ប្រលោមលោកជាប្រភេទអក្សរសិល្ប៍ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមខ្មែរ។ ក្នុងនោះយើងឃើញមានសន្ទុះនៃការបោះពុម្ព និងកំនើននៃអ្នកនិពន្ធវ័យក្មេងជាច្រើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើក្រឡេកមើលប្រលោមលោកវិញ យើងឃើញមានការកើនឡើងគួរឱ្យកត់សម្គាល់។ ប្រលោមលោកស្នេហាបែបយុវវ័យ បែបរន្ធត់ បែបបរទេស និងបែបស្នេហាបុរសស្រឡាញ់បុរសក៏កំពុងតែទទួលបានការគាំទ្រច្រើនផងដែរ។ តើមានមូលហេតុអ្វីដែលបណ្តាលឱ្យអ្នកនិពន្ធខ្មែរខ្លះបានចាប់ផ្តើមការនិពន្ធប្រលោមលោកបែបស្នេហាបុរសស្រឡាញ់បុរស? តើប្រលោមលោកប្រភេទនេះបានជួយសង្គមតាមរបៀបណាខ្លះ?
អ្នកនាង លឹម សន្តិភាព ជាអ្នកនិពន្ធខ្មែរ បច្ចុប្បន្នរស់នៅប្រទេសកាណាដា ទើបតែបានចេញផ្សាយសៀវភៅ “ភ្នំព្រះអាទិត្យ” ដែលជាប្រភេទប្រលោមលោកមនោសញ្ចេតនាបែបបុរសស្រឡាញ់បុរសជាលើកដំបូង បានឱ្យត្រយងដឹងថាមូលហេតុដែលខ្លួននិពន្ធប្រលោមលោកបែប BL នេះឡើង គឺដោយសារតែអ្នកនាង សង្កេតឃើញថាសង្គមបច្ចុប្បន្ននៅមានអ្នករើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ហើយខ្លួនក៏មានមិត្តដែលស្រឡាញ់ភេទដូចគ្នាផងដែរ។ ដូច្នេះអ្នកនិពន្ធរូបនេះចង់លើកទឹកចិត្តមនុស្សជាពិសេសអ្នកស្រឡាញ់ភេទដូចគ្នា កុំគិតថាខ្លួនជាមនុស្សខុសគេ និងខ្លួនមានកំហុសដោយសារតែស្រឡាញ់មនុស្សភេទដូចគ្នា។ អ្នកនិពន្ធលឹម សន្តិភាព តាមរយៈស្នាដៃរបស់ខ្លួនចង់ឱ្យអ្នកស្រឡាញ់ភេទដូចគ្នាដឹងថាយើងមានសិទ្ធិស្មើនឹងអ្នកស្រឡាញ់ភេទផ្ទុយគ្នា និងមានសិទ្ធិក្នុងការជ្រើសរើសវិថីជីវិតដែលខ្លួនចង់ដើរ។
ស្រដៀងគ្នានេះដែរ អ្នកនិពន្ធ ឆាន់ វុត្ថា ជាម្ចាស់ស្នាដៃប្រលោមលោកបែបបុរសស្រឡាញ់បុរស ដូចជា “មនុស្សគល់ឈើ” “ចង្វាក់បេះដូង” និង “វាយោលាក់ស្នេហ៍” បានប្រាប់ពីមូលហេតុដែលនាំឱ្យលោកនិពន្ធប្រលោមលោកបែប BL ដោយសារតែលោកចង់បញ្ជ្រាបសារផ្សេងៗ ទៅកាន់អ្នកអាន ជាពិសេសអ្នកដែលស្រឡាញ់ភេទដូចគ្នា ឱ្យជម្នះនឹងការរើសអើសក្នុងសង្គម និងបង្ហាញពីបញ្ហាដែលអ្នកស្រឡាញ់ភេទដូចគ្នាជួបនៅក្នុងជីវិតស្នេហារបស់ខ្លួន។ លោកបន្ថែមទៀតថា ការសរសេរប្រលោមលោកនីមួយៗតែងត្រូវការឱ្យអ្នកនិពន្ធដាក់អារម្មណ៍ទៅតាមសាច់រឿង ខណៈលោកក៏ធ្លាប់ឆ្លងកាត់ស្នេហាប្រភេទនេះ ទើបលោកអាចសរសេររឿងបែបនេះបាន។
ចំណែកអ្នកនិពន្ធ ពៅ មករា ម្ចាស់ស្នាដៃប្រលោមលោក “ម៉ឺនឯក” និង “មកតាមសន្យា” វិញបានលើកឡើងថា ប្រលោមលោកបែប BL មានតិច ហើយភាគច្រើនអ្នកសរសេរលើកឡើងពីសង្គម ពីការប្រកាន់រើសអើងអ្នកស្រឡាញ់បុរសដូចគ្នា។ អ្នកនិពន្ធ ពៅ មករា ក៏និពន្ធរឿងប្រភេទបែប BL ដែរតែលោកមិនដាក់ឱ្យចំឱ្យស៊ីជម្រៅពេកនោះទេ ព្រោះលោកគិតថាស្នេហាភេទដូចគ្នាគឺមានការយល់ដឹងច្រើនហើយពីសំណាក់សាធារណជន។ តែអ្វីដែលលោកបង្ហាញនៅក្នុងស្នាដៃរបស់ខ្លួនគឺការបញ្ជ្រាបពីអារម្មណ៍ស្នេហារវាងមនុស្សប្រុសនិងមនុស្សប្រុស ថាតើជាអារម្មណ៍ពិត ឬលេងសើច មួយពេលជាដើម។
![](https://troryorng.com/wp-content/uploads/2021/09/ពៅ-មករា-2.jpg)
លោកលើកឡើងដូច្នេះដោយសារតែលោកយល់ថា បុរសពេលស្រឡាញ់បុរសដូចគ្នា គាត់នឹងសួរខ្លួនឯងថាពិតជាស្រឡាញ់ភេទដូចគ្នាមែនឬក៏អត់។ ការទទួលស្គាល់របស់គ្រួសារទាំងសងខាង ដែលកើតឡើងក្នុងសង្គមយើង និងបរទេស សុទ្ធតែត្រូវការពេលវេលា ហើយចង់ឱ្យអ្នកអានបើកចិត្តបើកគំនិតចំពោះអ្នកស្រឡាញ់ភេទដូចគ្នា។ មួយទៀត គឺនៅក្នុងស្នាដៃរបស់លោកក៏បានបញ្ជ្រាបពីវប្បធម៌សង្គម សិល្បៈ ប្រពៃណី។ ចង់លើកទឹកចិត្តឱ្យស្គាល់ពីខ្លួនឯង ហើយរស់ជាខ្លួនឯង។ ពឹងលើបបូរមាត់អ្នកដទៃ គឺនឹងមិនអាចរស់នៅជាខ្លួនឯងបានទេ។
ការសរសេរប្រលោមលោកបែប BL បាននាំមកនូវក្តីបារម្ភខ្លះៗដែរ ពីអ្នកនិពន្ធទាំងបីរូបខាងលើ ដោយហេតុថានៅក្នុងសង្គមរបស់យើង នៅតែមានអ្នកដែលមិនទាន់បើកចិត្តគ្រប់គ្រាន់ សម្រាប់អ្នកដែលស្រឡាញ់ភេទដូចគ្នា។
អ្នកនិពន្ធ ឆាន់ វុត្ថា បានចែករំលែកក្តីបារម្ភរបស់ខ្លួនថា កាលពីដំបូងឡើយលោកបារម្ភណាស់ ខ្លាចពេលបោះពុម្ពផ្សាយទៅមិនបានទទួលការគាំទ្រ ព្រោះជាការនិពន្ធបែបនេះលើកដំបូង។ តែឆ្លងកាត់ការចេញផ្សាយបាន៣ស្នាដៃកន្លងមក លោកចាប់ផ្តើមទទួលការគាំទ្រគួរឱ្យកត់សម្គាល់ ហើយជាអ្វីដែលធ្វើឱ្យលោក មានកម្លាំងស្វែងរកនូវអ្វីដែលថ្មីៗ ប្លែកៗបន្ថែមទៀតទៅលើប្រលោមលោកមួយប្រភេទនេះ។
![](https://troryorng.com/wp-content/uploads/2021/09/ពៅ-មករា-មកតាមសន្យា-1024x768.jpg)
ចំណែកឯអ្នកនិពន្ធ ពៅ មករា វិញហាក់មិនសួវជាមានក្តីបារម្ភនោះទេ ពីព្រោះលោកសរសេរប្រលោមលោកប្រភេទនេះគឺដើម្បីក្តីស្រមៃ និងបង្ហាញពីទេពកោសល្យដែលអាចសរសេររឿងបែបនេះ បែបអភិនីហារ ដែលមានរសជាតិថ្មីប្លែក។ លោកទទួលស្គាល់ថា ប្រសិនបើសៀវភៅមានការគាំទ្រច្រើន នោះអ្នកនិពន្ធដឹងតែមានក្តីរំភើបរីករាយខ្លាំង ប៉ុន្តែលោកបានត្រៀមចិត្តរួចជាស្រេចថាបើជោគជ័យ ឬបរាជ័យលោកអាចទទួលយកបានដូចគ្នា។ បើជោគជ័យគឺសប្បាយ ហើយបើបរាជ័យក៏មិនសូវជាឈឺចាប់ខ្លាំង។
រីឯអ្នកនិពន្ធ លឹម សន្តិភាព វិញបានលើកឡើងនូវបទពិសោធរបស់ខ្លួនមុនចេញស្នាដៃសៀវភៅប្រលោមលោក “ភ្នំព្រះអាទិត្យ” គឺមុនពេលចេញផ្សាយ ខ្លួនបានបង្ហោះរឿងបានប៉ុន្មានវគ្គដែរនៅលើហ្វេសប៊ុករបស់ខ្លួន ហើយឃើញថាមានការគាំទ្រច្រើន ពីអ្នកអាន ហើយសំណូមពរឱ្យចេញជាសៀវភៅ ពីព្រោះពួកគេចូលចិត្តកាន់សៀវភៅអាននៅលើអនឡាញ។
គួរដឹងថាកំណើននៃការគាំទ្រសៀវភៅប្រលោមលោកស្នេហាបុរសស្រលាញ់បុរស (BL) នេះ មានសន្ទុះគួរសម ដោយសារតែចំនួននៃការលក់សៀវភៅមានការកើនឡើងគួរឱ្យកត់សម្គាល់ ខណៈអតិថិជនជាអ្នកអានភាគច្រើនគឺជាយុវនារី៕
អត្ថបទ៖ គឹម ឌីណា
![Telegram-Troryorng](https://troryorng.com/wp-content/uploads/2021/05/Troryorng-Telegram-1-1024x126.jpeg)