ស្វាយរៀង៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបព្ជាក់ជុំវិញករណីជនជាតិវៀតណាមម្នាក់បានយកកាំភ្លើងមកភ្ជង់មន្រ្តីពន្ធនាគារដែលនៅកាពារ រួចរត់គេចខ្លួនកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៦៖៤០នាទី នៅពន្ធនាគារខេត្តស្វាយរៀង។
តាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានបញ្ជាក់ថា នៅថ្ងៃកើតហេតុ មានជនជាតិម្នាក់ ឈ្មោះ ហ្វៀង ឌីងទន់ ភេទប្រុស អាយុ១៧ឆ្នាំ បានមកសួរសុខទុកអ្នកទោស ឈ្មោះ ង្វៀង តុងហ្វឹង ភេទប្រុស អាយុ២៤ឆ្នាំ ដែលជាជនជាតិវៀតណាមដូចគ្នា នៅពន្ធនាគារខេត្តស្វាយរៀង។

បន្ទាប់ពីសួរសុខទុក្ខបានប្រហែល៥នាទី ជនសង្ស័យឈ្មោះ ហ្វៀង ឌីងទន់ បានដើរចេញមកខាងក្រៅ ស្រាប់តែឈ្មោះ ង្វៀង តុងហ្វឹង រត់មកតាមក្រោយដោយបានយកកាំភ្លើង១ដើម មិនចាំម៉ាក ពីឈ្មោះ ហ្វៀង ឌីងទន់ មកភ្ជុងទៅលើមន្ត្រីការពារ រួចបានឡើងម៉ូតូធ្វើការរត់គេចខ្លួន។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាមៗ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា, វរសេនីយ៍ឯក ឆាន់ គិតលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីធ្វើការស៊ើបអង្កេត និងស្រាវជ្រាវទណ្ឌិត និងបក្ខពួកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានឱ្យដឹងទៀតថា ដោយផ្អែកតាមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ជាមួយបណ្ដាអង្គភាព និងស្ថាប័នពាក់ព័ន្ធ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទទួលបានព័ត៌មានថា ជនសង្ស័យទាំង២នាក់ ម្នាក់ជាទណ្ឌិតដែលត្រូវរំដោះ និងម្នាក់ទៀតដែលជាអ្នកមករំដោះ ត្រូវសមត្ថកិច្ចវៀតណាមឃាត់ខ្លួនបានហើយ។ បច្ចុប្បន្នកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងសហការជាមួយអង្គភាព ស្ថាប័នពាក់ព័ន្ធដើម្បីចាត់ការបន្ដតាមនីតិវិធី៕

អត្ថបទ៖ កណ្តាល

