កំពង់ចាម៖ ដេីម្បីចូលរួមទប់ស្កាត់​ និងបង្ក្រាបបទល្មេីសនេសាទខុសច្បាប់​នៅតាមព្រែក​ បឹង​ និងទន្លេ​ ក្នុងភូមិសាស្ត្រស្រុកកំពង់សៀម​ មន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែបន្តចុះ​បង្ក្រាបឧបករណ៍នេសាទខុសច្បាប់ដូចភ្លៀងរលឹម ។

  ជាក់ស្ដែង​នៅថ្ងៃទី១០ ខែកញ្ញា​ ឆ្នាំ២០២៤នេះ​ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការ​ជាមួយអាជ្ញាធរស្រុកកំពង់សៀម ដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួនពីរទីតាំង​ ក្នុងភូមិសាស្ត្រស្រុកកំពង់សៀម​ ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែង ។

  លោក​ លី​ ស្រ៉ី​ នាយខណ្ឌស្តីទី​ជលផលកំពង់ចាម​ បានឲ្យដឹងថា​ ជាលទ្ធផល​ ប្រតិបត្តិការចុះបង្រ្កាបបទល្មើសជលផលនេះដែរ​ ក្រុមការងារ​បានរុះរើកាប់បំផ្លាញចោលវត្ថុតាងនៅចំណុចផ្ទៃបឹង​ និងព្រែក​ ក្នុងឃុំកៀនជ្រៃ ស្រុកកំពង់សៀម ជារួមមាន៖​ឧបករណ៍លូស្បៃមុងចំនួន២៣មាត់, របាំងស្បៃមុងប្រវែង៦៩០ម៉ែត្រ, បង្គោលចម្រឹងចំនួន៣៤៥ដើម​និងបានចាក់លែងកូនត្រីចម្រុះទម្ងន់ ៤៦គីឡូក្រាម ។

  ទន្ទឹមនឹងនេះដែរ​​ លោក​ លី​ ស្រ៉ី​ នាយខណ្ឌស្តីទី​ជលផលកំពង់ចាម​ ដែលដឹកនាំផ្ទាល់​​ បានបន្តចុះអប់រំផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទនៅតំបន់​ កុំប្រើប្រាស់ឧបករណ៍ល្មើសច្បាប់​ និងស្នេីសុំឲ្យអាជ្ញាធរមូលដ្ឋានចូលរួមសហការ​រាយការណ៍និងបង្ក្រាប​ អ្វីដែលមន្ត្រីជំនាញស្នេីសុំទៀតនោះ​ គឺសូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការទប់ស្កាត់​ការនេសាទខុសច្បាប់​ ដេីម្បីរក្សាពូជត្រីបានច្រេីន​ ៕​

អត្ថបទ៖ អាចរ្យលាក់

Share.