នៅក្នុងអត្ថបទរបស់សារព័ត៌មាន Bloomberg ទើបចេញផ្សាយកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ មិនត្រឹមតែបានសរសេរសម្រាប់ផ្សាយទៅកាន់សាធារណជនទូទៅនោះទេ ប៉ុន្តែវាត្រូវបានសរសេរសម្រាប់ជាគំនិតនិងទស្សនៈដល់ អ្នកវិនិយោគ អ្នកជំនាញគោលនយោបាយបរទេស និងអ្នកព្យាករណ៍ពីហានិភ័យផ្សេងៗផងដែរ។ គោលបំណងនៃអត្ថបទនេះបង្ហាញឱ្យឃើញថា ប្រទេសថៃកំពុងលេងល្បែងនយោបាយដែលអាចធ្វើឱ្យប្រធានាធិបតីអាមេរិកខឹងសម្បារ ពីព្រោះលោក ត្រាំ ផ្ទាល់បានគិតថា លោកបានបញ្ចប់សង្គ្រាមរវាងកម្ពុជា និងថៃឱ្យមានសន្តិភាពហើយ។
យ៉ាងណាមិញ សារព័ត៌មាន Bloomberg បានលើកយកចំណុចសំខាន់ ២ មកវិភាគ៖ ទី១. លោក អនុទីន កំពុងប្រើប្រាស់បញ្ហាជម្លោះនេះដើម្បីទាយកប្រជាប្រិយភាពជាតិនិយមមុនការបោះឆ្នោតមកដល់។ ទី ២. លោក អនុទីន បានកំពុងប្រថុយលេងល្បែងយ៉ាងមានគ្រោះថ្នាក់ជាមួយ លោកប្រធានាធិបតី ដូណាល់ ត្រាំ តាមរយៈការសងសឹក ដោយមិនខ្វល់ពីសម្ពាធផ្នែកសេដ្ឋកិច្ច ឬការទូតនោះទេ។
ចំណុចសំខាន់ខាងលើនេះ បានរុញកំដៅបញ្ហាជម្លោះនាបច្ចុប្បន្នដែលបង្កឡើងដោយប្រទេសថៃឱ្យធ្លាក់ទៅក្នុងលក្ខខណ្ឌប្រឈម ៣ ធំៗ ដែលអ្នកវិភាគមើលឃើញដូចជា ការប្រឈមជាមួយការរៀបចំផ្នែកនយោបាយក្នុងស្រុកយ៉ាងអសមត្ថភាព ការប្រឈមជាមួយអានុភាពពីអាមេរិក ការប្រឈមការព្រមានអំពីអស្ថិរភាពទីផ្សារ។ អ្នកវិនិយោគបានប្រាប់សារព័ត៌មាន Bloomberg ថា ឥរិយាបថរបស់ថៃនាពេលនេះមិនមែនជាយុទ្ធសាស្ត្រដោះស្រាយបញ្ហាជម្លោះទេ តែវាជាយុទ្ធសាស្ត្រសម្រាប់ទាញយកសំឡេងឆ្នោត និងប្រជាប្រិយភាពពីប្រជាជនរបស់ខ្លួនទៅវិញទេ។
ប្រភពដដែលនេះបានរំលឹកដល់អ្នកអានអត្ថបទវិភាគមួយនេះថា លោក ត្រាំ គឺត្រូវបានចាត់ទុកថា ជាអាជ្ញាកណ្ដាល ព្រោះថា លោក ត្រាំ ធ្លាប់បានអះអាងថា លោកមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការបញ្ចប់ជម្លោះដែលបានកើតឡើង ដោយលោកបានប្រើការដាក់ទណ្ឌកម្មពាណិជ្ជកម្មជាសម្ពាធដើម្បីបង្ខំឱ្យមានបទឈប់បាញ់អំឡុងខែកក្កដា។ ហើយលោកផ្ទាល់បានអញ្ជើញទៅចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុង កូឡាឡាំពួរ នៅអំឡុងខែ តុលា។
នៅក្នុងន័យនេះ កិច្ចព្រមព្រៀងសន្តិភាពមិនមែនត្រឹមតែចំណែកមួយនៃផ្នែកការទូតទេ ប៉ុន្តែវាជារឿងសំខាន់ខ្លាំងណាស់ដែលបានជួយជំរុញឱ្យលោកប្រធានាធិបតី ត្រាំ ឈានទៅរកពានរង្វាន់សន្តិភាពយ៉ាងពេញលេញ។ ដូច្នោះហើយ ប្រសិនបើថៃនៅតែបង្កើនភាពតានតឹងនៃជម្លោះ នោះច្បាស់ណាស់ជាសញ្ញាប្រថុយប្រថាន និងកាន់តែធ្វើឱ្យលោក ត្រាំ អាម៉ាស់មុខជាទីបំផុត ដោយថៃបានប្រកាសថានឹងសងសឹកលោក ត្រាំ ទៅលើផ្នែកពាណិជ្ជកម្មពន្ធគយ ដែលហាក់ដូចជាទះកំភ្លៀងលោក ត្រាំ រួចបានងាកមកចាប់ដៃជាមួយប្រទេសចិនយ៉ាងស្អិតរមួតក្នុងនាមជាបងប្អូនរួមលោហិតតែមួយ។
ប្រភពដដែលបានរំលឹកដល់អត្ថបទមួយដែលបានលើកឡើង ថា ប្រទេសថៃបានប្រកាសពីការព្យួរកិច្ចព្រមព្រៀងសន្តិភាពដោយឯកតោភាគី បន្ទាប់ពីមានករណីផ្ទុះគ្រាប់មីនបណ្ដាលឱ្យកូនទាហានថៃដាច់ជើងកាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ក្រោយកើតហេតុភ្លាមៗ លោក ត្រាំ ផ្ទាល់បានទូរស័ព្ទទៅមេដឹកនាំនៃប្រទេសទាំងពីរ ហើយជំរុញឱ្យពួកគេត្រឡប់ទៅរកផ្លូវដើមឡើងវិញនៃកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែភាគីថៃនៅតែក្រអើតក្រទម បើទោះបីជាកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំគោរពកិច្ចព្រមព្រៀងសន្តិភាពជានិច្ច។
នៅក្នុងន័យនេះ គឺប្រទេសថៃបានព្យាយាមប្រឆាំងនឹងប្រធានាធិបតីអាមេរិកម្តងជាពីរដងរួចមកហើយ ដោយមិនទុកអាមេរិកនៅក្នុងខ្សែភ្នែកទៀតឡើយ។ ថៃបានពង្រីកដែនជម្លោះ និងបានប្រឌិតឆាកសម្ដែងធ្វើជាតួជនរងគ្រោះដែលមានគ្រោះថ្នាក់ខ្លាំងជាងមុនទាំងគ្រោះមហន្តរាយធម្មជាតិ និងចោទកម្ពុជាឈ្លានពានខ្លួនឥតស្រាកស្រាន្ត។ អ្នកវិភាគបានមើលឃើញពីចំណុចទាំងអស់នេះ ហើយប្រាប់ទៅសារព័ត៌មាន Bloomberg។
អ្នកវិភាគជាន់ខ្ពស់ម្នាក់របស់ Verisk Maplecroft បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនបានគិតថា ទីក្រុងបាងកកប្រហែលជា «មិនអាច ឬមិនចង់» ធ្វើឱ្យជម្លោះមានស្ថេរភាពប្រសើរឡើងវិញ។ ការណ៍នេះអាចធ្វើឱ្យការចរចាពាណិជ្ជកម្មយឺតយ៉ាវ ឬទាមទារឱ្យអាមេរិកងាកមកធានាសន្តិសុខការពារជាតិថៃកាន់តែខ្លាំង។យ៉ាងណាមិញ ទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបលើការទុកចិត្តចំពោះគណៈគ្រប់គ្រងរបស់ប្រទេសថៃឡើយ ពោលគឺទាំងផ្នែកនយោបាយ និងយោធា។ អ្វីដែលសំខាន់បំផុត លក្ខខណ្ឌសម្បទានសេដ្ឋកិច្ចអាចនឹងត្រូវដាក់លក្ខខណ្ឌលើកាតព្វកិច្ចសន្តិសុខ ហើយនេះគឺអាក្រក់ខ្លាំងណាស់សម្រាប់ជំហរចរចារបស់ថៃ។
សារព័ត៌មាន Bloomberg បានលម្អិតអំពីមូលហេតុដែល អនុទីន ជ្រើសយកវិធីសាស្ត្រមួយនេះ ឬហៅវិធីសាស្ត្របង្កសង្គ្រាមជាមួយកម្ពុជា គឺដើម្បីទាញសំឡេងការបោះឆ្នោត ព្រោះជាគណបក្សចម្រុះទន់ខ្សោយ និងអសមត្ថភាព ។ គណបក្សចម្រុះរបស់លោកមានភាពផុយស្រួយ ទាំងដែលការបោះឆ្នោតត្រូវបានរំពឹងទុកធ្វើឡើងនៅខែមីនា។ អនុទីន ផ្ទាល់បានយកបញ្ហាគ្រប់ជ្រុង បង្កើតជាព្រឹត្តិការណ៍ទាញចំណាប់អារម្មណ៍ និងសំឡេងគាំទ្រសន្លឹកឆ្នោតពីមជ្ឍដ្ឋានមហាជន។ មួយវិញទៀត ជម្លោះរយៈពេលចុងក្រោយនេះ អនុទីន បានព្យាយាមបិទការចរចាជាមួយកម្ពុជាបូកផ្សំជាមួយការបង្កើនប្រជាប្រិយភាពទាំងគ្មានទំនួលខុសត្រូវផងដែរ។
សារព័ត៌មាន Bloomberg បានរំលឹកឡើងវិញថា លោកស្រីផែថងថាន ស៊ីនណាវាត់ បានទាក់ទងកម្ពុជាដោយឯកជន ពោលគឺបានប្រើប្រាស់ការចរចារជាមួយថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាបែបស្ងាត់ស្ងៀម ប៉ុន្តែយោធាទទួលបានអារម្មណ៍ថា ពួកគេកំពុងត្រូវបានរដ្ឋាភិបាលស៊ីវិលធ្វើការរំលងពីលើក្បាល។
ការបែកធ្លាយសារសំឡេងចរចាបានរួមចំណែកជំរុញឱ្យលោកស្រី ធ្លាក់ពីកៅអីនាយករដ្ឋមន្ត្រី។ ក្នុងន័យនេះ អនុទីន បានរៀនពីបទពិសោធន៍ជាមេដឹកនាំស៊ីវិលថៃដែលមើលទៅមានអំណាចទន់ជាងយោធារបស់ថៃ។ ដូច្នោះហើយបើសិនចង់រក្សាអំណាចនិងកៅអីឱ្យបានយូរ លោក អនុទីន គឺត្រូវដើរតាមខ្សែបន្ទាត់ដែលបានគូសដោយកងទ័ពទាំងស្រុង ទាំងសេចក្ដីថ្លែងការណ៍ ការបដិសេធការចរចា និងទាត់ចោលយន្តការអន្តរជាតិជាដើម។ ពីព្រោះលោកកំពុងតែការពារតំណែងរបស់លោក ដែលរងការគំរាមកំហែងពី យោធាផ្ទៃក្នុង ដែលមិនមែនគ្រាន់តែជាជម្លោះខាងក្រៅនោះទេ។
អគ្គសេនាធិការកងទ័ពថៃ ឧត្តមសេនីយ៍ ឆៃយ៉ាព្រឺក ដួងប្រាផាន់ បានថ្លែងថា គោលដៅរបស់ថៃ គឺត្រូវបំបាក់សមត្ថភាព និងប្រសិទ្ធភាពខាងយោធារបស់កម្ពុជាក្នុងរយៈពេលយូរ ដើម្បីធានាបានសុខសុវត្ថិភាពរបស់កូនចៅថៃនាជំនាន់ក្រោយ។ ប្រយោគនេះគឺមានភាពសំខាន់បំផុតនៅក្នុងអត្ថបទទាំងមូល។ ព្រោះវាបានសបញ្ជាក់ថាមហិច្ឆតាយោធារបស់ថៃមិនមែនជា ការការពារព្រំដែន នោះទេ។ វាគឺជាការធ្វើឱ្យសមត្ថភាពរបស់យោធាកម្ពុជាចុះខ្សោយរយៈពេលវែង។ ភាសានេះមិនបានបន្ថយភាពតានតឹងនៃជម្លោះនោះទេ ប៉ុន្តែវាជាអាវុធដ៏មុតស្រួចកាត់ផ្ដាច់យុទ្ធសាស្ត្ររបស់កម្ពុជាឱ្យចុះខ្សោយ។
យ៉ាងណាមិញ លោក អនុទីន ព្រមខាតបង់ទំហំពាណិជ្ជកម្មជាមួយអាមេរិក 3.1 ពាន់លានដុល្លារ ដើម្បីធ្វើសង្គ្រាមជាមួយកម្ពុជា ប៉ុន្តែមិនមែនដើម្បីធានាដល់ការពារសន្តិសុខជាតិនោះទេ។ នៅពេលដែលឥស្សរជនធុរកិច្ចគាំទ្រជម្លោះទោះបីជាដឹងថាមានការខាតបង់សេដ្ឋកិច្ចក៏ដោយ នោះវាបង្ហាញថា ប្រព័ន្ធនយោបាយកំពុងផ្លាស់ប្តូរទៅជា ការតម្រឹមជាតិនិយម មិនមែនការគណនាដោយហេតុផលនោះទេ ហើយស្ថានភាពជម្លោះនឹងកាន់តែអូសបន្លាយ។
តាមរយៈអត្ថបទវិភាគស៊ីជម្រៅ និងមើលឃើញច្បាស់ពីចំណុចផ្ដើមនៃបញ្ហា របស់សារព័ត៌មាន Bloomberg ពិតណាស់ ប្រទេសកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជា មិនមែនជាអ្នកផ្ដើម ឬអ្នកបង្កទំនាស់នោះឡើយ ប៉ុន្តែកម្ពុជា ដែលជាប្រទេសជាប់ព្រំដែន និងមានអ្នកជិតខាងមិនល្អទៅវិញទេ គឺជាជនរងគ្រោះ និងរងថ្មបាក់ដោយសារតែមហិច្ឆិតា របស់ភាគី អ្នកដឹកនាំស៊ីវិលថៃដែលស្រលាញ់ និងចង់ក្រាញអំណាច ក៏ដូចជាក្រុមយោធាថៃ ដែលកំពុងតែព្យាយាមបង្កើតព្រឹត្តិការណ៍ ដើម្បីទាញយកការគាំទ្ររបស់ប្រជាជនមកលើកងទ័ពឡើងវិញ ។
ដោយសារតែកន្លងមកប្រជាជនថៃ មិនមានជំនឿលើកងទ័ពនោះឡើយ ព្រោះពួកគេបានឃើញពីការចូលជ្រៀតជ្រែកនិងលូកដៃចូលហួសហេតុរបស់ទ័ពនៅក្នុងកិច្ចការផ្ទៃក្នុងប្រទេស ការប្រើអំណាចខុសច្បាប់រដ្ឋប្រហារលើរដ្ឋាភិបាលស្របច្បាប់ ដែលបានមកពីការបោះឆ្នោតរបស់ប្រជាជន តាមលទ្ធិប្រជាធិបតេយ្យ និងជាពិសេសបំផុតគឺភាពមិនស្អាតស្អំរបស់កងទ័ពថៃ ដែលនិយមបក្សពួក និងប្រើអំណាចគៀបសង្កត់លើប្រជាជនថៃតាមទំនើងចិត្ត៕

