ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាបរ្ធានសហព័ន្ធកីឡាបាល់តះកម្ពុជា នៅព្រឹកថ្ងៃទី០៣ កញ្ញានេះ បានបង្ហាញការអបអរសាទរក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្នុងការដណ្ដើមបានទឹកប្រាក់១០០លានរៀលពីពានរង្វាន់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ឆ្នាំ២០២៤ (SAMDECH MOHA BORVOR THIPADEI -2024) និងទទួលកៅអីឡើងទៅវគ្គបន្តក្នុងពាន SEA V.League។

ឯកឧត្ដមអភិសន្តិបណ្ឌិត បានលើកឡើងថា៖ ឆ្លងកាត់ការប្រកួតអស់រយៈពេល៤ថ្ងៃ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានក្លាយជាម្ចាស់ប្រាក់រង្វាន់១០០លានរៀលក្នុងព្រឹត្តិការណ៍បាល់ទះពានរង្វាន់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ឆ្នាំ២០២៤ និងទទួលបានកូតាដោយស្វ័យប្រវត្តិឡើងទៅប្រកួតពានរង្វាន់ SEA V.League នៅឆ្នាំ២០២៥ខាងមុខ បន្ទាប់ពីបញ្ចប់ការប្រកួតនៅល្ងាចថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ នេះលើទីលានវិមានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ។
ក្នុងនាមមហាគ្រួសារបាល់ទះកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណដល់ប្អូនៗកីឡាករទាំងអស់ ក្រុមការងារគ្រូបង្វឹក ដែលរួមគ្នាសាងស្នាដៃជូនជាតិមាតុភូមិនៅពេលនេះ និងសូមជូនពរឱ្យបន្តទទួលបានជោគជ័យលើកឆាកអន្តរជាតិ នានានៅពេលខាងមុខ។

ជាមួយគ្នានេះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណដល់មន្ត្រីរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា គណៈកម្មការបច្ចេកទេស អាជ្ញាកណ្ដាល យុវជនស្ម័គ្រចិត្តនិងភាគីពាក់ព័ន្ធនានា ដែលរួមគ្នាទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់កម្រិតតំបន់អាស៊ាន មួយនេះបញ្ចប់ដោយរលូននិងជោគជ័យ។ ថ្លែងអំណរគុណដល់ក្រុមហ៊ុនឧបត្ថម្ភនានា ដែលបានចូលរួមគាំទ្រព្រឹត្តិការណ៍ប្រកួត ដែលជាផ្នែកមួយនាំបាល់ទះកម្ពុជា ឈានជើងទៅលើឆាកអន្តរជាតិជាបន្តបន្ទាប់។
ជាចុងក្រោយ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាបរ្ធានសហព័ន្ធកីឡាបាល់តះកម្ពុជា សូមអរគុណបងប្អូនអ្នកគាំទ្រកីឡាបាល់ទះទាំងក្នុងនិងក្រៅប្រទេស ដែលបានតាមដានការប្រកួតតាំងពីដើមរហូតដល់ថ្ងៃបញ្ចប់នេះ។ យើងនៅមានការប្រកួតទាំងថ្នាក់ជាតិ និងអ្នកអន្តរជាតិជាច្រើនទៀត នៅក្នុងឆ្នាំ២០២៤ នេះ។

សូមបញ្ជាក់ថា បេក្ខភាពក្នុងពានរង្វាន់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត SAMDECH MOHA BORVOR THIPADEI -2024 ជ្រើសចេញពីពានរង្វាន់ SEA V.League Challenge ដោយមានក្រុមចូលរួមចំនួន៤ រួមមានកម្ពុជា ឡាវ ម៉ាឡេស៊ី និងសិង្ហបុរី ដែលចាប់ប្រកួតពីថ្ងៃទី៣០ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិ។
សរុបចំណាត់ថ្នាក់និងប្រាក់រង្វាន់ក្នុងពានរង្វាន់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត SAMDECH MOHA BORVOR THIPADEI -2024មាន៖
- លេខ១ ក្រុមកម្ពុជា ទទួលទឹកប្រាក់លើកទឹកចិត្តចំនួន ១០០ លានរៀល
- លេខ២ ក្រុមម៉ាឡេស៊ី ទទួលទឹកប្រាក់លើកទឹកចិត្ត ចំនួន ៣០ លានរៀល
- លេខ៣ ក្រុមសិង្ហបុរី ទទួលទឹកប្រាក់លើកទឹកចិត្ត ចំនួន ២០ លានរៀល
- លេខ៤ ក្រុមឡាវ ទទួលទឹកប្រាក់លើកទឹកចិត្ត ចំនួន១០ លានរៀល

ដូច្នេះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ទទួលបានជ័យលាភី ក្នុងនោះទី១ ទទួលបានឱកាសឡើងទៅប្រកួតក្នុងពានរង្វាន់តំបន់អាស៊ាន SEA V.League ឆ្នាំ២០២៥ ជាមួយក្រុមថៃ ឥណ្ឌូណេស៊ី និងហ្វីលីពីន និងទី២ ទទួលបានប្រាក់រង្វាន់១០០លានរៀល៕




