ក្នុងនាមជាបញ្ញវន្តខ្មែរមួយរូបលោកសុក សំអឿន ជាមេធាវីដ៏មានបទពិសោធនិងមានកេរ្តិ៍ឈ្មោះល្បីល្បាយមួយរូបនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបញ្ចេញទស្សនៈថា កម្ពុជា-ថៃ គួរជ្រើសរើសផ្លូវសន្តិភាព ជាជាងសង្គ្រាម។
តាមរយៈទំព័រហ្វេសប៊ុករបស់លោក លោកមេធាវីបានសរសេរយ៉ាងដូច្នេថា ខ្ញុំមានការយល់ដឹងច្បាស់ថា បងប្អូនខ្មែរដែលបានទៅរស់នៅ និងក្លាយជាជនជាតិថៃនៅតាមបណ្ដាខេត្តមួយចំនួនដូចជា ខេត្តសុរិន្ទ បុរីរម្យ និងនគររាជសីមាជាដើម នោះ នៅតែជាបងប្អូនរួមឈាមជ័ររបស់យើងដដែល។ បើទោះជាជញ្ជាំងព្រំដែនបានបំបែកយើងចេញពីគ្នា តែចំណងមនោសញ្ចេតនារួមពូជសាសន៍ និងការយកចិត្តទុកដាក់ចំពោះសុខទុក្ខគ្នាទៅវិញទៅមកនៅតែរឹងមាំជានិច្ច។ យើងជឿជាក់ថាទំនាក់ទំនងរវាងកម្ពុជា និងថៃ គួរតែផ្អែកលើការយោគយល់គ្នាជាបងប្អូន ដោយពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងវប្បធម៌ ដើម្បីផលប្រយោជន៍រួម។
ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំងនៅពេលលឺដំណឹងថា មានការបិទច្រកព្រំដែន និងការបង្កភាពតានតឹងរវាងប្រទេសទាំងពីរ។ បើទោះជាកងទ័ពថៃមានកម្លាំង និងសព្វាវុធដ៏សម្បូរបែបជាងកម្ពុជាក៏ដោយ ខ្ញុំជឿថាប្រជាជនកម្ពុជាដែលធ្លាប់បានឆ្លងកាត់ភ្លើងសង្គ្រាមអស់ជាច្រើនទសវត្សរ៍មកហើយ មិនចង់ឃើញសោកនាដកម្មនេះកើតឡើងម្តងទៀតឡើយ។ យើងដឹងច្បាស់ថា គ្មានអ្នកណាចំណេញឡើយពីសង្គ្រាម។ ទោះបីជាយើងមិនមានអាវុធធុនធំដូចប្រទេសជិតខាងក៏ពិតមែន តែបទពិសោធន៍យុទ្ធសាស្ត្រសង្គ្រាមទ័ពព្រៃរបស់យើងអាចជាកត្តាមួយដែលធ្វើឲ្យកងទ័ពថៃពិបាកនឹងគ្រប់គ្រងស្ថានការណ៍បាន។ ជាងនេះទៅទៀត កម្ពុជាមានប្រជាជនប្រមាណ ១៧ លាននាក់ ដែលក្នុងនោះមានពលរដ្ឋរាប់លាននាក់អាចកាន់អាវុធដើម្បីការពារជាតិបាន។

ខ្ញុំសូមទទូចអង្វរដល់អ្នកនយោបាយថៃ ជនជាតិថៃដើមកំណើតខ្មែរ និងប្រជាជនសៀមដែលស្រឡាញ់សន្តិភាពទាំងអស់ ឲ្យពិចារណាដោយប្រុងប្រយ័ត្ន។ ប្រសិនបើមានសង្គ្រាមកើតឡើងមែន តើថៃនឹងទទួលបានផលចំណេញអ្វីខ្លះ? តើការបាត់បង់សន្តិភាព ការខាតបង់សេដ្ឋកិច្ច និងការរស់នៅក្នុងភាពភ័យខ្លាចរបស់ប្រជាជន អាចដូរយកបានត្រឹមតែដីពីរបីគីឡូម៉ែត្របានឬ? តើការចង់បញ្ចូលប្រទេសកម្ពុជាទាំងមូលជាខេត្តថៃ អាចទៅរួចដែរឬទេ?
យើងមិនអាចរួមរស់នៅជាមិត្តល្អនឹងគ្នា ដោយផ្លាស់ប្តូរទំនិញ ហិរញ្ញវត្ថុ និងបង្កភាពសុខដុមរមនាដល់ប្រជាជនបានទេឬ? តើអ្នកដឹកនាំថៃដែលខ្លះក៏អាចមានឈាមជ័រជាប់ពូជសាសន៍ខ្មែរដែរនោះ ពិតជាចង់ធ្វើសង្គ្រាមជាមួយខ្មែរមែនឬ?
នៅចុងបញ្ចប់នៃសាររបស់លោក លោកមេធាវីសុក សំអឿនសង្ឃឹមថា កម្ពុជា និងថៃ នឹងបញ្ឈប់ភាពតានតឹងទាំងអស់ ហើយបែរមករស់នៅជាប្រទេសជិតខាងល្អ ដោយសន្តិភាព និងរួមកម្លាំងគ្នាដើម្បីអភិវឌ្ឍប្រទេសរៀងៗខ្លួនវិញ។ លោកបានបង្ហាញការពេញចិត្តនៅពេលបានឃើញជនជាតិថៃដើមកំណើតខ្មែរនៅតែបន្តថែរក្សាវប្បធម៌ និងប្រពៃណីដូនតាខ្មែររបស់យើងតទៅមុខទៀត៕

