ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមបាល់ទាត់​ជម្រើសជាតិប៊ូតាន់ ក្នុងលទ្ធផល ៤-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ​ជំនួប​មិត្តភាព​អន្តរជាតិថ្ងៃ FIFA Day នៅរាត្រីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។

លោក Chencho Dorji ជនជាតិប៊ូតាន់ វ័យ៤៦ឆ្នាំ ចូលកាន់តំណែងជាគ្រូបង្វឹករបស់ក្រុមបាល់ទាត់ជម្រើសជាតិប៊ូតាន់ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដឹកនាំបាន២លើក ដោយលើកទី១យកឈ្នះប្រ៊ុយណេ ក្នុងលទ្ធផល ២-១ វគ្គជម្រុះពានរង្វាន់ Asian Cup ហើយជំនួបប៉ះគោព្រៃកម្ពុជា គឺការដឹកនាំលើកទី២ ជាមួយបរាជ័យក្នុងលទ្ធផល ៤-០ បញ្ចប់កំណត់ត្រាមិនចាញ់សោះ​ក្នុងអាជីពលោកគ្រូបង្វឹក។

កម្ពុជា ឈ្នះ ប៊ូតង់ អមដោយ​កំណត់ត្រា​៣ផ្សេងគ្នា៖

១) ជ័យជម្នះ​ដំបូងគេ នៅ​រាល់ដើម​ឆ្នាំ​នីមួយៗគិតចាប់តាំងពីឆ្នាំ២០២៤ លើក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើត នៅថ្ងៃទី១៧ ខែធ្នូ លទ្ធផល ២-១ ពានរង្វាន់ 2024 ASEAN Championship។

២) បិទ​មិន​អោយ​គេ​ទាន់​បញ្ជូលទីជាលើកដំបូង​​រយៈពេល២ឆ្នាំចុងក្រោយពោលគឺនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៤ ការប្រកួតមិត្តភាពអន្តរជាតិ ទល់នឹងក្រុមបាល់ទាត់ជម្រើសជាតិម៉ុងហ្គោលី ក្នុងលទ្ធផល ២-០។

៣) រក្សាកំណត់ត្រា មិនចាញ់សោះ និង​មិន​របូត​គ្រាប់​បាល់​ទាល់តែសោះ ទល់​ក្រុមប៊ូតង់៖

  • ក្រុមជម្រើសជាតិកម្ពុជា យកឈ្នះប៊ូតាន់ លទ្ធផល ២-០ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ នៅក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ក្នុងប្រកួតមិត្តភាពអន្តរជាតិ
  • ក្រុមជម្រើសជាតិកម្ពុជា យកឈ្នះប៊ូតាន់ លទ្ធផល ៤-០ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ក្នុងប្រកួតមិត្តភាពអន្តរជាតិ

ការប្រកួតមិត្តភាពអន្តរជាតិបន្ទាប់របស់ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិចិនហុងកុង (Hong Kong, China) នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីយប់ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)៕

Share.