បន្ទាប់ពីចែកផ្លូវជាមួយក្រុមជម្រើសជាតិកម្ពុជា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ ស្រាប់តែនៅព្រឹកថ្ងៃទី៩ ខែតុលា លោក Felix Dalmas អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានចេញ​សារ​​ពី​ចំណុច​វិជ្ជមាន​​​មួយ​ចំនួនអំឡុងលោក​នៅដឹកនាំ។

លោក Felix Dalmas បានថ្លែងថា៖«ជម្រាបសួរបងប្អូនអ្នកគាំទ្របាល់ទាត់កម្ពុជា ជាទីគោរព! អីឡូវនេះដល់ពេលដែលត្រូវបិទជំពូកមួយនេះហើយ។ តែសូមរំលឹកបន្តិចនៅឆ្នាំ ២០១៩ ពេលដែលយើងបានបង្កើតប្រវត្តិសាស្រ្តរួមគ្នា ក្នុងអំឡុងស៊ីហ្គេម និងក្នុងការប្រកួត AFF ដែលបានបង្ហាញពីអ្វីដែលក្រុមបាល់ទាត់កម្ពុជា អាចធ្វើបាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនាំមកនូវដោយភាពរុងរឿង និងសេចក្តីសុខសុភមង្គលដល់អ្នកគាំទ្រកម្ពុជាជាខ្លាំង»។

លោកបន្តទៀតថា៖«ហើយពេលនោះដែរ យើងពិតជា​លើក​កម្ពស់​បាល់​ទាត់​កម្ពុជាបានល្អ ប្រសើរខ្លាំងខ្លាមែនទែន។ យើង​មិន​ស្គាល់​ភាពចាញ់​ទាល់តែសោះ​ក្នុង​ការ​ប្រកួត​ក្នុង​ផ្ទះ​អស់​រយៈ​ពេល​មួយ​ឆ្នាំ ហើយ​បាន​រក្សា​ភាពខ្លាំងក្នុងទឹកដី​របស់​យើង​ទល់​នឹង​គូ​ប្រជែង​ខ្លាំង​ៗជាច្រើន​ រួមទាំងក្នុង​ការ​ប្រកួត​ក្រៅ​ដីផងដែរ»។

លោក Felix បន្ថែម៖«យើង​បាន​បើក​ទ្វារ​ទទួល​យក​នៅកីឡាករ​បរទេស​ចូល​សញ្ជាតិ។ យើងបានផ្តល់ឱកាស និងអភិវឌ្ឍគ្រូបង្វឹកក្នុងស្រុកជាច្រើន។ យើងបាននាំបាល់ទាត់កម្ពុជា ខិតទៅជិតសក្តានុពលពិតរបស់វា ជាមួយនឹងមនោគមវិជ្ជាលេងយ៉ាងច្បាស់លាល់។ យើងបានលើកកម្ពស់ស្តង់ដារ និងកម្រិតរបស់ក្រុមជម្រើសជាតិ ពង្រឹងការប្រកួត ដើម្បីឲ្យអ្នកដែលបន្តអភិវឌ្ឍកីឡាទៅថ្ងៃអនាគត មានមូលដ្ឋានគ្រឹះរឹងមាំ ដើម្បីជំរុញប្រទេសកម្ពុជាឆ្ពោះទៅមុខជានិច្ច។ ហើយក្រុមបាល់ទាត់មួយ​នេះ​ស្ថិត​នៅ​លើ​ចំណុច​របត់​នៃ​ក្រុម​ហ្វុ​ត​បូល​កម្ពុជា ហើយ​នឹង​បន្ត​រីកចម្រើន​ជាមួយនឹង​ទេពកោសល្យ​កីឡាករកម្ពុជា​ដែល​កំពុងបន្ត​អនុវឌ្ឍន៍ដើម្បីភាពរីកចម្រើនទៅមុខ​»។

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បន្ត៖«មាន​មនុស្ស​ល្អ​ៗជាច្រើនដែលកំពុង ធ្វើ​ការ​ក្នុង​វិស័យបាល់ទាត់កម្ពុជាមួយនេះ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះបុគ្គលិកដែលបានទទួលខុសត្រូវលើការជំរុញក្នុងវិស័យអភិវឌ្ឍន៍ និងកំពុងហ្វឹកហ្វឺនរបស់បាល់ទាត់ប្រទេសកម្ពុជាយ៉ាងខ្លាំងក្លា នៅ​ទូទាំង​ជំរុំហ្វឹកហាត់​ជា​ច្រើន៖ អ្នកពិងជាមានអនាគតដ៏អស្ចារ្យនៅខាងមុខរបស់អ្នក។ សូមអរគុណដល់កីឡាករទាំងអស់ដែលបានលះបង់គ្រប់បែបយ៉ាង និងតស៊ូ ហើយជឿជាក់លើវិស័យបាល់ទាត់របស់កម្ពុជាយើង៖ សូមបន្តការពារពណ៌ (Color) បាល់ទាត់កម្ពុជាដោយទឹកចិត្ត ជាមួយទេពកោសល្យ និងស្មារតីអង្គអាចក្លាហានរបស់អ្នក»។

លោក Felix Dalmas ជាចុងក្រោយ៖«សូមអរគុណដល់បងប្អូនទាំងអ្នកគាំទ្រអស់ដែលជឿរជាក់លើពួកយើង និងគាំទ្រពួកយើងរហូតដល់ទីបញ្ចប់ ខ្ញុំសូមជូនពរបងប្អូនខ្មែរទាំងអស់ជាទីគោរពនូវសុខភាពល្អ។ ខ្ញុំពិតមានមោទនភាពខ្លាំងណាស់ដែលបានក្លាយជាផ្នែកមួយនៃប្រវត្តិសាស្រ្តរបស់បាល់ទាត់ប្រទេសកម្ពុជា ហើយខ្ញុំទន្ទឹងរង់ចាំមើលថា តើកម្ពុជា នឹងធ្វើអ្វីបន្ទាប់ទៀត។ ខ្ញុំ​នឹង​បន្ត​គាំទ្រ​មនុស្ស​ល្អ​ៗដែល​ធ្វើ​ការ​ដើម្បី​ធ្វើ​ឱ្យ​ក្រុម​បាល់ទាត់​កម្ពុជា​កាន់​តែ​ប្រសើរ​ឡើង។ សូមសំណាងល្អ និងជោគជ័យទាំងអស់គ្នា។ រហូតដល់ វិស័យបាល់ទាត់មួយនេះ នាំយើងមកជួបជាមួយគ្នាម្តងទៀត។ សូមអរគុណ»៕



Share.