ភ្នំពេញ ៖ អាជីវករផ្សារកាណាសុីធី ប្រមាណជិត១០០នាក់បានផ្ទុះការតវ៉ា កាលពីវេលាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយសារការមិនពេញចិត្ត ខណៈដែលអាជីវករលក់ដូរខាងក្នុងផ្សារមិនដាច់ផង បែជាប្រធានផ្សារ រួមជាមួយកូនចៅ យកផ្លូវជុំវិញវាយព័ទ្ធធ្វើជាកន្លែងទទួលផ្ញើម៉ូតូ ដែលបង្កឱ្យផ្លូវស្ទះតូចចង្អៀត ពលរដ្ឋចេញចូលផ្សារ ។

អាជីវករបានលើកឡើងថា អ្នកលក់ដូរតាមតូបខាងក្នុង ដាក់តាំងលក់ដូររបស់របរ បានត្រឹមតែល្អមើលទេនាពេលបច្ចុប្បន្ននេះ តូបខ្លះរកតែភ្ញៀវចូលទិញម្នាក់គ្មានផង ពោលក្សត់អ្នកចូលទិញ បើអ្នកលក់ខាងក្រៅ គ្រាន់បានដាច់ខ្លះ ។

ប្រភពបន្តទៀតថា ខណៈដែលបងប្អូនខាងក្នុងផ្សារលក់ដូរមិនដាច់ ស្រាប់តែនៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ប្រធានផ្សារបានឱ្យមនុស្សមួយក្រុម មកវាយផ្លូវជុំវិញបោះបង្គោល ហ៊ុព័ទ្ធដើម្បីយកធ្វើជាកន្លែងផ្ញើម៉ូតូ កង់ ទៅវិញ ជាហេតុបង្កឱ្យពលរដ្ឋ អ្នកចូលផ្សារ រកទិញអុីវ៉ាន់ កាន់តែលែងចូល ដោយសារផ្លូវចង្អៀត ស្ទះ ។

ឃើញសភាពបែបនេះពួកគាត់បាននាំគ្នាសួរនាំ បុគ្គលទាំងនោះបានប្រាប់ថា លោកប្រធានផ្សារអនុញ្ញាតឲ្យបង្កើតទីនោះធ្វើជាទីតាំងផ្ញើរកង់ និងម៉ូតូ ។

ដោយសារតែប្រយោជន៍បុគ្គលនិងប្រធានផ្សារ ហើយប៉ះពាល់ដល់ការរកសុីរបស់ពួកគាត់ ដែលលក់ដូរនៅផ្នែកខាងក្នុង ទើបនាំគ្នាធ្វើការតវ៉ានៅមុខការិយាល័យផ្សារខាងលើ ដើម្បីប្រឆាំងមិនឲ្យបង្កើតកន្លែងផ្ញើរម៉ូតូទីនោះឡើយ ព្រោះសព្វថ្ងៃការលក់ដូរ មិនត្រឹមលំបាកទេ គឺយ៉ាប់តែម្តង ទំរាំធ្វើកន្លែងផ្ញើម៉ូតូបាំងទៀត រឹតតែយ៉ាប់ទ្វេរដងហើយ ដូច្នេះទើបពួកគាត់ត្រូវតែធ្វើការរារាំងជាដាច់ខាត ។

ក្រោយពេលប្រជាពលរដ្ឋធ្វើការតវ៉ា អាជ្ញាធរសង្កាត់ចោមចៅទី២ និងខណ្ឌពោធិ៍សែនជ័យ បានចុះទៅធ្វើអន្តរាគមន៍សម្របសម្រួលឲ្យ ហើយបុគ្គលទាំងនោះបានបញ្ឈប់សកម្មភាព និងធ្វើការការដកបង្គោលទាំងនោះចេញវិញ ទើបបងប្អូនអាជីវករស្ងប់ចិត្ត រំសាយទៅតូបលក់ដូររៀងខ្លួន ៕

អត្ថបទ៖តាតុងសែនជ័យ

Share.