ក្រុមកីឡាការិនីអេឡិចត្រូនិកអ្នកចម្បាំងអង្គរកម្ពុជា បានឡើងទៅកាន់វគ្គពាកកណ្ដាលផ្ដាច់ព្រ័ត្រ (៣ក្រុមចុងក្រោយ) បន្ទាប់ពីឈ្នះ ក្រុមនារីអ៊ុយក្រែន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Lower Bracket នៃព្រឹត្តិការណ៍ជើងឯកពិភពលោកលើកទី១៦ (IESF – International Esports Federation 16th World Esports Championship 2024) វិញ្ញាសា Mobile Legends: Bang Bang នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ក្នុងការប្រកួតនៅវគ្គសន្សំពិន្ទុក្នុងពូលកនុំ្លងទៅ ក្រុមកីឡាការិនីអ្នកចម្បាំងអង្គរកម្ពុជា ពិជាធ្វើបានល្អ ដោយឈរនៅលេខ២ ក្នុងពូល B ដោយបានចាញ់អ៊ុយក្រែន ១-០ តែមួយប្រកួតប៉ុណ្ណោះ បានធ្វើអោយអ៊ុយក្រែនឈរលេខ ១ក្នុងពូល B ប៉ុន្តែនៅពេលនេះក្រុមនារីកម្ពុជា បានទម្លាក់អ៊ុយក្រែន ដោយជ័យជម្នះ ២-០ វិញ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Lower Bracke ឡើងទៅកាន់វគ្គ៣ក្រុមចុងក្រោយ។

ដូចនេះ ក្រុមកីឡាការិនីអេឡិចត្រូនិកអ្នកចម្បាំងអង្គរកម្ពុជា នៅថ្ងៃនេះ គឺជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយរង់ចាំរវាងក្រុមខ្លាំង ឥណ្ឌូណេស៊ី ប៉ះ អេហ្ស៊ីប នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Upper Bracket។ រវាង ឥណ្ឌូណេស៊ី និង អេហ្ស៊ីប ក្រុមណាឈ្នះ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ហើយក្រុមណាចាញ់ នឹងធ្លាក់មកជួប ក្រុមនារីកម្ពុជា ដោយការប្រកួត នឹងចាប់ផ្ដើមពីម៉ោង ៤:០០នាទីល្ងាចតទៅ (ម៉ៅងនៅកម្ពុជា)។
សូមបញ្ជាក់ថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានបញ្ជូនក្រុមកីឡាការិនីអ្នកចម្បាំងអង្គរកម្ពុជា ចូលរួមប្រកួតព្រឹត្តិការណ៍ជើងឯកពិភពលោកលើកទី១៦ (IESF – International Esports Federation 16th World Esports Championship 2024) វិញ្ញាសា Mobile Legends: Bang Bang ប្រាក់រង្វាន់ ក្រុមជើងឯកទទួលបាន ៥ម៉ឺនដុល្លារ ក្រុមលេខ២ទទួលបាន ២.៥ម៉ឺនដុល្លារ និងក្រុមលេខ៣ទទួលបាន ១.៥ម៉ឺនដុល្លារ ខណៈក្រុមចំណាត់ថ្នាក់លេខ៤ដល់លេខ១៦ក៏ទទួលបានប្រាក់រង្វាន់ដែរ៕


