លោក លី ហៀង អគ្គលេខាធិការក្លិបបាល់ទាត់ភ្នំពេញក្រោន បានចេញសេចក្តីថ្លែងការណ៍ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ជុំវិញការរិះគន់យ៉ាងខ្លាំងលើកីឡាករជម្រើសជាតិ ជាពិសេលកីឡាករ លឹម ពិសុទ្ធ លើបណ្តាញសង្គម។
ទស្សនាវីដេអូលោក លី ហៀង អគ្គលេខាធិការក្លិបបាល់ទាត់ភ្នំពេញក្រោនខាងក្រោមនេះ៖
ក្លិបបាល់ទាត់ភ្នំពេញក្រោន ថ្លែងថា៖«យើងសូមមិនគាំទ្រចំពោះការរើសអើង ឬជេរប្រមាថដោយប្រើពាក្យធ្ងន់ៗមួយចំនួនចំពោះកីឡាករដែលខំប្រឹងប្រែងលេងតំណាងឲ្យប្រទេសជាតិ។ ប្រព័ន្ធផ្សព្វផ្សាយសង្គម គួរតែជាទីកន្លែងដែលលើកទឹកចិត្ត និងគាំទ្រ ប៉ុន្តែបែរទៅជាទីកន្លែងសម្រាប់ការគំរាមកំហែង និងការរំលោភបំពានទៅវិញ។ កីឡាកររបស់យើងបានខិតខំប្រឹងប្រែងខ្លាំង ហើយក៏ប្រឈមមុខជាមួយនឹងសម្ពាធយ៉ាងខ្លាំងទាំងក្នុង និងក្រៅទីលានផងដែរ»។
ក្លិបបន្តទៀតថា៖«ក្នុងនាមជាក្លិបអាជីពយើងនឹងគាំទ្រដល់គ្រប់កីឡាករ និងជម្រុញដល់អ្នកគាំទ្រក្នុងការជួយគាំទ្រដល់ពួកគេផងដែរ។ យើងលើកទឹកចិត្តឲ្យអ្នកគាំទ្រទាំងអស់បង្កើតបរិយាកាសវិជ្ជមានមួយ និងគាំទ្រកាន់តែខ្លាំងបន្ថែមទៀត។ ក្លិបបាល់ទាត់ភ្នំពេញក្រោន សូមធ្វើការប្តេជ្ញាក្នុងការការពារនិងគាំទ្រកីឡាករ និងមិនគាំទ្ររាល់ការជេរប្រមាថ ឬការគំរាមលើគ្រប់រូបភាពទាំងអស់។ យើងនឹងបន្តធ្វើការងារទាំងនេះដើម្បី បញ្ឈប់ការគំរាមកំហែងតាមអ៊ីនធឺណិត និងធានាឱ្យបាននូវសុវត្ថិភាពដល់អត្តពលិក និងអ្នកគាំទ្ររបស់យើងផងដែរ»៕


