ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Félix Dalmás គ្រូបង្វឹកជនជាតិអាហ្សង់ទីន នឹងប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះស្រីលង្កា ក្នុងវគ្គជម្រុះជើងទី២ (Play off) ពានរង្វាន់ប្រចាំទ្វីប AFC Asian Cup Saudi Arabia 2027 នៅថ្ងៃទី១០ កញ្ញា ២០២៤នេះ វេលាម៉ោង ៧:០០នាទីយប់ ពហុកីឡដ្ឋានជាតិ (អូឡាំពិក)។

លទ្ធផលប្រកួតរវាងស្រីលង្កា និងកម្ពុជា នៅជើងទី១៖
- ជើងទី១ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ស្រីលង្កា ០-០ កម្ពុជា នៅកីឡដ្ឋាន Sugathadasa នៅស្រីលង្កា
សម្រាប់ការប្រកួតនៅជើងទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១០ ខែកញ្ញា នេះ ដោយកម្ពុជា នឹងត្រូវបើកទ្វាពហុកីឡដា្ឋនជាតិ រាជធានីភ្នំពេញ ទទួលក្រុមភ្ញៀវ ស្រីលង្កាវិញម្ដង វេលាម៉ោង ៧:០០នាទីយប់តទៅ។
មុនប៉ះគ្នានៅលើវាលស្មៅនៅល្ងាចនេះ លោក FELIX G.DALMAS គ្រូកម្ពុជា ថ្លែងថា៖«សម្រាប់ការប្រកួតថ្ងៃស្អែកពួកយើងដឹងថាយើងនឹងប្រកួតជាមួយក្រុមដែលរៀបចំខ្លួនបានល្អ ហើយខ្ញុំជឿថានេះជាលើកទី១ ដែលក្រុមជម្រើសជាតិកម្ពុជា ប្រកួតជាមួយនឹងក្រុមដែលមានកីឡាករអឺរ៉ុបច្រើននៅក្នុងក្រុម ប៉ុន្តែពួកយើងនឹងព្យាយាមលេងអោយឈ្នះក្នុងការប្រកួតនេះ ពួកយើងបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការប្រកួតថ្ងៃស្អែក។ យើងសង្ឃឹមថាការប្រកួតស្អែកនេះ យើងនឹងយកលទ្ធផលល្អជូនអ្នកគាំទ្រ។ សង្ឃឹមថានឹងមានអ្នកគាំទ្រមកចូលរួមទស្សនាច្រើនកុះករដើម្បីលើកទឹកចិត្ត ដល់ក្រុមជម្រើសជាតិកម្ពុជា»។

គ្រូបង្វឹកក្រុមជម្រើសស្រីលង្កា ថ្លែងថា៖«ពួកយើងពិតជារីករាយដែលបានមកទីនេះ ពួកយើងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ សរុបមកអ្វីៗនៅទីនេះល្អ។សម្រាប់ការប្រកួតនៅថ្ងៃស្អែកនេះនឹងពិបាកសម្រាប់ក្រុមទាំងពីរ ដោយសារការប្រកួតជើងទី១ ក្រុមទាំងពីរស្មើគ្នា ដូចនេះនឹងធ្វើឱ្យការប្រកួតនាថ្ងៃស្អែក មានការលំបាកសម្រាប់ក្រុមទាំងពីរ។ ពួកយើងសង្ឃឹមថាការប្រកួតថ្ងៃស្អែកនេះ នឹងធ្វើឱ្យប្រជាជនទាំងពីរមានភាពសប្បាយរីករាយ និងសូមឱ្យអ្នកគាំទ្រមកចូលរួមទស្សនាឱ្យបានច្រើនកុះករ»។
គ្រូបង្វឹកក្រុមជម្រើសស្រីលង្កា បន្តទៀតថា៖«បើសិនខ្ញុំនិយាយថាសង្ឃឹម ១០០% ឈ្នះកម្ពុជា ខ្ញុំអាចនឹងមានបញ្ហាជាអ្នកគាំទ្រនៅកម្ពុជា ប៉ុន្តែប្រសិនខ្ញុំនិយាយថាសង្ឃឹម ៥០% ឈ្នះកម្ពុជា នោះខ្ញុំនឹងមានបញ្ហាជាមួយប្រធានសហព័ន្ធស្រីលង្កា ដូច្នេះខ្ញុំចង់ផ្តោតលើការត្រៀមខ្លួន សម្រាប់ការប្រកួតថ្ងៃស្អែកវិញ ដើម្បីធ្វើឱ្យការប្រកួតកាន់តែជក់ចិត្ត»។

ជាមួយគ្នានេះក្រុមជម្រើសជាតិ ទីម័រខាងកើត បានយកឈ្នះម៉ុងហ្គោលី ក្នុងលទ្ធផល ៤ទល់និង១ ខណៈប្រ៊ុយណេ យកឈ្នះម៉ាកាវ ក្នុងលទ្ធផល ៣ទល់និង០ ដែលជាការប្រកួតនៅក្នុងថ្ងៃជាមួយគ្នា។
ក្រុមចំនួន៣ដែលទទួលបានជ័យជម្នះនឹងឡើងទៅជម្រុះជុំទី៣ (វគ្គជម្រុះក្នុងពូល) ដែលមាន១៩ប្រទេសដើម្បីប្រកួតប្រជែងគ្នាយក៦ក្រុមឡើងទៅជុំផ្តាច់ព្រ័ត្រ 2027 AFC Asian Cup នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតជាម្ចាស់ផ្ទះ៕



