សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាយើង គួរអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនាពេលខាងមុខ។ សម្តេចធិបតីនឹងប្រើប្រាស់វេទិកាសាកលដ៏មានសារៈសំខាន់នេះ ដើម្បីលាតត្រដាងប្រាប់ពិភពលោកអំពីអំពើឈ្លានពានដ៏កំរោលរបស់ថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីនៃប្រទេសកម្ពុជាយើង។ ការប្រើប្រាស់វេទិកាសាកលបែបនេះ គឺបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាស្អប់ខ្ពើមសង្គ្រាម និងជ្រើសរើសយកសន្តិភាពតាមរយ:យន្តការការទូត និងច្បាប់អន្តរជាតិ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ។

នេះជាការបញ្ចេញទស្សនៈផ្ទាល់ខ្លួនរបស់លោកបណ្ឌិតគិន ភា ប្រធានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យ សភាកម្ពុជាតាមរយៈគណនីហ្វេសប៊ុកផ្លូវការរបស់លោក នៅរសៀលថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៥នេះ។

បើតាមលោកបណ្ឌិតគិន ភា ក្នុងឋានៈជារដ្ឋតូចដូចកម្ពុជា, ការប្រើប្រាស់យន្តការការទូត និងច្បាប់អន្តរជាតិប្រកបដោយសន្តិវិធីតាមរយ:យន្តការនានារបស់អង្គការសហប្រជាជាតិ ជាពិសេស មហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ និងវេទិកាពហុភាគីដទៃទៀត ដូចជា អាស៊ាន អាយប៉ា អង្គការហ្វ្រង់កូហ្វូនី ជាដើម ជាជម្រើសដ៏ល្អបំផុតក្នុងការដោះស្រាយបញ្ហា។

ក្នុងឋានៈជារដ្ឋតូច, យើងត្រូវចេះប្រមាណកម្លាំងយើង ទាំងកម្លាំងយោធា កម្លាំងសេដ្ឋកិច្ច កម្លាំងការទូត និងកម្លាំងព័ត៌មាន និងត្រូវមានភាពប៉ិនប្រសប់ក្នុងការងារការទូត និងច្បាប់អន្តរជាតិ។ យើងត្រូវកសាងទំនាក់ទំនងការទូតល្អជាមួយបណ្តាប្រទេសនានាទាំងក្នុងតំបន់និងពិភពលោក ព្រោះពេលយើងជួបប្រទះស្ថានភាពដូចបច្ចុប្បន្ន ដែលត្រីធំស៊ីតូច, សំឡេងសហគមន៍អន្តរជាតិមានសារៈសំខាន់ណាស់។ ទន្ទឹមនឹងនោះ យើងក៏ត្រូវធ្វើការទូតព័ត៌មានឱ្យបានល្អផងដែរ ព្រោះកម្ពុជាយើងត្រូវបានថៃលាបពណ៌តាមរយៈប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិស្ទើរគ្រប់រឿងទាំងអស់។

លោកបណ្ឌិតបានរំលឹកដែរថា ក្នុងឋានៈជារដ្ឋតូច, សូមកុំលង់លក់ក្នុងសន្តិភាព ភ្លេចពង្រឹងសមត្ថភាពយោធារបស់យើងជាប់ជានិច្ច ព្រោះសន្តិភាពមិនមែនជាការប្រគល់ឱ្យរបស់ប្រទេសណាទេ។ បើយើងខ្សោយ គេប្រមាថយើងហើយ។ តទៅ យើងត្រូវតែពង្រឹងមហាសាមគ្គីជាតិយើងឱ្យរឹងមាំ និងខិតខំប្រឹងប្រែងអភិវឌ្ឍជាតិយើងឱ្យខ្លាំងលើគ្រប់វិស័យ ទើបយើងអាចគេចផុតបានពីការប្រមាថរបស់បរទេស៕

Share.