បាត់ដំបង÷ ប្រជានេសាទជាច្រើនគ្រួសារក្នុងតំបន់ព្រៃលិចទឹកបានបន្តប្រគល់ឧបករណ៍ឆក់ត្រីឲ្យដល់សមត្ថកិច្ច និងបានសន្យាបញ្ឍប់នេសាទត្រីល្មើសច្បាប់បន្តទៅទៀតហើយចូលរួមរក្សាការពារមច្ឆជាតិឲ្យសំបូរឡើងវិញ។

នៅចំពោះមុខកម្លាំងកងពលតូចថ្មើរជើងលេខ ៥១ នាថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ កន្លងមកនេះបងប្អូនប្រជានេសាទចំនួន ៣១គ្រួសារដែលរស់នៅតំបន់ព្រៃលិចទឹកព្រំប្រទល់ស្រុកឯកភ្នំ និងស្រុកមោងឬស្សី ក្នុងខេត្តបាត់ដំបង បានស្ម័គ្រចិត្តប្រគល់ឧបករណ៍នេសាទដងឆក់ និងអាគុយឆក់ត្រីសរុបចំនួន ២០គ្រឿងឲ្យដល់សមត្ថកិច្ចកម្លាំងកងពលតូចថ្មើរជើងលេខ ៥១ និងបានសន្យាឈប់ប្រព្រឹត្តបទល្មើសនេសាទបន្តទៅទៀតចាប់ពីពេលចំពោះមុខនេះតទៅ។

បន្ទាប់ពីការប្រគល់នូវឧបករណ៍ឆក់ត្រីខុសច្បាប់យ៉ាងពេញចិត្តរួចប្រជានេសាទទាំងអស់ថែមទាំងបានប្តេជ្ញាចិត្តងាកមកចូលរួមសហការជាមួយសហគមន៍អភិរក្ស អាជ្ញាធរ ក៏ដូចជាកម្លាំងសមត្ថកិច្ចនានាផងដែរដើម្បីទប់ស្កាត់បទល្មើសនេសាទ ផ្សេងៗដែលកើតមានឡើងនៅក្នុងមូលដ្ឋានរស់នៅ។

សកម្មភាពភ្ញាក់រលឹក និងការចូលរួមរបស់ប្រជានេសាទជាបន្តបន្ទាប់ខាងលើបានធ្វើឲ្យមហាជននៅក្នុងបណ្តាញព័ត៌មានស្ញប់ស្ញែង និងសាទរយ៉ាងខ្លាំងដែលបងប្អូនទាំងអស់មានមានសិការអភិរក្ស ស្រឡាញ់នូវធនធានធម្មជាតិឡើងវិញ តទៅមច្ឆជាតិអាចនឹងកើតមានសម្បូរបែបសារជាថ្មី៕

អត្ថបទ: ដំបងក្រញូង

Share.