សិល្បៈជាតិ៖ ស្របពេលដែលប្រជាពលរដ្ឋខ្មែរកំពុងតែមមារញឹកធ្វើបុណ្យសាងកុសលនាពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល ១៥ ថ្ងៃនេះ សម្រាប់បុរសសង្ហា ហុឹម ថាវយ៉ាន់ណា វិញបែរជាខកខានមិនបានជួបជុំសាច់ញាតិឡើយ ដោយសារតែជាប់ភារៈកិច្ចប្រកួតលើវេទិកាអន្តរជាតិ Mister Global 2024 ដែលប្រទេសថៃគឺជាម្ចាស់ផ្ទះ។

មែនទែនទៅ គណៈកម្មការរៀបចំកម្មវិធីប្រកួត Mister Cambodia បានតែងតាំងឱ្យ លោក ហុឹម ថាវយ៉ាន់ណា ទទួលតំណែងជ័យលាភីលេខ១ Mister Global Cambodia 2024 ជាបេក្ខភាពតំណាងកម្ពុជា ទៅចូលរួមប្រកួតកម្មវិធី Mister Global 2024 នៅទីក្រុងបាងកក ប្រទេសថៃ ដែលការប្រកួតនោះបានធ្វើឡើងចាប់ពីថ្ងៃទី២៤ កញ្ញា ២០២៤ និងវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី០៦ តុលា ២០២៤ ។

ហុឹម ថាវយ៉ាន់ណា បានចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី ២៤ ខែកញ្ញា នេះដើម្បីធ្វើដំណើរទៅកាន់ទីក្រុងបាងកក។ ជាមួយគ្នានេះដែរ បុរសសង្ហាដែលមានទម្រង់មុខកូនកាត់រូបនេះ កំពុងត្រូវបានអ្នកគាំទ្រអន្តរជាតិផ្ដោតការចាប់អារម្មណ៍យ៉ាងបន្ទាប់ពីលោកបានបំពេញវិញ្ញាសាមួយចំនួនយ៉ាងគ្រប់លក្ខខណ្ឌ និងធ្វើបានយ៉ាងល្អបំផុត។ មានអ្នកគាំទ្រខ្លះបានព្យាករណ៍ថា បេក្ខភាពតំណាងកម្ពុជារូបនេះអាចនឹងក្លាយជាម្ចាស់ពានរង្វាន់យ៉ាងអស្ចារ្យប្រចាំឆ្នាំ ២០២៤ ទៀតផង ក្រោយពួកគេសម្លឹងមើលឃើញពីសមត្ថភាព និងរូបសម្បត្តិស្រស់សង្ហា។

សូមជម្រាបជូនថា នៅអំឡុងពេលប្រកួត លោក ហុឹម ថាវយ៉ាន់ណា Mister Global Cambodia 2024 ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីអ្នករៀបចំកម្មវិធីប្រកួត ហើយបានស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៥ គឺ Royal Orchid Sheraton ជាមួយបេក្ខភាពពីប្រទេសប្រេស៊ីល ជាមិត្តរួមបន្ទប់។

គួរជម្រាបថា មើលទៅលើសំណេរនៅលើហ្វេសប៊ុកគណនីរបស់លោក ហុឹម ថាវយ៉ាន់ណា ក៏បានរៀបរាប់ទទូចឱ្យអ្នកគាំទ្រកម្ពុជាគ្រប់រូប ជួយមេត្តាតាមដានសកម្មភាពប្រកួតរបស់លោកនៅឆាកអន្តរជាតិ និងជួយបោះឆ្នោតគាំទ្ររូបលោកគ្រប់ដំណាក់កាលប្រកួតផងដែរ ព្រោះថារូបលោកផ្ទាល់ពិតជាត្រូវការកម្លាំងពីអ្នកគាំទ្រគ្រប់គ្នាយ៉ាងខ្លាំង៕

Share.