កាលពីល្ងាចថ្ងៃទី២៣ តុលា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហោនៅលើហ្វេសបុកថា សមាគមបាល់ទាត់ចិនហុងកុង បានអញ្ជើញក្រុមជម្រើសជាតិកម្ពុជា ធ្វើការប្រកួតមិត្តភាព នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅហុងកុង។

ការជួបគ្នាលើកនេះគឺជាលកទី១១ហើយ បន្ទាប់ពីជួបគ្នា ១០លើកកន្លងមក គិតចាប់តាំងពីឆ្នាំ១៩៩៩ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា មិនដែលស្គាល់រស់ជាតិឈ្នះ ហុងកុង ឡើយ ពោលគឺ ចាញ់ ៨លើក និងស្មើ ២លើក ខណៈការជួបគ្នានោះ កម្ពុជា ស៊ុតចូល ៧គ្រាប់ និងរបូតគ្រាប់បាល់វិញចំនួន ២៧គ្រាប់គ្រាប់។
ខាងក្រោមនេះគឺជាប្រវត្តិជួបគ្នាចំនួន ១០លើក រវាងកម្ពុជា និងហុងកុង៖
- ៣១ សីហា ១៩៥៧៖ ហុងកុង ៦-២ កម្ពុជា Merdeka Tournament
- ១៨ តុលា ១៩៩៩៖ ហុងកុង ៤-១ កម្ពុជា AFC Asian Cup
- ៧ វិច្ឆិកា ១៩៩៩៖ កម្ពុជា ០-១ ហុងកុង AFC Asian Cup
- ១ កញ្ញា ២០១៦៖ ហុងកុង ៤-២ កម្ពុជា មិត្តភាពអន្តរជាតិ
- ៦ តុលា ២០១៦៖ កម្ពុជា ០-២ ហុងកុង មិត្តភាពអន្តរជាតិ
- ៥ សីហា ២០១៩៖ កម្ពុជា ១-១ ហុងកុង វគ្គជម្រុះ World Cup
- ១៩ វិច្ឆិកា ២០១៩៖ ហុងកុង ២-០ កម្ពុជា វគ្គជម្រុះ World Cup
- ១១ មិថុនា ២០២២៖ កម្ពុជា ០-៣ ហុងកុង AFC Asian Cup
- ៧ កញ្ញា ២០២៣៖ កម្ពុជា ១-១ ហុងកុង មិត្តភាពអន្តរជាតិ
- ១៥ តុលា ២០២៤៖ កម្ពុជា ០-៣ ហុងកុង មិត្តភាពអន្តរជាតិ

ការប្រកួតមិត្តភាពរបស់ក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីហាក់មានភាពស្ងប់ស្ងាត់ ក្រោយភារកិច្ចរបស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ឆ្នាំ ត្រូវបានបញ្ចប់ ក្នុងការប្រកួតវគ្គជម្រុះក្នុងពូល G ពានរង្វាន់កម្រិតទ្វីប AFC Asian Cup Saudi Arabia 2026។
សូមរំលឹកថា ការប្រកួតមិត្តភាពអន្តរជាតិចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជា គឺជាមួយក្រុមជម្រើសជាតិតាជីគីស្ថាន បានបញ្ចប់ទៅដោយលទ្ធផលតាជីគីស្ថានបានយកឈ្នះ ២-១ ក្រោមក្រសែភ្នែកអ្នកចូលរួមទស្សនាជាង ១ម៉ឺន ៣ពាននាក់ ក្នុងពហុកីឡដ្ឋានជាតិ កាលពីរាត្រីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា គិតត្រឹមចុងខែតុលា ឆ្នាំ២០២៥នេះ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានធ្វើបច្ចុប្បន្នភាពទិន្នន័យចំណាត់ថ្នាក់ក្រុមជម្រើសជាតិទូទាំងពិភពលោកក្រោយចប់ថ្ងៃ FIFA Days ដោយក្នុងនោះឃើញថា ចំណាត់ថ្នាក់កម្ពុជា ឈរនៅលេខ ១៧៩ មាន ៩១០.២១ពិន្ទុ ខណៈហុងកុង ស្ថិតនៅចំណាត់ថ្នាក់លេខ ១៤៨ មាន ១០៥២.៥៤ពិន្ទុ៕

