សិល្បៈជាតិ៖ ផលិតកម្ម LD បានបញ្ចេញវណ្ណកម្មភាពយន្តថ្មីមួយចំណងជើងទៀតដើម្បីអបអរទិវានៃក្ដីស្រឡាញ់ដែលមានចំណងជើងថា ភាពយន្ត «១៤កុម្ភៈ» កំពុងតែអង្រួនដួងចិត្តមហាជនអ្នកគាំទ្រឱ្យចង់ទស្សនាខ្លាំង។ តើភាពយន្ត ជាស្នាដៃអ្នកនិពន្ធរូបណា?


ភាពយន្ត «១៤កុម្ភៈ» និពន្ធអត្ថបទភាពយន្ដដោយ៖ កញ្ញា ពោ ពិសិទ្ធ ដែលគ្រប់គ្នាស្គាល់ថា អ្នកជានិពន្ធវ័យក្មេងដែលមានស្នាដៃនិពន្ធរឿងរន្ធត់ជាច្រើនកន្លងមក។ អ្នកនិពន្ធរូបនេះ បានបញ្ជប់ការសិក្សាផ្នែកអក្សរសាស្ត្រខ្មែរ ដោយមានស្នាដៃបានផ្សាយចេញនូវភាពយន្ត និងរឿងភាគជាច្រើន។
ក្នុងនោះមានស្នាដៃដូចជា ខ្មោចគ្រូកំណើត ជាជំនួយការអ្នកនិពន្ធ រឿង ម៉ែក្មេកខ្ញុំខ្មោច រឿង ប៉ាឆាបូជាព្រាយ គឺជាជំនួយការអ្នកនិពន្ធ និងរឿង អ្នកតាកំបុតក្បាលជាអ្នកនិពន្ធ រឿង លោកតា ២១ រឿង ១៤កុម្ភៈ គឺជាអ្នកនិពន្ធ ។ ស្នាដៃរឿងភាគដូចជា រឿង ហេតុអ្វីជាពួកយើង? សហនិពន្ធ ដែលចាក់ផ្សាយនៅ PNN និងកំពុងសរសេររឿងភាគ និងរឿងកុនផងដែរ។
និយាយពីភាពយន្ត «១៤កុម្ភៈ» វិញ តាមការបង្ហើបសាច់ខ្លះៗពីអ្នកនិពន្ធបានឱ្យដឹងថា ភាពយន្តរន្ធត់លាយលំជាមួយមនោសញ្ចេតនាស្នេហាមួយនេះ និយាយក្មេងស្រីថ្នាក់ទី១១ម្នាក់មានជីវភាពមិនសូវធូរធា តែស្រស់ស្អាត រៀនពូកែ និងមានក្មេងប្រុសស្រឡាញ់ចោមរោម។

នៅថ្ងៃ១៤ កុម្ភៈ មានក្មេងប្រុសពីរនាក់បានយកផ្កាកុលាបឱ្យនាង ម្នាក់ជាសង្សារ និងម្នាក់ទៀតជាអ្នកលួចស្រឡាញ់នាង។ ដោយសារតែផ្កានោះធ្វើឱ្យនាងឈ្លោះប្រកែកជាមួយម្តាយយ៉ាងខ្លាំង ក៏រត់ទៅតាមសង្សារ។ ព្រឹកថ្ងៃបន្ទាប់ក៏ស្រាប់តែមានករណីរំលោភសម្លាប់យ៉ាងសាហាវព្រៃផ្សៃ។ បន្ទាប់ពីរយៈពេល ៧ ថ្ងៃ វិញ្ញាណនាងក៏ចេញលងបន្លាចអ្នកគ្រប់គ្នាដែលជាប់ពាក់ព័ន្ធនឹងករណីរំលោភសម្លាប់ដែលធ្វើឱ្យម្នាក់ៗនៅក្នុងហេតុការណ៍នេះស្ទើរតែឆ្កួត។
អ្នកនិពន្ធវ័យ ២២ រូបនេះបានបញ្ជាក់តម្លៃអប់រំទៅកាន់អ្នកគាំទ្រឱ្យដឹងពីភាពយន្តនេះឆ្លុះបង្ហាញថា កុំតែព្រោះផ្កាមួយទងឈ្លោះគ្នាជាមួយម្តាយ ទុកចិត្តអ្នកដទៃជាងគ្រួសារខ្លួនឯង កំហុសខ្លះអាចកែបាន តែកំហុសខ្លះទេគ្មានពេលសូម្បីតែបកក្រោយ ដូចពាក្យមួយគេនិយាយថាមមាចប្រឡែងភ្លើង។
ចង់ដឹងកាន់តែជាក់ច្បាស់បន្ថែមទៀតថា ភាពយន្ត «១៤កុម្ភៈ» មានសាច់រឿងល្អមើលបង្កប់ដោយភាពវ័យរន្ធត់ខ្លាំងកម្រិតណានោះ សូមកុំភ្លេចទៅទស្សនានៅរោងភាពយន្តដែលត្រៀមចាប់បញ្ជាំងនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ គ្រប់រោងភាពយន្ត៕

