Miss World Cambodia 2025 ក្លាយជាអ្នកតំណាងការផ្សព្វផ្សាយឱ្យមហោស្រពភាពយន្តខ្លីចតុមុខលើកទី១៤ និងបានចូលរួមពិធីប្រកាសជាផ្លូវការការនៃការចាក់បញ្ចាំងខ្សែភាពយន្តខ្លីប្រតិដ្ឋ និងភាពយន្ត ឯកសារសរុប ៧៧ រឿង ពី ២២ ប្រទេស ដែលបានជ្រើសចេញពី១៩៦ ចំណងជើងរឿងដែលបានដាក់ពាក្យចូលរួម្រកួតសម្រាប់ទស្សនិកជនកម្ពុជានៅឆ្នាំ២០២៥នេះ។ មហោស្រពមួយនេះបានរៀបចំកម្មវិធីសន្និសីទសារព័ត៌មាននៅរោងភាពយន្ត Fable Cinema ដើម្បីផ្សព្វផ្សាយពីបេសកម្មបន្ថែមទៀត។

លោក ស៊ុំ ស៊ីថែន ជាប្រធានមហោស្រពឆ្នាំទី១៤នេះថ្លែងថា៖ មហោស្រពភាពយន្តខ្លីចតុមុខមានសារៈសំខាន់ ណាស់សម្រាប់ប្រទេសកម្ពុជាដើម្បី ជួយដល់ទស្សនិកជនរបស់យើងឱ្យទទួលបានបទពិសោធន៍ពី ការស្រមើស្រមៃ ជាសកល និងគំនិតរបស់អ្នកផលិតភាពយន្តខ្មែរដែលនឹងជះឥទ្ធិពល មកលើប្រទេសរបស់យើង។ CSFF បានបង្កើត ឡើង ដោយក្រុមយុវជនស្ម័គ្រចិត្តខ្មែរ ដោយដឹកនាំដោយ «ក្រុមភាពយន្តឈូករ័ត្ន» ហើយត្រូវបាន ទទួលស្គាល់ថា ជាមហោស្រព ដែលលើកកម្ពស់ និងផ្ដល់រង្វាន់ដល់អ្នកផលិតភាពយន្តដែលមានទេពកោសល្យនៅកម្ពុជា ក៏ដូចជានៅ អាស៊ីអាគ្នេយ៍ ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១២មក។

លោក ស៊ីថែន បន្តប្រាប់អ្នកសារព័ត៌មានទៀតថា ដោយពីមុនៗមកមហោស្រពគឺមិនតាំងចិត្តរកប្រាក់កំរៃនោះទេព្រោះយើង ចង់បង្កើន ការចូលរួមរបស់ សមិទ្ធិករភាពយន្តក្នុងស្រុក និងអន្តរជាតិឱ្យបានច្រើនកុះករ ដែលជាមនោទកភាពមួយរបស់ កម្ពុជា យើងដែលអាចបង្កើតមហោស្រពលំដាប់ អន្តរជាតិ បានលើទឹកដីខ្មែរ តែដោយសារតែយើងពុំមានការគាំទ្រ វិភាគទាន ផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់ពីដៃគូរនៅក្នុងឆ្នាំនេះទាមទារអោយយើងត្រូវ ផ្លាស់ប្តូរ យុទ្ធសាស្ត្រជាបន្ទាន់មួយចំនួន ដើម្បីធានា ដល់និរន្តន៍ភាពមហោស្រពខ្មែររបស់យើង ហើយយើងនៅតែមិនអាចចំភ្លេចនឹកដល់អង្គការ «មូលនិធិកុមារកម្ពុជា» ដែលតែងតែនៅជាមួយយើងជារៀងរហូតមក។
កាន់តែពិសេសជាងឆ្នាំមុនៗ វត្តមានកញ្ញា Julia Russell បវរកញ្ញាពិភពលោកនៃប្រទេសកម្ពុជាឆ្នាំ២០២៥ បានចូលរួមធ្វើជាទូតសុឆន្ទៈរបស់ មហោស្រពភាពយន្តខ្លីចតុមុខ២០២៥ ដោយកញ្ញាបានសម្តែងចំណាប់អារម្មណ៍ថា៖ ការគាំទ្រ CSFF ២០២៥ គឺដើម្បីផ្តល់ការគាំទ្រដល់ផលិតករភាពយន្ត ជំនាន់ក្រោយរបស់ប្រទេសកម្ពុជា។


កញ្ញា Julia Russell បានរំលឹកថា ក្នុងនាមជាមហោស្រពភាពយន្តខ្នាតខ្លីដែលដំណើរការយូរជាងគេបំផុតរបស់ប្រទេសកម្ពុជា CSFF បានបង្រួបបង្រួម ទេពកោសល្យក្នុងស្រុក ជាមួយនឹងស្តង់ដារអន្តរជាតិ បណ្ដុះបណ្ដាលគំនិតប្រកបដោយភាពច្នៃប្រតិដ្ឋទៅលើខេត្តជាង១០ និងការបង្កើតវប្បធម៌សន្ទនា រវាងវិស័យភាពយន្តកម្ពុជា និងពិភពលោក។ ការគាំទ្ររបស់អ្នកនឹងជួយបំប្លែងចំណង់ចំណូលចិត្តអោយទៅ ជាឱកាសកំរិតអាជីពដ៏ពិតប្រាកដមួយ៕
