បញ្ចប់ភារកិច្ចនៅក្នុងព្រឹត្តិការណ៍ប្រកួត​កីឡា​អេឡិចត្រូនិក​ជើង​ឯក​ពិភព​លោក (World Esports Championship) ឬ IESF WEC 2024 លើក​ទី​១៦ សម្រាប់វិញ្ញាសារ MLBB ផ្នែកនារី នៅ​រាជធានី រីយ៉ាត ព្រះ​រាជា​ណា​ចក្រ​អារ៉ាប៊ីសាអ៊ូ​ឌីត ឃើញ​ថា​ក្រុម​នារី E-Sports កម្ពុជា ឈ្នះមេដាយ​ប្រាក់​ជាលើកដំបូង។

ក្នុង​នោះក្រុម CFU Serendipity ដែល​តំណាងក្រុមជម្រើសជាតិកម្ពុជា Angkor warrior ទទួលបាន​ចំណាត់ថ្នាក់ជើងឯករង ក្រោយឆ្លងកាត់ការ​ប្រកួត​មាន​ច្រើន​ដំណាក់​កាល​ក្នុង​នោះ​ការ​ប្រកួត​ជម្រុះ​តាម​អន​ឡាញ​ដើម្បី​ជ្រើស​រើស​យក​ចំនួន​១២​ប្រទេស​ចុង​ក្រោយ​ទៅ​ប្រកួត​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។ ​

ការ​ប្រកួត​ជុំ​ចុង​ក្រោយ នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ក្រុម​នារី​កម្ពុជា ស្ថិត​នៅ​ពូល B ជាអ៊ុយក្រែន នេប៉ាល់ អាហ្សង់ទីន ម៉ុងហ្គោលី និង​កូឡុំប៊ី ខណៈ​ពូល A មាន​ឥណ្ឌូណេស៊ី អេហ្ស៊ីប អារ៉ាប៊ីសាអ៊ូឌីត អ៊ូបេគីស្ថាន ហ្គាតេម៉ាឡា និង​​អារ៉ាប់រួម។

ការ​ប្រកួត​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ក្រុម​នារី​កម្ពុជា ​បាន​​លេខ​២ បាន​ឡើង​ទៅ​កាន់​វគ្គ​ខ្វែង បន្ទាប់​ពី​ឈ្នះនេប៉ាល់ អាហ្សង់ទីន ម៉ុងហ្គោលី និងកូឡុំប៊ី ប៉ុន្តែ​បាន​ចាញ់ អ៊ុយក្រែន៖

​ឆ្លងកាត់​ការប្រកួតជាច្រើន​នៅវគ្គ Play Off ទីបំផុត​ក្រុម​នារីកម្ពុជា បាន​ឈានដល់វគ្គ​ផ្តាច់​ព្រ័ត្រ ដោយបាន​ចាញ់ ឥណ្ឌូណេស៊ី ដោយ​លទ្ធផល ២-០ ទទួល​បាន​ត្រឹម​ជើង​ឯករងអម​ដោយ​ប្រាក់​រង្វាន់​ ២៥០០០​ដុល្លារ​អាមេរិក។ ក្រុម​នារី​កម្ពុជា​នៅ​តែ​មិន​អាច​យក​ឈ្នះ​ឥណ្ឌូណេស៊ី​បាន សម្រាប់​ការ​ជួប​គ្នា​​៤​​លើក​ក្នុង​ព្រឹត្តិការណ៍​នេះគឺ​២​លើក​នៅ​ជុំ​ចុង​ក្រោយ និង​២​លើក​ក្នុង​វគ្គ​ជម្រុះ​ប្រចាំ​តំបន់​អាស៊ាន​។

ខាង​ក្រោម​នេះ គឺ​ជា​ចំណាត់​ថ្នាក់ជ័យលាភី​ក្រុម​ទាំង​១៦៖

  • លេខ១ មេដាយ​មាស ៖ ឥណ្ឌូណេស៊ី​ ទទួល​បាន ៥​០០០០ដុល្លារ
  • លេខ២ មេដាយ​ប្រាក់ ៖ កម្ពុជា​ ទទួល​បាន ២៥០០០ដុល្លារ
  • លេខ​៣ មេដាយ​សំរិទ្ធ ៖ អេហ្ស៊ីប ទទួល​បាន ១៥០០០ដុល្លារ
  • លេខ​៤៖ អ៊ុយក្រែន ទទួល​បាន ១០០០០​ដុល្លារ
  • លេខ​៥៖ នេប៉ាល់ ទទួល​បាន​ ៧៥០០​ដុល្លារ
  • លេខ​៦៖ អារ៉ាប៊ីសាអ៊ូឌីត ៧៥០០​ដុល្លារ
  • លេខ​៧៖ អ៊ូបេគីស្ថាន ទទួល​បាន ​២៥០០​ដុល្លារ
  • លេខ៨៖ អាហ្សង់ទីន ទទួល​បាន​​ ២៥០០​ដុល្លារ
  • លេខ​៩៖ ហ្គាតេម៉ាឡា
  • លេខ​១០៖ ម៉ុងហ្គោលី
  • លេខ១១៖ អារ៉ាប់រួម
  • លេខ​១២៖ កូឡុំប៊ី

និយាយដោយឡែក​សម្រាប់​ក្រុម ​CFU Serendipity ដែល​តំណាងក្រុមជម្រើសជាតិកម្ពុជា Angkor warrior ក្រោម​ការដឹក​នាំ​ដោយ​លោក T1m3go ជនជាតិ​ចិន ក៏​ធ្លាប់​មាន​ប្រវត្តមិន​ធម្មតា​ឡើយ ដោយ​ធ្លាប់​ឈ្នះ ជើង​ឯក Queen Arena Series និង​បង្ហាញ​ខ្លួន​លើឆាក​អន្តរជាតិ​ជាបន្តបន្ទាប់។

ក្រុមកីឡាការិនីមកពីក្រុម CFU Serendipity (MLBB) នឹង​ត្រូវ​តំណាងក្រុមជម្រើសជាតិ (ANGKOR WARRIORS) នឹងទៅចូលរួមប្រកួត ASIAN ESPORTS GAMES 2024 ដែលសហព័ន្ធនឹងបញ្ជូនកីឡា២វិញ្ញាសាគឺ  MLBB FEMALE និង eFootball Mobile នៅប្រទេសថៃពី ថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ តែវិញ្ញាសា eFootball Mobile ប្រកួតដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤។

សូម​បញ្ជាក់​ថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានបញ្ជូនក្រុមកីឡាការិនីអ្នកចម្បាំងអង្គរកម្ពុជា ចូល​រួម​ប្រកួតព្រឹត្តិការណ៍ជើងឯកពិភពលោកលើកទី១៦ (IESF – International Esports Federation 16th World Esports Championship 2024) វិញ្ញាសា Mobile Legends: Bang Bang ប្រាក់​រង្វាន់ ក្រុម​ជើង​ឯក​ទទួល​បាន​ ៥​ម៉ឺន​ដុល្លារ ក្រុម​លេខ​២​ទទួល​បាន​ ២.៥​ម៉ឺន​ដុល្លារ និង​ក្រុម​លេខ​៣​ទទួល​បាន​ ១.៥​ម៉ឺន​ដុល្លារ ខណៈ​ក្រុម​ចំណាត់​ថ្នាក់​លេខ​៤​ដល់​លេខ​១៦​ក៏​ទទួល​បាន​ប្រាក់​រង្វាន់​ដែរ៕

Share.