ក្រោយមានការឈ្លានពាន និងបង្កហេតុជាច្រើនដងពីភាគីកងទ័ពថៃមកលើកម្ពុជា ប៉ុន្តែថ្នាក់ដឹកនាំដ៏វ័យឆ្លាតរបស់កម្ពុជា មិនបានតបតដោយកំហឹងទល់កំហល់នោះឡើយ ប៉ុន្តែជារឿយប្រមុខដឹកនាំនាវាកម្ពុជាដ៏ឆ្នើម សម្ដេចធិបតី ហ៊ុន ម៉ាណែត តែងតែឆ្លើយតបដោយភាពចាស់ទុំ និងប្រើយន្តការច្បាប់អន្តរជាតិ ពោលគឺគោរពតាមបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួ ដែលមានប្រធានាធិបតី ដូណាល់ត្រាំ និងលោកនាយករដ្ឋមន្ត្រី អាន់វ៉ា ចូលរួមជាសាក្សី។
ការរក្សាបាននូវភាពថ្លៃថ្នូរ និងចាស់ទុំរបស់កម្ពុជា មិនតបតទៅប្រទេសថៃ បែបកំហឹងទល់កំហឹង ឆ្លើយឆ្លងប៉ាតណាប៉ាតណី តាមយន្តការស្ងាត់តែមិនស្ងៀម ដោយប្រើប្រាស់យុទ្ធសាស្ត្រការទូត ធ្វើឱ្យកម្ពុជាទទួលបាននូវតម្លៃខ្ពស់ពីខ្សែភ្នែកអន្តរជាតិ ថាជាប្រទេសមួយមានសេចក្ដីថ្លៃថ្នូរ និងគោរពច្បាប់អន្តរជាតិយ៉ាងខ្ជាប់ខ្ជួន។

សារព័ត៌មាន Bloomberg បានចេញផ្សាយខ្លឹមសារមួយដែលបានសរសើរត្រង់ៗ មកកាន់ថ្នាក់ដឹកនាំកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយបានរំលេចឡើងពីគុណសម្បត្តិរបស់នាយករដ្ឋមន្ត្រីកម្ពុជាចំនួន២ចំណុចគឺ ១. ត្បិតប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរិះគន់ចំពោះនាយករដ្ឋមន្ត្រីថៃ អនុទិន ដែលកំពុងតែប្រើប្រាស់ការវាយប្រហារមកលើកម្ពុជា ដើម្បីសំឡេងឆ្នោត តែបើពិនិត្យមើលឥរិយាបទរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺនៅតែរក្សាបាននូវភាពស្ងាត់តែមិនស្ងៀម ដោយសកម្មភាពនេះត្រូវបានគេចាត់ទុកថា ថ្នាក់ដឹកនាំមានគោលការណ៍ច្បាស់លាស់ មិនរេរាតាមខ្យល់បក់។
ទី២. បើតាមការលើកឡើងពីសាស្ត្រចារ្យនៃសកលវិទ្យាល័យ Cornell លោក Tom Pepinsky បានពន្យល់ថា នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់មានប្រវត្តិយោធា បានឆ្លងកាត់ការហ្វឹកហាតើនៅសាលាយោធាអាមេរិក West Point និងមានយុទ្ធសាស្ត្រប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារអេធិបតេយ្យភាពជាតិកម្ពុជា។ លោកសាស្ត្រាចារ្យបានបន្ថែមទៀតថា មេដឹកនាំកម្ពុជាវ័យក្មេងរូបនេះ មានភាពជាអ្នកដឹកនាំ មានវិន័យ មានវិជ្ជាជីវៈ និងគំនិតព្យាករណ៍ខ្ពស់ ផ្ទុយពីនាយករដ្ឋមន្ត្រីថៃដែលពឹងលើដង្ហើមយោធាដក គ្មានយុទ្ធសាស្ត្រដឹកនាំប្រទេស គ្មានគំនិតខ្លួនឯង គ្មានមតិប្រតិកម្ម នឹងតបតចំពោះក្រុមយោធានិយម។ នេះហើយគឺជាភាពខុសគ្នាដ៏ធំមួយរវាងមេដឹកនាំប្រទេសកម្ពុជា និងប្រទេសថៃ។

ជារួមមកវិញ អត្ថបទវិភាគរបស់សារព័ត៌មាន Bloomberg មួយនេះ ក៏បានបង្ហាញអំពី ការកើនឡើងនៃជម្លោះរវាងកម្ពុជានិងថៃ គឺត្រូវបានភាគីថៃ ប្រើប្រាស់ជាយុទ្ធសាស្ត្ររកសំឡេងគាំទ្រមុនការបោះឆ្នោត មិនមែនដើម្បីការពារសន្តិសុខជាតិនោះទេ។ សារព័ត៌មាន Bloomberg បានសង្កត់ធ្ងន់ថាមេដឹកនាំកម្ពុជា មានសមត្ថភាព និងផ្តោតលើការរក្សាអធិបតេយ្យភាព បានជួយបង្កើនកិត្តិយសរបស់កម្ពុជានៅលើឆាកអន្តរជាតិ ជាមួយអ្នកវិនិយោគ និងអ្នកនយោបាយលោកខាងលិចដោយស្ងៀមស្ងាត់។ លោក អនុទីន ដែលកំពុងលេងនយោបាយផ្ទៃក្នុងដ៏គ្រោះថ្នាក់ដើម្បីគេចពីជោគវាសនាដូចលោកស្រី ផែថងថាន គឺបានបង្ហាញថាលោកខ្ចីដង្ហើមរបស់យោធាដើម្បីឱ្យខ្លួនបានរស់ ហើយជួយទប់ជ្រែងអំណាចដ៏ទន់ខ្សោយ និងមានសំឡេងតិចនៅក្នុងសភាតែប៉ុណ្ណោះ៕

