អ៊ីស្តង់ប៊ុល៖ អាកាសយានិកក្រុមហ៊ុនអាកាសចរណ៍តួកគីម្នាក់ បានស្លាប់បន្ទាប់ពីបានដួល ក្នុងពេលហោះហើរ ដោយបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍មួយនេះ ធ្វើការចុះចតជាបន្ទាន់នៅទីក្រុងញូវយ៉ក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ លោក Yahya Ustun បានសរសេរនៅលើបណ្ដាញសង្គម X ថា «អ្នកបើកយន្តហោះ Airbus 350 របស់យើង ជើងហោះហើរ TK204 ពីទីក្រុង Seattle សហរដ្ឋអាមេរិក ទៅកាន់ទីក្រុង Istanbul ប្រទេសតួកគី បានដួលក្នុងអំឡុងពេលហោះហើរ»។ បន្ទាប់ពីការប៉ុនប៉ងមិនបានជោគជ័យក្នុងការផ្តល់ជំនួយសង្គ្រោះបឋម ក្រុមយានិកនៃអាកាសយានិកម្នាក់ទៀត និងសហអាកាសយានិក បានសម្រេចចិត្តចុះចតបន្ទាន់ ប៉ុន្តែអាកាសយានិករូបនោះបានស្លាប់ នៅមុនពេលចុះចតបាត់ទៅហើយ។

ទិន្នន័យពីគេហទំព័រតាមដានជើងហោះហើរ FlightAware បង្ហាញថា យន្តហោះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ John F Kennedy នៅមុនម៉ោង ៦ ព្រឹក។ អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍និយាយថា ការរៀបចំ ត្រូវបានធ្វើឡើងសម្រាប់អ្នកដំណើរ ដើម្បីបានទៅដល់គោលដៅរបស់ពួកគេពីទីក្រុងញូវយ៉ក។
អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍មួយរូប បានសរសេរថា អាកាសយានិកអាយុ ៥៩ឆ្នាំ ឈ្មោះ Ilcehin Pehlivan បានបម្រើការឱ្យក្រុមហ៊ុនអាកាសចរណ៍ទួរគីតាំងពីឆ្នាំ២០០៧ បានឆ្លងកាត់ការពិនិត្យសុខភាពកាលពីខែមីនា ដែលពុំមានការបង្ហាញពីបញ្ហាសុខភាពណាមួយឡើយ។

អ្នកនាំពាក្យរូបនេះ បន្ដថា ក្នុងនាមជាអ្នកតំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍តួកគី យើងមានអារម្មណ៍សោកស្ដាយបំផុត ចំពោះការបាត់បង់ប្រធានក្រុមរបស់យើង ហើយសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារដែលបានបាត់បង់សមាជិក និងមនុស្សជាទីស្រលាញ់របស់ពួកគាត់ទាំងអស់»។
យ៉ាងណាម៉ិញ យន្ដហោះដឹកអ្នកដំណើរតួកគី បានចុះចតនៅទីក្រុងញូវយ៉កដោយសុវត្ថិភាព មិនបង្កឱ្យអ្នកដំណើរ ឬក្រុមពហុនិកា រងរបួសនោះឡើយ៕

