ក្រុម​បាល់ទះ​ជម្រើសជាតិ​ទាំង​៤ មាន​កម្ពុជា សិង្ហបុរី ម៉ាឡេស៊ី និងឡាវ នឹង​ត្រូវ​មាន​បេសកម្ម​មួយ​ទៀត ​គឺត្រូវ​​ប្រកួត​ដណ្តើម​ប្រាក់​រង្វាន់​សម្តេច​មហាបវធិបតី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ចន្ទ ទី​២ ខែ​កញ្ញា ឆ្នាំ​២០២៤នេះ ដោយ​ប្រើ​រូបមន្ត ពី​ចំណាត់​ថ្នាក់​ក្នុង​ការប្រកួត​​​ក្នុង​​ពានរង្វាន់ SEA V.League Challenge ដែល​បាន​បញ្ជប់​កាល​ពី​ម្សិល​មិញ។

កម្មវិធីប្រកួត ថ្ងៃទី២ កក្កដា ២០២៤ មាន​ដូច​ខាង​ក្រោម៖


គូទី១ ម៉ោង​៨​ព្រឹក ក្រុម​លេខ១ កម្ពុជា ប៉ះ ក្រុម​លេខ៤ ឡាវ
​​គូ​ទី២ ម៉ោង​១០​ព្រឹក ក្រុម​លេខ២ ម៉ាឡេស៊ី ប៉ះ​ក្រុម​លេខ​៣​ សិង្ហបុរី

គូ​ទី៤ ម៉ោង​៤​ល្ងាច ក្រុម​ចាញ់ ប៉ះ ក្រុម​ចាញ់ យក​ចំណាត់​ថ្នាក់​លេខ៣
គូ​ទី៥ ម៉ោង​៦:៣០នាទី​ល្ងាច ក្រុម​ឈ្នះ ប៉ះ ក្រុម​ឈ្នះ​ យក​ជើងឯក។

ការ​ប្រកួត​ដណ្តើម​ប្រាក់​រង្វាន់​សម្តេច​មហាបវធិបតី ហ៊ុន ម៉ាណែត សម្រាប់​ក្រុម​ដែល​ជាម្ចាស់​ជើង​ឯក​ នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ១០០លានរៀល លេខ២ នឹង​ទទួល​បាន ៣០លានរៀល លេខ៣ ទទួលបាន ២០លានរៀល
និង​លេខ៤ ទទួល​បាន ១០លានរៀល។

ដោយឡែក​ក្រុម​បាល់ទះ​បុរស​​ជម្រើស​ជាតិ​កម្ពុជា បាន​ដណ្តើម​​កៅអី​ឡើង​ទៅ​លេង​ក្នុង​​ពានរង្វាន់​បាល់ទះ​ប្រចាំ​តំបន់​អាស៊ាន​ ផ្នែក​បុរស SEA V.League ឆ្នាំ​២០២៥ ខាង​មុខ ក្រោយ​ឈរ​កំពូល​តារាង​នៅ​​ក្នុង​​ពានរង្វាន់ SEA V.League Challenge ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ ដែល​បាន​បញ្ចប់​នៅ​រាត្រី​ថ្ងៃ​អាទិត្យ ទី​១ ខែ​កញ្ញា ឆ្នាំ​២០២៤ លើ​ទីលាន​វិមាន​ពហុកីឡដ្ឋានជាតិ ក្នុង​រាជធានី​ភ្នំពេញ។

ដូច្នេះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​ពានរង្វាន់ SEA V.League ឆ្នាំ​២០២៥ ជាមួយ​ក្រុម​ថៃ ឥណ្ឌូណេស៊ី និង​ហ្វីលីពីន ដែល​កំពុង​រង់ចាំ ខណៈ​ក្រុម​វៀតណាម មាន​ការ​សម្រេច​ជា​បឋម​ថា​នឹង​ធ្លាក់​មក​លេង​ក្នុង​ពានរង្វាន់ SEA V.League Challenge ឆ្នាំ ២០២៥ ជាមួយ​ម៉ាឡេស៊ី សិង្ហបុរី ឡាវ និង​មីយ៉ាន់ម៉ា៕

Share.