រែកទាល់សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ជនសង្ស័យទីពីរឈ្មោះសូរ វិច្ឆកា អាយុ១៨ឆ្នាំ ស្នាក់នៅ ឃុំស្វាយរលំ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យពីរនាក់បានជិះម៉ូតូម៉ាកវ៉េវពណ៌ក្រហមលាយសពាក់ស្លាកលេខ 1KW-0955 បានធ្វើសកម្មភាពឆក់កាបូបលុយពីជនរងគ្រោះនៅតាមបណ្ដោយផ្លូវ២១៧ នៅសង្កាត់ដង្កោ ខណ្ឌដង្កោបានសម្រេច ហើយបានជិះគេចខ្លួនរហូតមកដល់ ផ្លូវជាតិលេខ២ក្នុងសង្កាត់ ព្រែកកំពឹសជនសង្ស័យបានឃើញជនរងគ្រោះជិះម៉ូតូគុបជ្រុង ឌុបម្តាយស្រាប់តែជនសង្ស័យបាន ធ្វើសកម្មភាពឆក់កាបូបលុយបានសម្រេចពេលនោះជនរងគ្រោះបានស្រែកថាចោៗផ្អើលដល់អ្នកធ្វើដំណើរនៅតាមដងផ្លូវហើយពេលនោះកម្លាំងសមត្ថកិច្ចខណ្ឌដង្កោជិះម៉ូតូល្បាតក្នុងភូមិសាស្ត្របានឃើញដូច្នេះក៏បាន ដេញជនសង្ស័យពីក្រោយស្រាប់តែមកដល់ផ្លូវបេតុង នៅសង្កាត់ព្រែកកំពឹសជនសង្ស័យក៏បានផ្ដួលម៉ូតូហើយរត់ចូលវាលស្រែត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានធ្វើការឡោមព័ទ្ធអស់រយៈពេលជាច្រើនម៉ោងទេីបចាប់បានជនសង្ស័យ ចំនួនពីរនាក់រួមនឹងសម្ភារៈរបស់ជនរងគ្រោះ បានត្រឡប់មកវិញ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ យកមកធ្វើការសាកសួរនៅអធិការដ្ឋានខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សេង សាវី

