ថ្វីត្បិតតែរឿង «យុទ្ធសិល្ប៍ស៊ុនអ៊ូខុង» ត្រូវបានថតនិងផលិតជាច្រើនលើកច្រើនសារ ប៉ុន្តែរឿង ស៊ុន អ៊ូខុង ដែលមានឈ្មោះល្បីល្បាញរហូតមកទល់នឹងបច្ចុប្បន្ននេះ គឺរឿង ស៊ុន អ៊ូខុង វគ្គ១ និង វគ្គ២ ដែលសម្ដែងដោយ Dicky Cheung និង Benny Chan កាលពីឆ្នាំ ១៩៩៦ និងឆ្នាំ១៩៩៨។

ថ្ងៃនេះត្រយងសូមលើកយកប្រវត្តិសង្ខេបរបស់តួអង្គស្ដេចស្វា ស៊ុន អ៊ូខុង វគ្គ២ ដែលសម្ដែងដោយលោក Benny Chan មកបង្ហាញជូនដូចតទៅ៖
លោកមានឈ្មោះពេញ Benny Chan Ho Man កើតនៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៦៩ បច្ចុប្បន្នលោកមានអាយុ ៥១ឆ្នាំ។ លោកបានក្លាយជាតារាសម្ដែងនិងជាតារាចម្រៀងដ៏ល្បីល្បាញនិងមានប្រជាប្រិយមួយរូបដែលមានអ្នកគាំទ្រចូលចិត្តនិងគាំទ្រ។ សម្រាប់អាជីពសិល្បៈ Benny Chan បានប្រឡូកចូលសិល្បៈដំបូងកាលពីឆ្នាំ១៩៩៤ ដោយបានបង្ហាញខ្លួននៅក្នុងវីដេអូផ្សាយពាណិជ្ជតាមកញ្ចក់ទូរទស្សន៍សម្រាប់ Vitasoy ក្រោយមកលោកមានឱកាសចូលរួមជាតារាក្នុងទូរទស្សន៍ TVB និងបានសម្ដែងរឿងភាគជាច្រើនសម្រាប់ទូរទស្សន៍មួយនេះ។ ចាប់តាំងពីឆ្នាំ២០០០ តារាហុងកុងរូបនេះមិនសូវមានសកម្មភាពច្រើននៅហុងកុងនោះទេ ដោយលោកងាកមកចាប់ការងារសម្ដែងនៅចិនដីគោកនិងចិនតៃវ៉ាន់វិញ។

ដូចបានរៀបរាប់ពីខាងលើ Benny Chan មិនត្រឹមតែជាតួសម្ដែងមួយរូបនោះទេតែលោកក៏ជាអ្នកចំរៀងម្នាក់ដែលមានអាល់ប៊ុមចម្រៀងខ្លួនឯងជាច្រើនអាល់ប៊ុម ដោយក្នុងចំណោមបទចម្រៀងល្បីៗរបស់លោក បទចម្រៀងដាក់បញ្ចូលក្នុងរឿងភាគ «យុទ្ធសិល្ប៍ស៊ុនអ៊ូខុងវគ្គ២» ឬឈ្មោះជាភាសាអង់គ្លេស «Journey to the West II» បញ្ចាំងកាលពីឆ្នាំ១៩៩៨ មានភាពល្បីល្បាញខ្លាំង។ បន្ថែមពីលើប្រជាប្រិយភាពរបស់លោកការនិពន្ធបទចម្រៀង Pokémon ចំនួន២ទម្រង់បានធ្វើឱ្យលោកទទួលបានពានរង្វាន់ជាច្រើន។

សម្រាប់ជីវិតឯកជន Benny Chan បានសម្រេចចិត្តបញ្ចប់ឈ្មោះជាកំលោះរបស់ខ្លួនហើយសុំមិត្តស្រី Lisa Jiang Lisha ជាតារាម៉ូដែលជនជាតិចិនដីគោកមកពី Hunan រៀនការនៅឆ្នាំ ២០១១ មកដល់បច្ចុប្បន្ននេះលោកមានកូនចំនួន៤នាក់ កូនប្រុសម្នាក់ និងកូនស្រីបីនាក់៕


