ហ្សេរុយសាឡឹម៖ ការតវ៉ាបាន​ចាប់ផ្ដើមនៅទូទាំងប្រទេស​អ៊ីស្រាអែល កាលពី​​ថ្ងៃ​អាទិត្យ​ទី១ ខែ​កញ្ញា បន្ទាប់​ពី​ការ​ស្លាប់​របស់ចំណាប់​ខ្មាំង ៦នាក់​នៅ​តំបន់​ហ្កាហ្សា ខណៈ​ការ​ខកចិត្ត​បាន​កើនឡើងខ្លាំងថែមទៀតចំពោះថ្នាក់​ដឹកនាំ​ប្រទេស ទាក់ទងនឹង​ការ​បរាជ័យ​ក្នុង​ការ​ទទួល​បាន​កិច្ច​ព្រម​ព្រៀង​បទឈប់​បាញ់​ដែល​នឹង​ដោះលែង​ចំណាប់ខ្មាំង​ជនជាតិ​អ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤។

ហ្វូងមនុស្សដែលត្រូវបានប៉ាន់ប្រមាណដោយប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល ថា មានចំនួនរហូតដល់ ៥០០,០០០នាក់ដែលធ្វើបាតុកម្មខ្លាំងក្លានៅទីក្រុងហ្សេរុយសាឡឹម ទីក្រុង Tel Aviv និងទីក្រុងដទៃទៀត ដោយទាមទារឱ្យលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ធ្វើបន្ថែមទៀតដើម្បីនាំយកចំណាប់ខ្មាំងចំនួន ១០១នាក់ត្រឡប់មកផ្ទះវិញ ដែលមន្ត្រីអ៊ីស្រាអែលបានប៉ាន់ស្មានថា ប្រហែលមួយភាគបីនៃបានស្លាប់។

នៅ​ក្រុង​ហ្ស៊េរុយសាឡឹម ក្រុម​បាតុករ​បាន​បិទ​ផ្លូវ និង​ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ​គេហដ្ឋាន​របស់​នាយក​រដ្ឋមន្ត្រី។

បើតាមរូបភាពពីលើអាកាសបានបង្ហាញពីផ្លូវហាយវេដ៏សំខាន់របស់ទីក្រុង Tel Aviv ពោរពេញទៅដោយក្រុមអ្នកតវ៉ាកាន់ទង់ជាតិជាមួយនឹងរូបថតរបស់ចំណាប់ខ្មាំងដែលត្រូវបានសម្លាប់។

ខ្សែ​វីដេអូ​ទូរទស្សន៍​អ៊ីស្រាអែល​បាន​បង្ហាញពីកងកម្លាំងប្រើកាណុងបាញ់ទឹកដាក់ក្រុមបាតុករដែល​បាន​បិទ​ផ្លូវ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានការចាប់ខ្លួនមនុស្សចំនួន ២៩នាក់ផងដែរ។

លោក Netanyahu ដែលប្រឈមមុខនឹងការអំពាវនាវកាន់តែខ្លាំងឡើងដើម្បីបញ្ចប់សង្រ្គាមអូសបន្លាយរយៈពេលជិត ១១ខែ ជាមួយនឹងកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់បាននិយាយថា អ៊ីស្រាអែលនឹងមិនដកថយរហូតដល់ចាប់ខ្លួនអ្នកដែលទទួលខុសត្រូវមកទទួលទោស។

សូមជម្រាបថា ការវាយលុករបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា បានចាប់ផ្តើមបន្ទាប់ពីក្រុមហាម៉ាស់ និងពួកសកម្មប្រយុទ្ធផ្សេងទៀតបានសម្លាប់មនុស្សប្រហែល 1,200នាក់ និងចាប់ចំណាប់ខ្មាំងប្រហែល ២៥០នាក់កាលពីថ្ងៃទី៧ ខែតុលា នេះបើយោងតាមតួលេខសរុបរបស់អ៊ីស្រាអែល។ ចាប់តាំងពីពេលនោះមក ក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សា បាននិយាយថាយ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៤០,៧៣៨នាក់ត្រូវបានសម្លាប់ ខណៈជនភៀសខ្លួនកំពុងរស់នៅក្នុងស្ថានភាពលំបាកបំផុត ដោយសារទីជម្រករស់នៅមិនគ្រប់គ្រាន់ កង្វះខាតអគ្គិសនី ស្បៀងអាហារ ទឹក និងថ្នាំពេទ្យ៕

ប្រភព៖ CNA

Share.