សិល្បៈជាតិ៖ ចំថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៤ នេះ គឺជាការចូលរួមអបអរសាទរ ទិវាគ្រូបង្រៀន ធ្វើឡើងក្រោមប្រធានបទ «ការអភិវឌ្ឍគ្រូបង្រៀន គឺដើម្បីអភិវឌ្ឍមូលធនមនុស្ស ឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»។ តើអ្វីទៅជាទិវាគ្រូបង្រៀន?

ទិវាគ្រូបង្រៀន ធ្វើឡើងក្រោមដើម្បីរំលឹកដល់ គ្រូបង្រៀន ដែលជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព ក្នុងគោលបំណងដើម្បីបំផុសនូវគ្រប់ភូមិសិក្សាទូទាំងប្រទេស និងរំលឹកពីគុណបំណាច់របស់គ្រូបង្រៀន ដែលបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ស្មារតី និងវិជ្ជាជីវៈ ក្នុងការបំពេញភារកិច្ច ជាអ្នកបណ្ដុះបណ្ដាលដើម្បីផ្ទេរនូវតម្លៃ ព្រមទាំងទូន្មានឱ្យសិស្សានុសិស្សធ្វើតែអំពើល្អ ស្គាល់ខុស ស្គាល់ត្រូវ និងចេះគោរពចាស់ទុំ។

គ្រូបង្រៀន ត្រូវបានចាត់ទុកជា មាតាបិតាទីពីរ ដែលបានផ្តល់ការអប់រំទាំងចំណេះវិជ្ជា និងអត្តចរិតដល់កុលបុត្រ កុលធីតា របស់យើងដែលជាទំពាំងស្នងឬស្សី។ ផ្តើមចេញពីការអនុវត្តអ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ នៅក្រោយឆ្នាំ១៩៧៩ ដែលយើងបានងើបចេញពីរបបប្រល័យពូជសាសន៍ ដែលបានបំផ្លាញគ្មានសល់ទាំងធនធានមនុស្ស និងហេដ្ឋាចរនាសម្ព័ន្ធនោះ សង្គមយើងបានកសាងធនធានមនុស្សបានយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ចូលរួម កសាង និងអភិវឌ្ឍប្រទេសជាតិរហូតមកទល់ពេលបច្ចុប្បន្ន។នេះជាគុណបំណាច់ និងការលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃបានរបស់លោកគ្រូ អ្នកគ្រូ។

ឆ្នាំនេះ ទិវាគ្រូបង្រៀននៅថ្នាក់ជាតិ ក្រោមប្រធានបទ “ការអភិវឌ្ឍគ្រូបង្រៀនគឺអភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” គឺដើម្បីបង្ហាញអំពី ទិសដៅគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការចូលរួម និងកសាងមូលដ្ឋានគ្រឹះពាក់ព័ន្ធនឹងការអភិវឌ្ឍគ្រូបង្រៀន តាមរយៈកំណែទម្រង់សាលាគរុកោសល្យគ្រប់ជ្រុងជ្រោយ ស្របតាមខ្លឹមសារនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តកម្មឧស្សាហកម្ម៤.០ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា និងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះដ៏សំខាន់ក្នុងការសម្រចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ ការអភិវឌ្ឍមូលធនមនុស្សដែលមានសមត្ថភាព និងភាពឆ្លើយតបទៅនឹងតម្រូវការនៃមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា គឺជាភាពចាំបាច់ ដែលមិនអាចរំលងបាន និងទាមទារឱ្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវអនុវត្តកិច្ចការកំណែទម្រង់អប់រំជាច្រើន ដោយផ្តើមចេញពីកំណែទម្រង់ថ្នាក់ជាតិ ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព៕

Share.